ទីភ្នាក់ងារ KOICA ប្រគល់សម្ភារសម្រាប់បង្ការមេរោគកូវីដ-១៩ ជូនមន្ទីរពេទ្យថ្នាក់ជាតិចំនួនពីរ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា ​រួមជាមួយ​សមា​គមន៍អតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ ​បាននាំយកសម្ភារ សម្រាប់ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ប្រគល់ជូនមន្ទីរពេទ្យថ្នាក់ជាតិចំនួនពីរ រួមមានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និង​មន្ទីរពេទ្យកុមារជាតិដើម្បីចូលរួមឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះ​ការរាតត្បាតជំងឺ​កូវីដ-១៩។

ពិធីប្រគល់ជូនសម្ភារទាំងនេះ ត្រូវបានប្រារព្ឋឡើងនៅការរិយាល័យទីភ្នាក់ងារ KOICA ប្រចាំ​​ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញ​ចូល​រួមពី លោក នោ ហ្យន់ជូន(Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហ​ប្រតិបត្តិការ​អន្តរ​ជាតិកូរ៉េ ប្រចាំការិយាល័យប្រទេសកម្ពុជា លោក អ៊ឹម សួរ ប្រធានសមាគមន៍​អតីតកម្មសិក្សា​ការីកម្ពុជា-កូរ៉េ(CAMKAA) លោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្រ្តា​ចារ្យ ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ។ នេះបើយោងតាមសេចក្ដី​ប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហ​ប្រតិបត្តិការ​អន្តរ​ជាតិកូរ៉េ (KOICA)។

លោក Rho Hyun-Jun បានបញ្ជាក់ថា គោលបំណងនៃការផ្តល់ជំនួយនេះ​គឺដើម្បីជួយ​សម្រាលបន្ទុកមន្ទីរពេទ្យថ្នាក់ជាតិទាំងពីរខាងលើក្នុងការឆ្លើយតបឱ្យទាន់ពេលវេលានៃការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ដើម្បីធានាសុខសុវត្ថិភាពដល់អ្នកជំងឺក៏ដូចជា​បុគ្គលិកមន្ទីរពេទ្យផងដែរ។

សូមបញ្ជាក់ថា​ សម្ភារដែលបានផ្តល់ជូនដោយទីភ្នាក់ងារ KOICA កម្ពុជារួមមាន៖ ម៉ាស់​ពេទ្យចំនួន១០ម៉ឺន ម៉ាស់អិន៩៥ (N95) ចំនួន៤,៥០០ម៉ាស់ ជែលលាងដៃសម្លាប់មេរោគ​ចំណុះ៥០០មីលីលីត្រ ចំនួន២,០០០ដប និងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនផងដែរ។ ដោយឡែក​សមាគមCAMKAAក៏បានផ្តល់ជូនម៉ាស់ពេទ្យចំនួន២ម៉ឺនម៉ាស់បន្ថែមទៀត៕ ដោយ៖ រិទ្ធី