មនុស្ស៥០នាក់ឆ្លងជំងឺ COVID-19 ក្នុងមណ្ឌលនិវត្តន៍ជននៅម៉ិកស៊ិក

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


យ៉ាងហោចណាស់មានពលរដ្ឋ ៤៧ នាក់និងបុគ្គលិក៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ក្នុងមណ្ឌលនិវត្តន៍ជនមួយនៅរដ្ឋ Nuevo Leon ភាគខាងជើងនៃប្រទេសម៉ិកស៊ិកដែលជាការផ្ទុះជំងឺឆ្លងរាតត្បាតដ៏ធំបំផុតមួយនៅក្នុងប្រទេស។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន អន្តរជាតិ នៅថ្ងៃ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២០ បានឲ្យដឹងថា
លោក ម៉ាណូអែល ដឺឡាអូ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃរដ្ឋ ណឺវ៉ូ ឡេអុន (Nuevo Leon) បាននិយាយថាអ្នកឆ្លងថ្មីក្នុងចំណោមអ្នកឆ្លង ក្នុងមណ្ឌលនិវត្តន៍ជនខាងលើនេះភាគច្រើនជាមនុស្សចាស់ដែលមានអាយុជាមធ្យម៨៤ឆ្នាំ ស្ថិតក្នុងក្រុមដែលមានហានិភ័យសុខភាពខ្ពស់ ខណៈ៤០ ភាគរយនៃនិវត្តន៍ជនទាំងនោះមានជំងឺទឹកនោមផ្អែមនិង ៤៥ ភាគរយទៀតមានជំងឺលើសឈាម។
សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះប្រទេសម៉ិកស៊ិកមានករណីឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ២៧,៦៣៤ ករណី ស្លាប់ចំនួន ២,៧០៤ នាក់៕