ក្រសួងផែនការ បើកវគ្គបណ្តុះបណ្តល ស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តក្រចេះ

 

AKP ក្រចេះ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០
​ក្រសួងផែនការ បានបើកវគ្គបណ្តុះបណ្តលស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តក្រចេះកាលពី ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។

​វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី០៧ ដល់ថ្ងៃទីទី០៨ ខែឧសភា ក្រោមអធីបតីភាពឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គ នាយកនៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ លោក ប៉ែន លីណាត អភិបាលរងនៃគណៈ អភិបាលខេត្តក្រចេះ និងមានការចូលរួមជាសិក្ខាកាមជាមន្ត្រីរាជការនៃមន្ទីរផែនការមកពីខេត្ត ចំនួន៧ គឺ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។

​លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ ក្នុងអំឡុងពេលផ្ទុះនូវជំងឺកូវីដ-១៩ ចំនួនពលករដែលវិលចូលក្នុងខេត្ត ក្រចេះ មានចំនួន៩០០នាក់ ក្នុងនោះចំនួន៤០០នាក់ ជាពលករមកពីប្រទេសថៃ ដែលបាន ធ្វើចត្តាឡីស័កនៅផ្ទះនិងតាមមណ្ឌលចត្តាឡីស័កទាំង៤ មណ្ឌលក្នុងខេត្ត ប៉ុន្តែខេត្តក្រចេះមិន មានអ្នកកើតជំងឺកូវីដ-១៩ឡើយ។

​ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកនៃអគ្គ នាយកដ្ឋានផែនការ ក្រសួងផែនការបានឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២០ រហូតមក ដល់ពេល នេះប្រទេសស្ទើរតែទាំងអស់ទូទាំងពិភពលោករួមទាំងកម្ពុជាយើងផងដែរ បានទទួលរង ផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុង ពិនិត្យផ្តល់អន្តរាគមន៍បន្ទាន់ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ ដោយ ប្រើប្រាស់ទិន្ន ន័យគ្រួសារក្រីក្ររបស់ក្រសួងផែនការ ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារ ងាយរងគ្រោះ។

ឯកឧត្ដមបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់ បន្ថយផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចជួយ ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌រួចហើយ ចំណែកគ្រួសារក្រីក្រ ខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរង ផលប៉ះពាល់ បាត់បង់ចំណូលដោយជំងឺកូវីដ-១៩។

ឯកឧត្ដម ថេង បញ្ញាធន បញ្ជាក់ទៀតថា ក្រសួងផែនការត្រូវការមន្រ្តីដែលមាន សមត្ថភាព និងលះបង់ពេលវេលាសម្រាប់ធ្វើជាគ្រូបង្គោលដោយការទទួលខុសត្រូវនៅតាម ស្រុក ក្រុង ឃុំ សង្កាត់ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅ ពេលអនុវត្តន៍ការងារ ដើម្បីឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ការគាំពារដល់ការ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត៕ ដោយ៖ ជួន សុជាតិ