បទយកការណ៍៖ លោក ឡុង សាលវ័ន្ត ក្នុងដំណើរជីវិតតស៊ូពីកីឡាករ មកជាគ្រូបង្វឹក​

AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០

ដោយឆ្លងកាត់ការតស៊ូគ្រប់បែបយ៉ាង រហូតក្លាយជាគ្រូបង្វឹកកីឡា និងមានឈ្មោះបោះសំឡេង​​មក​ដល់​សព្វ​ថ្ងៃនេះ លោក ពិន សំណាង ដែលមហាជនទូទៅស្គាល់ឈ្មោះក្រៅ លោក ឡុង សាលវ័ន្ត ដែល​ជាគ្រូបង្វឹក​ប្រដាល់​គុន​ខ្មែ​ដ៏ល្បីល្បាញមួយរូប បានបើកបេះដូងបង្ហាញពីការតស៊ូក្រាញននៀលគ្រប់រសជាតិនៃ​​ដំណើរ​ជីវិតពិត ចាប់​ពីចូលប្រឡូកក្នុងវិស័យកីឡារហូតដល់បច្ចុប្បន្នរួមទាំងការងារជាសន្តិសុខយាម​ពេលយប់នៅ​ក្រុមហ៊ុនលក់ រថយន្តមួយកន្លែង។ កើតនៅក្នុងត្រកូលកសិករ ដែលមានស្រុកកំណើត នៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង លោក ឡុង សាលវ័ន្ត ក៏ធ្លាប់ធ្វើជាកម្មករសំណង់នៅទឹកដីកំណើត មុនពេល​ដែលលោកបានចូលប្រឡូកវិស័យកីឡា ប្រដាល់គុនខ្មែរ (ពីដើមគេប្រដាល់សេរី) កាលពីឆ្នាំ១៩៩០ នៅពេលលោកមានអាយុ២០ឆ្នាំ។ នៅឆ្នាំ១៩៩២ កីឡាករ ឡុង សាលវ័ន្ត បានឡើងប្រកួតលើសង្វៀន នៅ​ខេត្តបាត់ដំបង ដោយប្រកួតដំបូងជាមួយកីឡាករ​ ខាំ ភូថង ហៅក្តាម និងបន្តការប្រកួតឈ្នះៗ​ប្រមាណ​១០​ប្រកួត ទើបគ្រូឱ្យឡើងប្រកួតអន្តរជាតិជាមួយកីឡាករមកពីប្រទេសថៃ ដោយបន្តយកឈ្នះទៀត។ ជាមួយ​នឹងភាព​លេចធ្លោនៃជ័យជម្នះច្រើនប្រកួតបានបណ្តុះមហិច្ឆតារបស់ខ្លួនចង់ក្លាយជាកីឡាករល្បីមួយរូប ហើយ​នៅចុងឆ្នាំដដែល កីឡាករប្រដាល់រូបនេះបានឡើងមករស់នៅរាជធានីភ្នំពេញ តាមការណែនាំគ្រូបង្វឹករបស់​ខ្លួន និងដើម្បីសម្រេចនូវក្តីប្រាថ្នាក្នុងជីវិត ដែលស្រឡាញ់វិស័យកីឡាប្រដាល់ និងចង់ក្លាយខ្លូនជាអ្នក​​លេង​គុន​ដ៏ល្បីល្បាញ ដើម្បីស្វែងរកប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ ដែលមានការខ្វះខាត ដោយ​លោក​កំព្រាឪពុក តាំងពីឆ្នាំ១៩៧៥មកម្លេះ។

ដោយរៀបរាប់ពីដំណើរជីវិតរបស់លោកកាលពីពេលនោះ គឺមកភ្នំពេញហ្វឹកហាត់ជាមួយក្លឹបប្រដល់​​ក្រសួងមហាផ្ទៃជាមួយលោកគ្រូ មាស សុគ្រី និងលោកគ្រូ ទិត្យ ម៉ៃទី ហើយតែងតែដណ្តើម​បានម្ចាស់​ជ័យ​លាភីពានរង្វាន់ចំណាត់ថ្នាក់លេខ១ លេខ២ ជាញឹកញាប់។​ អ្វីដែលលោកចងចាំមិនភ្លេចនោះគឺការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់លេខ១ជាមួយកីឡាករ អេ ភូថង នាឆ្នាំ១៩៩៧ ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១ ដោយលោក ឡុង សាលវ័ន្ត រងរបួសបាក់ដៃឆ្វេង តាំងតែទឹកទី៣ ហើយតស៊ូបន្តការប្រកួត ដោយ​យកដៃស្តាំលើកយួរវ៉ៃបន្តរហូតដល់ទឹកទី៥ លើកដៃលែងរួច ទើបអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត។ ក្រោយ​ពេលព្យាបាលបាក់ដៃរួច មានក្មេងៗជាច្រើនសុំហ្វឹកហាត់ជាមួយ ទើបលោកសម្រេចបើកក្លឹបខ្លួនឯងតែម្តង។

