អភិបាលរងខេត្ដ៖ រោងចក្រផលិតស៊ីម៉ងត៍ចំនួន៤ នៅខេត្ដកំពត​អាចផលិតបាន​ប្រមាណជាង៦០​លានតោន​ក្នុងមួយឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០

អភិបាលរងខេត្ដកំពត បានអះអាងថា រោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៤ក្នុងខេត្តកំពត​អាច​ផលិតស៊ីម៉ងត៍បានប្រមាណជាង៦០លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។​

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ​នៅទីស្តីការគណៈ​រដ្ឋ​មន្ត្រី លោក ភូ លិ អភិបាលរងនៃគណៈអភិបាលខេត្តកំពតបានបញ្ជាក់ថា “ខេត្តកំពតពិត​ជាមានឱកាសដ៏ល្អប្រពៃ ពិសេសនោះ ស្ថិរភាពន​យោបាយ ដោយបានទទួលបានសមទ្ធិផល​ធំៗលើការអភិវឌ្ឍគ្រប់វិស័យ ហើយសមទ្ធិផលធំៗដូចជារោងចក្រ ផលិតស៊ីម៉ងត៍ចំនួន៤​បាន​កំពុងដំណើរការដោយបានផលិតស៊ីម៉ង់ត៍បានក្នុងមួយឆ្នាំប្រមាណជាង៦០លានតោន វារី​អគ្គិ​សនីកំចាយ មានអនុភាពដំឡើងដោយអនុភាព១៩៤​ មេហ្គាវ៉ាត់ អាចផលិតអគ្គិសនីក្នុ​ងមួយ​ឆ្នាំបានជាង៤ពាន់លានគីឡូវ៉ាត់ម៉ោង”។

លោកបានបន្ដថា ខេត្តកំពតមានកំពង់ផែសមុទ្រ​ចំនួន​៤កន្លែង មានកំពង់ផែ ទេសចរណ៍១កន្លែងកំពុងសាងសង់បានប្រមាណជាង៤០ភាគ ដែល​គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០នេះ។ ទន្ទឹមនឹងនេះ រមណីយដ្ឋានឋាន​សួគ៌បូកគោក៏បានទាក់ទាញភ្ញៀវទេសចរ សណ្ឋាគារ អារហារដ្ឋាន…​សុទ្ធតែបានជួយ​លើក​កម្ពស់ជីវភាពរបស់ប្រជាជនខេត្តកំពតផងដែរ។ លោកអភិបាលរងបានឱ្យដឹងថា ​ប្រជាពល​រដ្ឋ​រស់នៅខេត្តកំពតបានប្រកបរបរកស៊ីចឹញ្ចឹមជីវិតដែលសំខាន់នោះរួមមានកសិកម្ម នេសាទ វារីវប្ប​កម្មសមុទ្រ ផលិតកម្ម និងកសិកម្មជាដើម។

លោកបានបន្ថែមថា វិស័យសក្តានុពលរបស់ខេត្តកំពត រួមមាន អំបិល រោងចក្រ​ស៊ីម៉ង់ត៍ វារីអគ្គិសនី កសិកម្ម នេសាទសមុទ្រ និងទេសចរណ៍។ លោកអភិបាលរងក៏បាន​បន្ថែម​ទៀតថា ខេត្តកំពតគឺជាខេត្តមួយកំសត់កាលពីដើម ប៉ុន្តែមកដល់ពេលនេះ​បានក្លាយ​ជា​ខេត្តមួយល្បី ហើយស្រស់ប្រិមប្រិយ៍ និងជាខេត្តមួយគួរឱ្យចង់រស់នៅផងដែរ៕ដោយ ប៊ុនរិទ្ធ