បារីអេឡិចត្រូនិក SISHA និង E-Cigarette ជាផលិតផលញៀនថ្មី ដែលកំពុងបង្កហានិភ័យដល់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០–

​SISHA និង E-Cigarette គឺជាបារីអេឡិចត្រូនិក ដែលជាផលិតផលញៀនថ្មីកំពុងបង្ក ហានិភ័យដល់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។

​លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ​​ (CMH Cambodia) បានបញ្ជាក់កាលពីពេលថ្មីៗនេះថា បារីអេឡិចត្រូនិកជាបារីមិនដុត ឬមិនប្រើ ស្លឹកថ្នាំជក់ តែវាប្រើល្បាយសូឡិចស្យុងផលិតចំហាយជាតិពុល ដែលអ្នកប្រើប្រាស់ ស្រូបចូល។

បារីអេឡិចត្រូនិកមានឈ្មោះថា SISHA និងE-Cigaretteនេះ វាបានបង្កហានិភ័យ ដល់អ្នកប្រើប្រាស់ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិកមាន ការរងរបួសសួត ពាក់ព័ន្ធនឹងការប្រើប្រាស់ បារីអេឡិចត្រូនិកប្រមាណ ២៨០០ករណី ក្នុងនោះ អ្នកស្លាប់ជាង ៦០នាក់។

ហានិភ័យផ្សេង ទៀតដែល អាចកើតមាន គឺមហារីកសួត មហារីក ក្រពះ មហារីក ប្លោកនោម មហារីកបំពង់អាហារ ជំងឺផ្លូវដង្ហើម និងជំងឺបេះដូង។ ផលិតផល ញៀនថ្មីមួយ ប្រភេទទៀត គឺជាឧបករណ៍កំដៅ សារធាតុថ្នាំជក់ ដែលស្រដៀងនឹងបារីធម្មតា។ យុវជនត្រូវ បានគេបំភ័នថា ការប្រើប្រាស់បារី អេឡិចត្រូនិក គឺជាមធ្យោបាយផ្តាច់បារីដែល មាន សុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងទទួលស្គាល់ដោយអ្នកវិទ្យា សាស្ត្រមួយ ចំនួន។

​លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា នៅពេលបច្ចុប្បន្ននេះបារីអេឡិចត្រូនិក ត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំ ទូលាយតាមអ៊ីនធឺណិត ហើយជាឧបករណ៍ផ្តាច់បារី ប៉ុន្តែវាពុំដូច្នោះឡើយ។ បារីអេឡិចត្រូនិក គឺជាគ្រឿង ញៀនប្រភេទថ្មី ដែលបាន និងកំពុងពង្វក់អារម្មណ៍យុវជនខ្មែរ ឱ្យឈ្លក់វង្វេង ឈានទៅដល់ ការបោះ​បង់ការសិក្សា ការងារ និងបង្កបញ្ហាសង្គមផ្សេងៗទៀតគួ រឱ្យព្រួយ បារម្ភ។

លោកបន្តថា ដូចចែង ក្នុងសេចក្តីណែនាំស្តីពី វិធានការបង្ការបញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំ ចូលផលិតផល SISHA និងE-Cigarette ជាបារីអេឡិចត្រូនិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការ ជាបន្ទាន់ដោយត្រូវរឹប អូសយកផលិតផលទាំងនោះមករក្សាទុក តាមសេចក្តីណែនាំរបស់អាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដែលបានរឹតបន្តឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារ សុខភាពប្រជាជន ជាពិសេសយុវជនកម្ពុជាឱ្យបានទាន់ពេលវេ​លា ​ស្របតាមប្រធាន បទនៃទិវាពិភពលោកគ្មានថ្នាំជក់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដើម្បីការពារយុវជន ពីឧបាយកលឧស្សាហកម្មថ្នាំជក់ និងបង្ការពួកគេពីការគ្រោះថ្នាក់ដោយការប្រើប្រាស់ថ្នាំជក់ និងនីកូទី៕ ដោយ ប៉ាល់ សុង