វគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើសវនកម្មសាកល្បងលើបច្ចេកវិទ្យាព័ត៌មាន (Pilot IT Audit)” ត្រូវបានធ្វើឡើង​តាមរយៈវីដេអូពីចម្ងាយ (Video conference)

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ​២០២០–

កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីអំពីការរៀបចំធ្វើសវនកម្មសាកល្បងលើបច្ចេកវិទ្យាព័ត៌មាន (Pilot IT Audit) ជូនដល់សវនករក្នុងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបង្រៀនដោយគ្រូឧទ្ទេសមកពីក្រុមការងារ IT Audit របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈវីដេអូពីចម្ងាយ(Video conference) ដោយមានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងផងដែរ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ​ដោយ​ផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពរបស់មន្រ្តីសវនករផ្ទៃក្នុង ក្នុងការចុះធ្វើសវនកម្មលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់នៅតាមនាយកដ្ឋាន និងអង្គភាពជំនាញនានាក្រោមឱវាទក្រសួង។

ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាមរយៈវីដេអូពីចម្ងាយ (Video conference)ដើម្បីអនុវត្តន៍តាមការណែនាំរក្សាគម្លាត និងការប្រមូលផ្តុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែ​ឧសភា ឆ្នាំ​២០២០នេះ​ ដោយរំពឹងថា មន្ត្រីសវនករក្នុងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើន សម្រាប់យកទៅអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕ ដោយ៖ ទេស ច័ន្ទសុធារី