ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី​១១ អាណត្តិទី៣

AKP កំពង់ធំ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

​នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។

​ឯកឧត្តម ឈុន ឈន់ បានលើកឡើងពីការចូលរួមរបស់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភក្នុងការទប់ស្កាត់ការរីក រាលដាលនៃមេរោគ covid-19 សម្រាប់ខេត្តកំពង់ធំយើងនេះ។

​ក្នុងកិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈមមួយចំនួនដើម្បីដោះស្រាយ ក្នុងនោះ មានដូចជា៖ ការងារអប់រំការសិក្សាមានការខ្វះខាតដូចជាសាលារៀនជាច្រើន បញ្ហាអគ្គិសនី ភ្លើងដាច់ជាញឹកញាប់ ការប្រើប្រាស់ទឹកស្អាតដែលពុំទាន់មានគុណភាពល្អ។ រីឯ ភូមិឃុំ មានសុវត្ថិភាព និងអំពើហិង្សាក្នុងគ្រួសារ សុំឱ្យសមត្ថកិច្ចរួមគ្នាដោះស្រាយនូវបញ្ហាទាំងនេះ។ ជាមួយគ្នានោះ ឯកឧត្តម សុខ លូ លើកឡើងថា បញ្ហាខ្វះសាលារៀន គឺជាក្ដីកង្វល់របស់ យើងទាំងអស់គ្នា។

​សូមបញ្ជាក់ថា របៀបវារៈដែលបានលើកយកមកអនុម័តនាឱកាសនោះរួមមាន៖ ១-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមេសាឆ្នាំ២០២០របស់រដ្ឋបាលខេត្តកំពង់ធំ។ ទី៣-ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំត្រីមាសទី១ របស់រដ្ឋបាលខេត្ត។ ៤-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ស្ដីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៣ ឆ្នាំ២០១៩។ ៥- បញ្ហាផ្សេងៗ៕ ដោយ៖ស៊ុម វណ្ណា