ក្រសួងបរិស្ថាន គ្រោងសាងសង់ស្នាក់ការសំខាន់ៗមួយចំនួននៅជុំវិញដែនជម្រកសត្វព្រៃ “ព្រៃឡង់”

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងជុំវិញព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងព្រះវិហារ ក្នុងគោលដៅស្វែងរកទីតាំងសមស្របសម្រាប់សាងសង់ស្នាក់ការរួមមួយ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា នៅក្នុងឱកាសចុះពិនិត្យដើម្បីរកទីតាំងនោះ ឯកឧត្តម សៅ សុភាព បានបញ្ជាក់ថា ស្នាក់ការនេះក៏នឹងប្រើប្រាស់ជាកន្លែងប្រមូលផ្តុំនូវធនធានបច្ចេកទេស ការអនុវត្តច្បាប់ ការគ្រប់គ្រងកម្លាំងការពារ ល្បាត ប្រចាំការ និងអន្តរាគមន៍លើបទល្មើសធនធានធម្មជាតិ ដែលអាចកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិនេះ ហើយដែលផ្តល់លទ្ធភាពឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងដៃគូសហការផ្សេងទៀតផងដែរ។

ប្រភពខាងលើដដែលបានបញ្ជាក់ថា ដែនជម្រកសត្វព្រៃ « ព្រៃឡង់ » ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីសរុបជាង ៤៣១.៦៨៣ហិកតា ៕ ដោយ ពេជ្រ ណារិទ្ធ