ប្រធានក្រុមការងារចុះជួយសង្កាត់កោះដាច់ នាំយកអំណោយជូនប្រជាពលរដ្ឋខ្វះខាត​ស្បៀង​​ដោយ​ឥទ្ធិពលជំងឺ​កូវីដ-១៩ ចំនួន៦០គ្រួសារ មកពី៥ភូមិ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

ឯកឧត្ដម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ​សភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ បាននាំ​យក​អំណោយ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀង ដោយឥទ្ធិពលជំងឺកូវីដ-១៩ចំនួន៦០គ្រួសារ មកពី៥ភូមិ រស់នៅក្នុងសង្កាត់កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដើម្បីជួយសម្រួលការខ្វះខាតជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋទាំង៦០គ្រួសារ កាលពីរសៀល​ថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋាន និង​ក្រុមការងាររាជរដ្ឋាភិបាល រួមជាមួយក្រុមការងារគណបក្សចុះជួយសង្កាត់កោះដាច់ បាន​តាមដានជាប់ជាប្រចាំចំពោះរាល់ជីវភាពរស់នៅរបស់បងប្អូន និងធ្វើជំរឿនតាមខ្នងផ្ទះ ស្វែង​រកអ្នកខ្វះខាតដោយទទួលឥទ្ធិពលពីកូវីដ-១៩ ដូចជាអ្នកបាត់បង់ការងារ​នៅតាម​វិស័យ​​ឯកជន ហើយខ្វះខាតជីវភាពពិតប្រាកដ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។ ឯកឧត្ដមបានបន្ដថា ជាក់ស្តែងដូចបងប្អូនដែលនៅនេះស្រាប់ គឺរដ្ឋបាលសង្កាត់​កោះដាច់ ក្រុមការងាររាជរដ្ឋាភិបាល ព្រះសង្ឃ ពលរដ្ឋដែលមានជីវភាពធូរធា និង​ក្រុម​ហ៊ុនមួយចំនួនបានចូលរួមជាថវិកាសម្ភារ ដើម្បីចែករំលែកដល់ការខ្វះខាតរបស់​បងប្អូន ។

បើតាមរបាយការណ៍របស់លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បានឱ្យដឹងថា បច្ចុប្បន្ននេះ ដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការយល់ដឹងពីផល​ប៉ះពាល់នៃជំងឺ កូវីដ​-១៩ រួមផ្សំនឹងការចុះផ្សព្វផ្សាយជាប់ជាប្រចាំស្តីពីសេចក្តីជូន ដំណឹងរបស់ក្រសួង​សុខភិបាលបានធ្វើឱ្យបញ្ជៀសបាននូវការរឆ្លង ឬកើតកូវីដ-១៩បានទាំងស្រុង។ លោក​បាន​បន្ដថា ក្រុមការងារ និងរដ្ឋបាលសង្កាត់ បានផ្តល់ជូនប្រជាពល រដ្ឋខ្វះខាតដោយ​​ឥទ្ធិពល​កូវី-១៩ មានចំនួន១៤០គ្រួសារ ក្នុងចំនួនប្រាំភូមិទូទាំងសង្កាត់។ ជាមួយគ្នានេះ ក្រុមការងារ និងរដ្ឋបាលសង្កាត់នៅតែបន្តចែកទៀតរហូតដល់ជំងឺផ្លូវដង្ហើមកូវីដ-១៩ ចេញផុតពីកម្ពុជា ក៏ដូចជាសកលលោក។ លោកចៅសង្កាត់បានបន្ថែមថា ប្រសិនបើ​បងប្អូនណាមាន​ការខ្វះ​ខាតស្បៀងក្នុងអំឡុងពេលជំងឺកូវីដ-១៩ នេះសូមអញ្ចើញមករករដ្ឋ​បាលសង្កាត់ជាបន្ទាន់ ដើម្បីដោះស្រាយជូនដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា អំណោយដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតស្បៀង ដោយឥទ្ធិពលជំងឺកូវីដ-១៩ គឺក្នុងម្នាក់ៗ ទទួល​បានអង្ករ១០គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកា២ម៉ឺនរៀល៕ ដោយ សួស សំរិត