អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទ ល្មើសធនធានធម្មជាតិក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់បានចំនួន៣៩៩ករណី

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា ក្នុងរយៈពេល ៤ ខែពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយមានការចូលរួមពីសមាជិក​​សហគមន៍ ​​តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានចុះល្បាតដើម្បីការពារ និងអភិរក្ស​ធនធាន​ធម្ម​ជាតិនៅក្នុងខេត្តទាំង ៤ នៃភូមិសាស្ត្រតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បានចំនួន ៥១១លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិរួមមានការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់បានចំនួន៣៩៩ ករណី។  នេះគឺជាការ​អះ​​​អាងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បទល្មើសកាប់ឈើនិងទន្ទ្រានដីព្រៃ ខុសច្បាប់​ចំនួន៣២ ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការនីតិវិធី និងបានធ្វើកិច្ចសន្យា អប់រំណែនាំចំនួន ៤២ ករណីដែលមានមនុស្សពាក់ព័ន្ធជិត១០០ នាក់។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា នៅក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅក្នុងដែនជម្រកសត្វព្រៃព្រៃ ឡង់ក្នុងទំហំដីជាង ៤៣ ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្ត​កំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ មន្ត្រីឧទ្យានុ រក្សនិងប្រជាសហគមន៍តំបន់ ការពារធម្មជាតិបានរឹបអូសវត្ថុតាងជាច្រើនក្នុងនោះរួមមាន៖ រឹបអូសរណារយន្តបានចំនួន ១៩៣ គ្រឿង រថយន្ត០២ គ្រឿង គោយន្តចំនួន ៣៤ គ្រឿង ម៉ូតូ ២៥ គ្រឿង និងរឹបអូសឈើ ដែល​បានកាប់បំផ្លាញចំនួន ១៧៩ ម៉ែត្រគុប និងឈើហុប និងឈើដុំចំនួន ១៦៥ កំណាត់។ ជាមួយគ្នានេះ នៅក្នុងអំឡុងនៃការទប់ស្កាត់និងបង្ក្រាបបទល្មើសរយៈពេល ៤ ខែដើមឆ្នាំ ២០២០នេះ កម្លាំងមន្ត្រីឧទ្យានុក្សក៏បានបំផ្លាញរុះរើរោងអនាធិបតេយ្យក្នុងតំបន់ដែន​ជម្រក​សត្វព្រៃព្រៃឡង់ចំនួន៣៤ រោង និងបានដកហូតកាំភ្លើងកែច្នៃដែលប្រើប្រាស់សម្រាប់ការ​បរបាញ់សត្វខុសច្បាប់បានចំនួន ២៩ ដើម និងបានដោះអន្ទាក់បាន​ចំនួន  ៧២៤ អន្ទាក់។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់​មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិងអភិរក្សធនធាន
ធម្មជាតិក្នុងតំបន់ព្រៃ ឡង់ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ឯកឧត្ដម​បានលើកឡើងថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំង យប់ទាំងថ្ងៃពីសំណាក់​មន្ត្រី​ឧទ្យានុរក្សនិងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិក៏បទល្មើសធន​ធានធម្ម​ជាតិ​ទ្រង់ទ្រាយតូចដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិការបរ បាញ់ និងការដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ដែលចាំបាច់ ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបន្តទៀត។

ឯកឧត្តមរដ្ឋលេខាធិការបន្ដថា មានកត្តា​ផ្សេងៗដែល ជំរុញឱ្យមានបទល្មើសទាំងនេះក្នុងនោះរួមមាន កត្ដាជីវភាពរបស់ប្រជា​សហ​គមន៍ ដែលធ្លាប់តែពឹងអាស្រ័យទៅលើផលអនុផលព្រៃឈើ និងការទាក់ទាញ និងញុះ​ញង់​ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុង​តំបន់​នោះនៅមានកម្រិតនៅឡើយ។ តែទោះយ៉ាងណា ឯកឧត្តមរដ្ឋ​លេខាធិការបាន​ថ្លែងថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការ​ទប់​ស្កាត់និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលកើតឡើងស្របតាមច្បាប់នានា។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍​បានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រង ការផ្ដល់មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជាការជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូល​ដ្ឋាន​បន្ថែម​ទៀតតាមរយៈការបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូល ការជំរុញ​ទេសចរណ៍ធម្មជាតិជាដើម ដើម្បីធានាប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្ស តំបន់ព្រៃឡង់។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងសហការអនុវត្តន៍គម្រោងការ​ពារ និងអភិរក្សតំបន់ដែន ជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់​បៃតងគាំទ្រថវិកា​ដោយ USAID របស់សហរដ្ឋអាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំ​ទឹកប្រាក់ ២១ លានដុល្លារ។

ឯកឧត្តមបានបន្តទៀតថា គម្រោងព្រៃឡង់បៃតងមានគោល បំណងធ្វើឱ្យ​ប្រសើរ​ឡើងនូវការអភិរក្ស ជីវចម្រុះ និងស្ថានភាពប្រព័ន្ធអេកូឡូស៊ី ព្រមទាំង បង្កើតឱ្យមាន​និរន្តរ​ភាព និងសមធម៌នៃកាលានុ វត្តភាព ផ្នែក សេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិ​សម្រាប់​ការវិនិយោគឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»និងតំបន់ការពារធម្ម​ជាតិ ជុំវិញតំបន់ព្រៃឡង់។

គម្រោងនេះ មានកិច្ចសហការជាមួយក្រសួង បរិស្ថាន ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការពារអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះ​បង្គោល​ព្រំ ប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃ ឡង់» និងតំបន់ការពារធម្មជាតិមួយចំនួនជុំវិញ តំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹង សមត្ថ​ភាព មន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍អភិរក្សប្រពៃណី​ជនជាតិ​ដើមភាគតិច៕ ដោយ៖ រិទ្ធី