អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ប្រគល់ម៉ាស់ចំនួន ៥០,០០០ម៉ាស់ ជូនក្រសួងធម្មការ និងសាសនា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

ឯកឧត្តម ចាង យុនហ្វេង ទីប្រឹក្សាក្រសួង និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន តំណាងព្រះតេជគុណ Yin Shun ប្រធានសមាគមព្រះពុទ្ធសាសនា ខេត្តហាយណាន នៃ​សាធារណរដ្ឋប្រជាមានិតចិនបានប្រគល់នូវម៉ាស់ចំនួន ៥០,០០០ម៉ាស់ ជូនដល់​ក្រសួង​ធម្មការ និងសាសនា ដើម្បីប្រើប្រាស់សម្រាប់បង្ការ និងទប់ជំងឺកូវីដ-១៩។ ពិធីប្រគល់នេះ គឺបានធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ នេះបើ​យោង​តាមក្រសួងធម្មការ និងសាសនា។

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេនចំពោះរដ្ឋាភិបាលចិន និងព្រះតេជគុណ Yin Shun ប្រធានសមាគមព្រះពុទ្ធសាសនា ខេត្តហាយណាន និងឯកឧត្តម ចាង ឃុនហ្វេង ដែល​បានឧបត្ថម្ភជាម៉ាស់ក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ នៅកម្ពុជាសម្រាប់​ប្រគេន​តាមវត្តអារាម និងចែកជូនដល់មន្ត្រីរាជការបម្រើការងារនៅក្រសួងធម្មការ និងសាសនា ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស​មិន​ត្រូវ​ភ្លេច​ខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតទាប​យ៉ាង​ណាក្ដី ក្រោម​ការ​អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ ព្រមទាំងវិធានការជាច្រើនរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ស្របពេលដែលកម្ពុជាមក​ដល់​នឹង​ថ្ងៃនេះអ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន១២០នាក់ និង​ពុំមានអ្នកស្លាប់នោះទេ៕ ដោយ ឡុង ស៊ីវ៉ាន់