គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ឧបត្ថម្ភគ្រឿងឧបភោគ និងបរិភោគ ជូនដល់អតិថិជនចំនួន៧៩០គ្រួសារ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានចូលរួមឧបត្ថម្ភជាកញ្ចប់គ្រឿង ឧបភោគ និងបរិភោគ ជូនដល់អតិថិជនទីទ័លក្រចំនួន៧៩០គ្រួសារ នៅក្នុងអំឡុងពេលដែល គ្រប់គ្នាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គ្រឿងឧបភោគ និងបរិភោគដែលគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ផ្តល់ឱ្យអតិថិជនក្រីក្រទាំងនោះរួមមាន អង្ករ ត្រីខ មីកញ្ចប់ និងសាប៊ូ ដែលសរុបជាទឹកប្រាក់ប្រមាណ ២៣.០០០ដុល្លារអាម៉េរិក។

តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានឱ្យដឹងកាលពីពេលថ្មីៗកន្លងទៅ នេះថា ការចែកកញ្ចប់គ្រឿងឧបភោគ និងបរិភោគ ដល់គ្រួសារដែលខ្វះខាតនេះ អិលអូអិល ស៊ី នឹងរៀបចំធ្វើនៅគ្រប់សាខារបស់ខ្លួននៅទូទាំងប្រទេស ដល់ប្រជាជនដែលជាអតិថិជន ទីទ័លក្រចំនួន៧៩០គ្រួសារនឹងទទួលបានការឧបត្ថម្ភនេះ។ បុគ្គលិក អិលអូអិលស៊ី នៅតាម សាខានឹងដឹកជញ្ជូនកញ្ចប់គ្រឿងឧបភោគ និងបរិភោគដែលបានរៀបចំរួចរាល់ទៅប្រគល់ជូន គ្រួសារក្រីក្រទាំងនោះដល់ផ្ទះតែម្តង។ កាយវិការសប្បុរសធម៌នេះ បង្ហាញពីការយក ចិត្តទុក ដាក់របស់ អិលអូអិលស៊ី ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលប្រទេស កម្ពុជាក៏ដូចជាសកលលោកទាំងមូលកំពុងមានការប្រុងប្រយ័ត្ន និងមានវិធាន ការប្រឆាំង នឹងជំងឺឆ្លងមួយនេះ។ សកម្មភាពនេះ ជាផ្នែកមួយនៃការចូលរួមចំណែកជួយ សម្រាល បន្ទុករបស់ប្រជាជនក្រីក្រ ដែលកំពុងតែប្រឈមនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ ហើយនេះ គឺជាសកម្មភាពសង្គមដែល អិលអូអិលស៊ី តែងតែធ្វើកន្លងមក ស្របទៅតាមទស្សន វិស័យសង្គមរបស់ខ្លួន។

ជាមួយគ្នានេះផងដែរ អិលអូអិលស៊ី តែងតែអប់រំផ្សព្វផ្សាយជាប្រចាំដល់បុគ្គលិក ក៏ដូចជាអតិថិជនទាំងអស់ឱ្យអនុវត្តន៍វិធីបង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩ ស្របទៅតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ ប្រយុទ្ធប្រឆាំងនឹងជំងឺរាត្បាតមួយនេះ។       ជំងឺកូវីដ១៩ គឺជាជំងឺឆ្លងដ៏កាចសាហាវ ដែល អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សច្រើននាក់ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ន ហើយជំងឺនេះអាចបណ្តាលឱ្យអ្នកកើតមានគ្រោះថ្នាក់ដល់ជីវិត រីឯគ្រួសារអាចប្រឈមទៅនឹង ការលំបាកផ្នែកសេដ្ឋកិច្ចទៀតផង។ អិលអូអិលស៊ី ជឿជាក់ថា សកម្មភាពសប្បុរសធម៌ របស់ខ្លួននេះ នឹងបានរួមចំណែកសម្រាលការលំបាករបស់ប្រជាជនក្រីក្រទាំងនោះ ទោះចំនួន សម្ភារឧបត្ថម្ភនេះមានចំនួនមិនច្រើនក្តី។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៩ ខែមេសា កន្លងទៅនេះ អិលអូអិលស៊ី ក៏បាន ឧបត្ថម្ភថវិកា៤០លានរៀល ដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះផងដែរ។ គណៈគ្រប់គ្រង អិលអូអិលស៊ី ក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ដល់បុគ្គលិក និងអតិថិជន តាមរយៈការបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងធ្វើការ ត្រួតពិនិត្យ វាស់ស្ទង់សីតុណ្ហភាពរបស់បុគ្គលិក និងអតិថិជនទាំងអស់មុននឹងចូលក្នុងការិយាល័យ ការលាងសម្អាតដៃឱ្យញឹកញាប់ជាមួយនឹងអាល់កុល ឬជែល ការពាក់ម៉ាស់ការពារ ការរក្សាគម្លាតនៃការប្រាស្រ័យទាក់ទង និងការសម្អាតសម្ភារការិយាល័យជាប្រចាំ៕ ដោយ ប៉ាល់ សុង