អង្គការទេសចរណ៍ពិភពលោក ប្រមូលធាតុចូលពីបណ្ដាប្រទេសជាសមាជិកដើម្បីដាក់ចេញដំណោះស្រាយរួមសម្រាប់វិស័យទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០

អង្គការទេសចរណ៍ពិភពលោក (UNWTO) បើកកិច្ចប្រជុំស្វែងរកដំណោះស្រាយពីផល ប៉ះពាល់វិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធ Video Conference ពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ រួមជាមួយប្រទេសជាសមាជិកជាង១០០ ប្រទេស។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងក្រោយពេលដែល ឯកឧត្តមបានអញ្ជើញចូលរួមប្រជុំជាមួយអង្គការទេសចរណ៍ពិភពលោក កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធ Video Conference ពីទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ ដោយមានការចូលរួមពី ឯកឧត្តម ហ្ស៊ូរ៉ាប់ ផូឡូលិកសាស្វីល្លី (Zurab Pololiksashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក តំណាងអង្គការសុខភាពពិភពលោក អង្គការអន្តរជាតិផ្សេងៗ និងបណ្ដាប្រទេសជាសមាជិកជាង១០០ប្រទេស។

អ្នកជំនាញ និងអង្គការទេសចរណ៍ពិភពលោកបានបង្ហាញអំពី ដំណោះស្រាយមួយ ចំនួនដែលរដ្ឋជាសមាជិកអាចពិចារណា ដើម្បីដោះស្រាយផលប៉ះពាល់លើវិស័យ ទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ និងដំណាក់កាលក្រោយវិបត្តិក្នុងនោះរួមមាន៖ ការអនុវត្តវិធានការសុវត្ថិភាព អនាម័យសុខភាព ស្របតាមវិធានការនានា ណែនាំ ដោយអង្គការសុខភាពពិភពលោកតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបការរៀបចំផែនការបន្ទាប់វិបត្តិ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍កាន់តែខ្លាំងឡើង។

សន្និសីទបានផ្ដោតលើដំណោះស្រាយចំនួន៣គឺដំណោះស្រាយសម្រាប់ប្រជាជន(Healing for People) ពោលគឺធានាឱ្យ បាននូវសុវត្ថិភាពនិងសុខភាពល្អប្រសើរដល់អ្នកទេសចរ ដំណោះស្រាយដើម្បីវិបុលភាព(Healing for Prosperity) ដោយផ្ដោតជាសំខាន់លើការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថលបញ្ញាសិប្បនិម្មិតក្នុងអាជីវកម្មទេសចរណ៍ និងដំណោះស្រាយ សម្រាប់គោលដៅទេសចរណ៍ (Healing for Destination) ពោលធ្វើឱ្យគោលដៅទេសចរណ៍ មានភាពរស់រវើកឡើងវិញ និងកាន់តែរឹងមាំ។ អង្គការទេសចរណ៍ពិភពលោកនឹងរៀបចំជា របាយការណ៍រួមលម្អិត រំលេចអំពីដំណោះស្រាយទាំងនេះសម្រាប់ជាធាតុចូល ដល់ប្រទេស ជាសមាជិកទាំងអស់។

ជាមួយគ្នានោះ ឯកឧត្ដម ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង អាស៊ានបានថ្លែងប្រាប់អ្នកសារព័ត៌មានថា មកដល់ពេលនេះអង្គការទេសចរណ៍ ពិភពលោក មិនទាន់មានដំណោះស្រាយយ៉ាងណានៅឡើយទេ ចំពោះការដោះស្រាយផល ប៉ះពាល់លើ វិស័យទេសចរណ៍ដោយសារវិបត្តិកូវីដ-១៩នេះ ប៉ុន្តែការអនុវត្តនានាក្នុង វិស័យទេសចរណ៍ នៅចំពោះមុខនេះ គឺត្រូវអនុលោមតាមអង្គការសុខភាពពិភពលោក ជាចាំបាច់។

ឯកឧត្ដម ទ្រី ឈីវ បានបន្តថា បន្ទាប់ពីកិច្ចប្រជុំនេះទៅអង្គការទេសចរណ៍ពិភពលោក នឹងប្រមូលធាតុចូលពីបណ្ដាអ្នកប្រាជ្ញអ្នកជំនាញនិងបណ្ដាប្រទេសជាសមាជិកនានាដើម្បីវិភាគរិះរកនូវដំណោះស្រាយរួម ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុតក្នុងការអនុវត្តដំណើរ ការ វិស័យទេសចរណ៍ទូទាំងពិភពលោក។

ឯកឧត្ដមបន្តទៀតថា នៅក្នុងកិច្ចប្រជុំនោះគេបានបង្ហាញធាតុចូលច្រើនដែរទាំងទ្រឹស្ដី និងភាពជាក់ស្ដែងទាំងឧបករណ៍វៃឆ្លាតថ្មីៗសម្រាប់សម្រួលដល់ទេសចរ និងប្រតិបត្តិករ ទេសចរ ការទំនាក់ទំនងការងារពីចម្ងាយតាមប្រព័ន្ធឌីជីថល និងចំណុចល្អៗជាច្រើនទៀត។ ការរិះរកដំណោះស្រាយនេះមិនត្រឹមតែប្រើសម្រាប់អនុវត្តន៍ក្នុងពេលកើតមានជំងឺកូវីដ-១៩នេះទេ អង្គការទេសចរណ៍ពិភពលោកក៏នឹងបង្កើតនូវវិធានការសម្រាប់អនុវត្តនៅពេល វិបត្តិកូវីដ-១៩នេះ ត្រូវបានផុតរលត់ចេញពីផែនដីឬក៏អាចយកមកអនុវត្តន៍សម្រាប់វិបត្តិនា ពេលក្រោយទៀតផងដែរ។

ឯកឧត្ដម ទ្រី ឈីវ បានបញ្ជាក់ថាសម្រាប់កម្ពុជាទោះបីជាកំពុងរង់ចាំអនុវត្តន៍ តាមដំណោះស្រាយរបស់អង្គការសុខភាពពិភពលោកក៏ពិតមែន ប៉ុន្តែកម្ពុជាក៏ បាននិងកំពុងអនុវត្តន៍នូវវិធានការក្នុងប្រទេសជាបន្តបន្ទាប់មកហើយដែរ ខណៈមិនមាន ករណីឆ្លងថ្មីទៀតឡើយ ហើយអ្នកដែលឆ្លងកន្លងមកក៏ទទួលបានការព្យាបាលជាសះស្បើយ ជិតអស់ហើយដែរពោលនៅសល់តែពីរនាក់ទៀតប៉ុណ្ណោះ៕ដោយ ម៉ៅ ចរិយា