ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាអះអាងថា​ ទំហំសហហិរញ្ញប្ប ទានរបស់ធនាគារ សហគ្រាសធុនតូច និងមធ្យម កើនឡើងដល់១៥០លានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

​លោកឧកញ៉ា តែ តាំងប៉​ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា​ ទំហំសហហិរញ្ញប្បទានរបស់ធនាគារ សហគ្រាសធុនតូច និងមធ្យម (SMEs Bank) កើនឡើងដល់១៥០លានដុល្លារអាម៉េរិក ដែលត្រៀមសម្រាប់ជួយដល់វិស័យ មួយនេះនៅក្នុងប្រទេសកម្ពុជា។

​លោកឧកញ៉ា តែ តាំងប៉​ បានអះអាងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ ធនាគារសហគ្រាសធុនតូច និងមធ្យម» នៅព្រឹកថ្ងៃទី០៧​ ខែឧសភានេះ​ នាទីស្តីការ គណៈរដ្ឋមន្ត្រី។

​លោកឧកញ៉ា តែ តាំងប៉​ បានបន្តថា​ ពីដំបូងធនាគារ SMEs មានទុនដំបូង ចំនួន១០០លានដុល្លារប៉ុណ្ណោះ ប៉ុន្ដែក្រោយមកធនាគារឯកជនចំនួន៣៣ បានសហការជា មួយធនាគារ SMEs ដែលកើនទុនរហូតដល់១៥០លានដុល្លារអាម៉េរិក។

​សូមរម្លឹកជូនថា​ រដ្ឋាភិបាលបានបង្កើតឱ្យមានជាធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រាប់ផ្តល់ប្រាក់កម្ចី ដល់ម្ចាស់សហគ្រាសធនតូច និងមធ្យម ដែលមានអត្រាការទាប ផ្តល់ជូនដល់អ្នកវិនិយោគលើវិស័យមួយនេះត្រឹមតែ៧ភាគរយក្នុង១ឆ្នាំ។

សម្រាប់លោកឧក ញ៉ា តែ តាំងប៉ ចំពោះឥណទាននេះ ផ្ដល់ឱកាសឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យមទទួល ឥណទានដែលទុនបង្វិល២០ម៉ឺនដុល្លារ។ ដោយឡែកចំពោះ ការវិនិយោគទៅលើគ្រឿង ម៉ាស៊ីន បានរហូតដល់៣០ម៉ឺនដុល្លារក្នុងមួយក្រុមហ៊ុន៕ដោយ៖ ចាន់ សុធីវង្ស