ជាមួយគ្នានេះ នៅក្នុងពេលហ្វឹកហាត់ ប្រកួតលើសង្វៀន ក៏លោកខិតខំរៀនបណ្តើរក្នុងពេល​ជាមួយ​គ្នានោះដែរ ដោយបន្តការសិក្សានៅវិទ្យាល័យសន្ធរម៉ុក រាជធានីភ្នំពេញ អំឡុងឆ្នាំ១៩៩៧ រហូដល់បញ្ចប់​ការសិក្សាថ្នាក់ទី១២។ នៅក្នុងការរស់នៅរាជធានី​ភ្នំពេញ លោកធ្លាប់បានហ្វឹកហាត់កីឡាជាច្រើនប្រភេទដែរ ដូចជាប្រភេទកីឡាកាយសម្ព័ន្ធ តេក្វាន់ដូជាដើម ប៉ុន្តែប្រភេទកីឡាប្រដាល់គុនខ្មែរ គឺជាចំណង់ចូលចិត្ត​ខ្លាំង​របស់លោក ដែលលោកតែងតែរៀនចំណេះទូទៅបណ្តើរ ឡើងប្រកួតលើសង្វៀនរកលុយដោះ​ស្រាយជីវ​ភាព​បណ្តើរ។ នៅក្នុងឆ្នាំ១៩៩៨ លោកមានប្រពន្ធ ហើយក៏ជាឆ្នាំដែលលោកបានប្រែក្លាយពីកីឡករ មកជា​គ្រូ​បង្វឹកដោយបើកក្លឹបប្រដាល់គុនខ្មែរដោយខ្លួនឯង នៅសង្កាត់ព្រែកលៀប បច្ចុប្បន្នខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយកន្លែងក្លឹបនោះលោកសុំគ្រូរបស់ខ្លួន។ បន្ទាប់មកនៅឆ្នាំ១៩៩៩ ទើបលោកប្តូរទីតាំងក្លឹប​ពីព្រែកលៀប មកហ្វឹកហាត់នៅបុរីកីឡា ហើយនៅឆ្នាំ២០០៣ ក្លឹបនេះប្តូរទីតាំងមកភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខវិញ រហូតដល់បច្ចុប្បន្ន។ ចំពោះទីតាំង «ក្លឹបប្រដាល់សាលវ័ន្តគុនខ្មែរ»នេះជាកម្មសិទ្ធិ​របស់​លោកគ្រូផ្ទាល់ តាមរយៈការសន្សំប្រាក់របស់ខ្លួន ការជួយឧបត្ថម្ភពីមិត្តភក្តិ រួមទាំងការបង់រំលស់ធនាគារផង។

ស្ថិតនៅក្នុងវ័យ៤៨ឆ្នាំ លោកគ្រូ ឡុង សាលវ័ន្ត បានរៀបរាប់ទៀតថា​ «ឆ្លងកាត់២២ឆ្នាំចុងក្រោយនេះ ក្នុងនាមជាប្រធានក្លឹបផង ជាគ្រូបង្វឹកផងធ្លាប់បានឆ្លងកាត់ការតស៊ូយ៉ាងខ្លាំង ទោះបីជាត្រជាក់ក្តី ក្តៅរងារក្តី ក៏ធ្លាប់បានឆ្លងកាត់គ្រប់រសជាតិ ឈឺក៏ឈឺ សប្បាយក៏សប្បាយ ហត់ក៏ហត់ដែរ សម្រាប់ជំនាញកីឡាប្រដាល់​គុនខ្មែរនេះ»។ ជាច្រើនឆ្នាំមកនេះ លោកបានបណ្តុះបណ្តាលកីឡាករចាស់ថ្មីឱ្យចូលរួមប្រកួត និងអភិវឌ្ឍន៍​វិស័យកីឡាប្រដាល់គុនខ្មែរជាបន្តបន្ទាប់ ហើយក្នុងនោះលោកក៏ធ្លាប់ជាមន្ត្រីគណៈកម្មការបច្ចេកទេស​ចូល​រួមផ្តល់ពិន្ទុការប្រកួត និងជាអតីតគ្រូជំនួយក្រុមជម្រើសជាតិ ប្រដាល់គុនខ្មែរ រួមជាមួយគ្រូបង្វឹកធំដឹកនាំ​កីឡាករ​ចេញទៅប្រកួតលក្ខណៈអន្តរជាតិ។ លោកបានលើកឡើងថា សម្រាប់ការទ្រទ្រង់ក្លឹប គឺបានមកពីការ​បង់​ថ្លៃប្រមាណ១០ភាគរយនៃប្រាក់រង្វាន់ ឬតម្លៃខ្លួនប្រកួតរបស់កីឡាករក្នុងក្លឹបរបស់លោក និងមានការជួយ​ឧបត្ថម្ភ​​ជាថវិកាខ្លះៗ ម្តងកាលប៉ុណ្ណោះពីសប្បុរសជន និងថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហើយ​ក្រៅពីនោះគឺលោកធ្វើការក្រៅរកប្រាក់បន្ថែមផងដែរ គឺធ្វើជាសន្តិសុខយាមពេលយប់ពីម៉ោង៦ល្ងាច​ដល់​ម៉ោង៦ព្រឹក ដែលការងារនេះលោកធ្វើបានរយៈពេល៣ឆ្នាំហើយ ដើម្បីរកលុយទ្រទ្រង់ដល់ជីវភាពរបស់​លោក ដែលមានកូនក្នុងបន្ទុកចំនួន៤នាក់ គឺស្រី៣ និងប្រុស១។

