ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ១ ៣០០ លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍកម្ពុជាពីឆ្នាំ ​២០២១-២០២៣

AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រ​ចាំ​​ការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង​លោ​កស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា​កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន​ដឹកនាំ​កិច្ចប្រជុំបូកសរុបស្តីពីការរៀបចំកម្មវិធី/គម្រោង​អភិវឌ្ឍន៍ និងជំនួយបច្ចេកទេសចាប់ពីឆ្នាំ២​០​២១​ ដល់ឆ្នាំ២០២៣ (Country Operation Business Plan-COBP 2021-2023) ដោយមានការចូ​ល​រួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងមន្រ្តី ADB នៅទីស្នាក់កា​រកណ្តាល តាមរយៈ Video Conference ដើម្បី​ធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់​ស៊ីជ​ម្រៅ​​អំពីស្ថានភាព បញ្ហាប្រឈម និងជម្រើសនៃដំណោះស្រាយជាយុទ្ធសាស្រ្តក្នុង​វិស័យ​អាទិភាព​​សំខាន់ៗ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩, រាជ​រដ្ឋាភិបាលបាន ផ្តល់នូវអាទិភាពខ្ពស់បំផុតលើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  ដើ​ម្បី​​ទប់ស្កាត់ការឆ្លង, ការ ចម្លងនិង ការពារអាយុជីវិតរបស់ប្រជាជន។ ជាក់ស្តែងចំនួននៃការឆ្លងមា​នត្រឹមតែ ១២២ ករណីប៉ុណ្ណោះ​ ដែលភាគច្រើននៃការឆ្លងជំងឺនេះ គឺការនាំចូល ឬមានប្រ​ភ​ព​ខាងក្រៅ និងមួយចំនួនតូចជាការឆ្លងបន្តទៅប្រជាពលរដ្ឋក្នុងស្រុក។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏ផ្តោតការយកចិត្តទុកដាក់លើការជួយអន្តរាគមន៍ ដើម្បីការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជំនួយសង្គម​ ការបន្តអនុវត្តគម្រោងសាច់ប្រា​ក់​​ពលកម្ម និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ និងការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ នៅ​ពេលដែលរោងចក្រព្យួរអាជីវកម្ម។

បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាក់ស្តែងមួយចំនួន ដើម្បីធា​នា​ថា រាល់កម្មវិធី និងគម្រោងអភិវឌ្ឍន៍ទាំងអស់ ដែលកំពុងអនុវត្ត និងបញ្ជីគម្រោងស្នើសុំថ្មីៗ ត្រូវបានអនុវត្តទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយទ្រទ្រង់ និងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេល និងបន្ទាប់ពីវិបត្តិជម្ងីនេះ ត្រូវបានបញ្ចប់។

ឯកឧត្តមក៏បានលើកឡើងផងដែរថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន និងកំពុងរៀបចំនូវសេចក្តីព្រាងផែនការសម្រាប់ជំរុញសេដ្ឋកិច្ច ដោយផ្អែកលើសភាពការណ៍វិវត្តន៍ និងគោលការណ៍សំខាន់ៗចំនួន ០៤ គឺ៖ (១).និន្នាកា សកល បន្ទាប់ពីវិបត្តិជម្ងឺកូវីដ-១៩ (២).ការកំណត់ និងជ្រើសរើសវិស័យដែលអាទិភាព និងមានសក្តានុពលខ្ពស់ (៣).ការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ និងប្រាកដនិយម និង (៤).ការបង្កើនចំណាយថវិកាកាន់តែធំជាងមុន និងកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន តាមរយៈការបង្កើនទំហំនៃការខ្ចី ទាំងពីដៃគូអភិវឌ្ឍន៍នានា និងតាមការបោះសញ្ញាប័ណ្ណក្នុងស្រុក នាពេលខាងមុ​ខ​។ ឯកឧត្តមបានសង្កតធ្ងន់ថា កម្ពុជានៅមានលំហក្នុងការខ្ចីថ្មីបន្ថែម ដោយសារអនុបាតបំណុលគន្លឹះៗទាំងអស់របស់កម្ពុជា មានកម្រិតទាបនៅឡើយ ធៀបនឹងអនុបាតគោល តាមបទដ្ឋានបច្ចេកទេសអន្តរជាតិ។

