ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមបុណ្យវិសាខបូជា នៅវត្តឥសានរតនារាម ក្នុងក្រុងបានលុង

AKP រតនគិរី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ព្រមទាំង ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្តព្រម និងមន្រ្តីរាជការជាច្រើននាក់បានអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជានៅពុទ្ធសីមាវត្តឥសានរតនារាម ហៅវត្តភ្នំស្វាយស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។​

ក្នុងឱកាសនោះឯកឧត្តម ណាប់ ប៊ុនហេង បានថ្លែងនូវក្តីរីករាយដែលបានចូលរួមធ្វើបុណ្យ ដែលជាពិធីបុណ្យសាសនាមួយក្នុងចំណោមបុណ្យសាសនានា ដែលប្រជាពុទ្ធបរិស័ទកាន់ព្រះពុទ្ធសាសនាទូទាំងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃ១៥កើត ខែពិសាខ។

ឯកឧត្តម បាននម្ថែមទៀតថា​ ថ្ងៃនេះបងប្អូនពុទ្ធបរិស័ទបានធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា រួមគ្នាដោយ សារយើងមានសុខសន្តិភាព ទើបយើងបានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយ ធ្វើបុណ្យដោយចិត្តជ្រះថ្លា ហើយបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត។ ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរម្លឹកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានប្រសិទ្ធពរជ័យជូនពរដល់បងប្អូនជនរួមជាតិក្នុងខេត្ត ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ណយ នឿន (ប្រភពៈ មន្ទីរព័ត៌មានខេត្តរតនគិរី)