«ខ្ញុំបានបណ្តុះបណ្តាលយុវជនជាកីឡាករសម្រាប់ការប្រកួតនានាជាបន្តបន្ទាប់ ហើយអ្នកខ្លះបានក្លាយ​ខ្លួនជាគ្រូបង្វឹក ហើយកីឡាករល្បីល្បាញក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ មានដូចជា ឡុង វិបុល, រៀម កុសល, ឡុង វ៉ាន់ថន, ឡុង វ៉ាន់ថេត, បឿត សំខាន់, បឿត ខាំ ជាដើម។ ក្រៅពីនេះមានដូចជា ឡុង ជ័យសុផល, ម៉ែន ពីងពាង, ម៉ឺន វ៉ា, ឡុង បូឡា, ឡុង ភិន ហើយបច្ចុប្បន្ន កីឡាករល្បីៗមានដូចជា ឡុង សុវណ្ណឌឿន, ឡុង សំណាង, ឡុង បេងលឿន ជាដើម។ ជារួម កីឡាករនៅក្លឹបប្រដាល់សាលវ័ន្តគុនខ្មែរ ក្រោមការបង្វឹកពីលោកផ្ទាល់រាប់ពាន់នាក់ ដែលអ្នកខ្លះហាត់ហើយក៏បោះបង់ អ្នកខ្លះទៀតក៏ប្រកបអាជីពដែរ ហើយប្រសិនបើកីឡាករមានការខិតខំហ្វឹកហាត់ដោយក្តីអំណត់ព្យាយាមនោះ ពេលឡើងប្រកួតជាតិ និង​អន្តរជាតិតាមបណ្តាស្ថានីយទូរទស្សន៍ក៏ទទួលបានប្រាក់កម្រៃច្រើនដែរ ដែលមានការប្រកួត រៀងរាល់​សប្តាហ៍ ឬច្រើនដងក្នុង១ខែៗ។” នេះជាការអះអាងរបស់លោក ឡុង សាលវ័ន្ត។ លោកបញ្ជាក់បន្ថែមថា សម្រាប់​ប្រាក់រង្វាន់លើកទឹកចិត្តនៃការប្រកួតនីមួយៗខ្មែរនិងខ្មែរ ចន្លោះ១៥ម៉ឺនរៀល ទៅ២០ ម៉ឺនរៀល ប្រកួត​គូឯកចន្លោះ៣៥ម៉ឺនរៀលទៅ៤០ម៉ឺនរៀល។ រីឯប្រកួតអន្តរជាតិមានខ្លះឡើងដល់ ១,០០០ដុល្លារអាម៉េរិក អ្នក​ខ្លះ១ប្រកួតទទួលបាន ៣០០ដុល្លារ, ៤០០ដុល្លារ និង៥០០ដុល្លារ សម្រាប់អ្នកដែលខិតខំអភិវឌ្ឍន៍​ខ្លួនបានល្អ។

ជាមួយគ្នានោះដែរ គ្រូបង្វឹកប្រដាល់គុនខ្មែររូបនេះសំណូមពរឱ្យយុវជននានាចូលរួមហ្វឹក​​ហាត់ឱ្យបាន​​ច្រើនកុះករ ដើម្បីសុខភាពផង និងដើម្បីការប្រកួតរកលុយដោះស្រាយជីវភាពផង ក៏ដូចជារួមចំណែកលើក​ស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែម តទៅថ្ងៃអនាគត ជាពិសេសគឺគោលដៅដ៏ធំធេង ដែលប្រទេសកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ​២០២៣​ខាងមុខ។ អតីតគ្រូជំនួយជម្រើសជាតិកម្ពុជា លោក ឡុង សាលវ័ន្ត និងគ្រូធំ លោក អេ ភូថង បានដឹកនាំ​ក្រុម​ជម្រើសជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីខែវិច្ឆិកា-ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ ដណ្តើមបានមេដាយសំរឹទ្ធិ ចំនួន០៥គ្រឿង។

ជាចុងក្រោយលោកក៏បានសំណូមពរដល់មហាជននានា ដែលស្រឡាញ់ប្រភេទកីឡាប្រដាល់គុនខ្មែរ សូមជួយគាំទ្រលើកទឹកចិត្តជ្រោមជ្រែងជាសម្ភារ ឬថវិកាដល់កីឡាករ ឬក្លឹបដែលមានការខ្វះខាតទោះតិចក្តី ច្រើនក្តី ដើម្បីជួយជំរុញលើកកម្ពស់វិស័យប្រដាល់គុនខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ ដោយ៖ ហេង ណាលីន