សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះ នៅស្រុកកែវសីមា

AKP មណ្ឌលគិរី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០–ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពល រដ្ឋដែលកំពុងខ្វះខាតស្បៀង ខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាត នារសៀលថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ លោក សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងសមាជិកគណៈកម្មាធិការសាខា អនុសាខាស្រុក និង សហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនជនចាស់ជរាគ្មានទីពឹង គ្រួសារភ្លើងឆេះផ្ទះ និង គ្រួសារខ្យល់កន្រ្តាក់ សរុបចំនួន ៩៦គ្រួសារ មកពីភូមិចំនួន៨ ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

លោក សាយ ម៉េងគីម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោក បានបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ក្នុងឱកាសនោះ លោក សាយ ម៉េងគីម ក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការចូលរួមអនុវត្តន៍វិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ជាពិសេស ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុល ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនពលរដ្ឋក្រីក្រ គ្រួសាររងគ្រោះចំនួន ៩៦គ្រួសារ ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ក្នុងនោះ ចាស់ជរាគ្មានទីពឹងនិងប្រជាពលរដ្ឋក្រីក្រ ចំនួន ៨៩គ្រួសារ ដោយ១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១យួរ, អាវយឺត, និង ម៉ាសការពារ។ ដោយឡែកគ្រួសារភ្លើងឆេះ ១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, ថវិកា ២៥ម៉ឺនរៀល, មី១កេស, តង់១, ត្រីខកំប៉ុង១យួរ, ឃីត២កញ្ចប់។ ចំណែកគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ៦គ្រួសារ ក្នុង១គ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, ថវិកា ៥ម៉ឺនរៀល, មី១កេស, និងឃីត១កញ្ចប់ផងដែរ ៕ ដោយ ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)