អាជ្ញាធរ​​​​ខេត្តបន្ទាយមានជ័យ ​ស្ថាបនាផ្លូវក្រាលកៅស៊ូ និងបេតុង​ជូនប្រជាពលរដ្ឋក្នុង​ស្រុកមង្គលបូរី

AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០

អាជ្ញាធរខេត្តបន្ទាយមានជ័យ បាន និងកំពុងប្រឹងប្រែងធ្វើការស្ថាបនាផ្លូវថ្នល់ដែលបាន​រងការខូចខាតនៅក្នុងមូលដ្ឋានមួយចំនួនក្នុងស្រុកមង្គលបូរី ដោយក្រាលកៅស៊ូ និងចាក់ បេតុងឱ្យមានភាពល្អប្រសើរឡើងវិញ ដើម្បីឆ្លើយតបទៅនឹងសំណូមពរសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋក្នុងការធ្វើ​ចរាចរណ៍ទៅមក​ស្របទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិនោះ។

​ មានប្រសាសន៍នៅក្នុងឱកាសបើកការដ្ឋានជួសជុលស្ថាបនាឡើងវិញ នូវផ្លូវក្រាល កៅស៊ូ ​និងបេតុង៣ខ្សែ ប្រវែងជាង៦០០០ម៉ែត្រ នៅក្នុងមូលដ្ឋានស្រុកមង្គលបូរី កាលពីព្រឹក ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ជានិច្ចកាល រាជរដ្ឋាភិ បាលកម្ពុជាយើងដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ  ​ហ៊ុន សែន ជា​នាយរដ្ឋមន្ត្រី ​តែង​ផ្ដោត​សំខាន់បន្តការយកចិត្តទុកដាក់​លើការអភិវឌ្ឍ​វិស័យ​ផ្លូវថ្នល់​ក្នុង​នោះ​មិន​ថា ​ផ្លូវជាតិ ​​ផ្លូវលំ​គ្រប់​ទីកន្លែង​​នោះ​ទេ​ ត្រូវ​បាន​ស្ថាបនា​ពីតំបន់ដែល​គ្មាន​ផ្លូវ​ ទៅជាមាន​ផ្លូវ​ដី ក្រាល​ក្រួស​ក្រហម​ ​ប្រែក្លាយទៅជាផ្លូវបេតុងកៅស៊ូផ្សារភ្ជាប់ពីទីជនបទមក ទីប្រជុំជនខេត្ត ស្រុក ក្រុង ដែលឆ្លើយ តបទៅនឹងអនុសាសន៍សម្តេចតេជោ មានផ្លូវមាន ក្តីសង្ឃឹម ហើយស្របទៅនឹងភាព រីកចម្រើននៃប្រទេសជាតិនាពេលបច្ចុប្បន្ននេះផង។

ជាមួយនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានក្រើនរម្លឹកប្រជាពលរដ្ឋដែលមានលទ្ធភាព មានធនធានមេត្តាចូលរួមជាមួយអាជ្ញាធរក្នុងការជួសជុលផ្លូវណាដែលរងការខូចខាតខ្លាំងឱ្យបានល្អឡើងវិញ ទោះបីការស្ថាបនានោះជាផ្លូវក្រាលក្រួសក្រហមផ្លូវបេតុងឬកៅស៊ូក្តី។​ឯកឧត្តមក៏បាន​សំណូមពរផងដែរដល់បងប្អូនប្រជាពលរដ្ឋដែររស់នៅតាមដងផ្លូវដែលកំពុងតែ ស្ថាបនានេះ មេត្តាចូលរួមសហការជាមួយក្រុមការងារ ដើម្បីជំរុញល្បឿនការជួសជុល ផ្លូវទាំងអស់នេះឱ្យបាន​លឿន។

សូមបញ្ជាក់ថា ផ្លូវចាក់កៅស៊ូ និងបេតុងចំនួន០៣ខ្សែក្នុងស្រុកមង្គលបូរីនេះដែល​កំពុងស្ថាបនានេះជាគម្រោងថវិការបស់​រដ្ឋបាលខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០២០នេះ។

​ផ្លូវ​នេះរួមមាន ផ្លូវតភ្ជាប់ពីក្បាលស្ពានវត្តនិវេសន៍ ដល់ផ្លូវរថភ្លើង ប្រវែង១៦៣៥ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ក្នុងភូមិនាងកេត​។ ផ្លូវ​ចេញ ពីខាងកើតមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី ដល់វត្តអញ្ចាញប្រវែង ២៤៤០ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិសំរោង ស្ថិតក្នុងឃុំឬស្សីក្រោក ​និងផ្លូវបេតុងឃុំឬស្សីក្រោក ដល់សាលាបឋមសិក្សាព្រះស្រែ ឃុំតាឡំ ប្រវែង ២០០០ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ៕ ដោយ៖ ឈុនសារ៉ា