ឯកឧត្តមមានប្រសាសន៍បន្តថា កម្មវិធី/គម្រោង​អភិវឌ្ឍន៍ និងជំនួយបច្ចេកទេសនេះ គឺមួយផ្នែកជាសមិទ្ធិផលនៃការពិភាក្សា ប្រកបដោយភាពគ្រប់ជ្រុងជ្រោយរួមគ្នារវាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល និង ADB កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ និងមួយផ្នែកទៀត គឺជាការស្នើសុំរបស់រាជរដ្ឋាភិបាលបន្ទាន់ និងការវិវត្តថ្មីៗរបស់កម្ពុជាផ្ទាល់តែម្តង។ ជាក់ស្តែង កម្មវិធីគាំទ្រចំណាយ និងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ (COVID 19 Active Response and Expenditure Support Program) ដែលមានទឹកប្រាក់សរុបចំនួន ២៥០ លានដុល្លារអាមេរិក ត្រូវបានផ្តល់ការអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីពេលថ្មីៗនេះ តាមសំណើបន្ទាន់របស់កម្ពុជាផងដែរ។

បន្ថែមពីនេះ ក្នុងកិច្ចគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច-មធ្យម (SME) នៅកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានស្នើឱ្យ ADB ពិនិត្យមើលការបញ្ចូលនូវសមាសភាពនៃធានាឥណទាន (Guarantee) សម្រាប់ SME ទៅក្នុងគម្រោងជំរុញការអភិវឌ្ឍកសិធុរកិច្ចប្រកបដោយ​ការ​ប្រកួតប្រជែង (Competitive Agribusiness Development Project) ដែលមានទឹកប្រាក់សរុបចំនួន​​ប្រមាណ ១១១ លានដុល្លារអាមេរិក ដែលនឹងជួយដោះស្រាយបញ្ហាប្រឈមជាគន្លឹះរបស់​ SME។

ឯកឧត្តមក៏បានបន្ថែមទៀតថា សម្រាប់ការគាំទ្រដល់កិច្ចអភិវឌ្ឍគម្រោងវិនិយោគសាធារណៈនៅកម្ពុជា ដូចមានចែងក្នុងអនុក្រឹត្យស្តីពីការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ (PIM) រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតមូលនិធិអភិវឌ្ឍន៍គម្រោង (Project Development Facility – PDF) ហើយហិរញ្ញប្បទានសម្រាប់មូលនិធិនេះ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុង កម្មវិធី COBP នេះ ផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២១-២០២៣ នេះ ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ប្រមាណ ១,៣ ប៊ីលានដុល្លារអាម៉េរិក ដែលនឹងចូលរួមយ៉ាងសកម្មក្នុងការធ្វើយ៉ាងណាឱ្យការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ របស់ ADB សម្រេចបានជោគជ័យ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា។ បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២១-២០២៣ របស់ ADB មានទឹកប្រាក់ចំនួនប្រមាណ ១,៥ ប៊ីលានដុល្លារអាម៉េរិក។

ជាថ្មីម្តងទៀត ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍នានានៅកម្ពុជា កាន់តែច្រើនជាងមុន និងទាន់ពេលវេលា តាមសំណើរបស់កម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍកម្ពុជា សំដៅជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅក្នុងបរិការណ៍ជំងឺកូវីដ-១៩ នេះ​។​ គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទាន​សហប្រតិបត្តិការ​​​ដល់​ប្រ​ទេស​កម្ពុជា​ សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍នានា មានទឹកប្រាក់សរុប​ចំនួន​ប្រមាណ ៣ ៤៨៥ លានដុល្លារអាម៉េរិក  ដែលក្នុងនោះ ឥណទានសម្បទានចំនួនប្រមាណ ២ ​៩៨៣  លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥០២ លានដុល្លារអាម៉េរិក ៕ដោយៈ គង់ សិរីរ័ត្ន