ក្រសួងបរិស្ថាន ទទួលមុងជ្រលក់ថ្នាំ ​និងថ្នាំអាប៊ែត សម្រាប់ការពារជំងឺគ្រុនចាញ់ពីក្រសួង​សុខាភិ​បាល ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនចាញ់តាមតំបន់ការពារធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០

ក្រសួងបរិស្ថាន បានទទួលសម្ភារ និងថ្នាំពេទ្យការពារជំងឺគ្រុនចាញ់ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធ​នឹងជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល រួមមាន មុងជ្រលក់ថ្នាំចំនួន៣,០០០មុង ថ្នាំព្រូន​ប្រភេទ​មេបង់ដាហ្សូលចំនួន ២០កំប៉ុង និងថ្នាំអាប៊ែតចំនួន១បាវ ស្មើ២០គីឡូក្រាម។​ពិធីទទួល​នេះ ធ្វើឡើងនៅរសៀល ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ២០២០។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា សម្ភារ និងថ្នាំពេទ្យទាំងអស់នេះ គឺជាកិច្ច​សហការរួមគ្នា រវាងក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល ដើម្បីរួមចំណែកលុប​បំបាត់​ជំងឺគ្រុនចាញ់ និងដង្កូវព្រូនដល់មន្រ្តីឧទ្យានុរក្ស និងប្រជាសហគមម៍នៅតាមតំបន់​ការពារធម្ម​ជាតិនៅទូទាំងប្រទេស ដែលងាយប្រឈមនិងជំងឺគ្រុនចាញ់។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន គ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣ កន្លែង ដែលមានទំហំដីជាង ៧,២លានហិកតា ព្រមទាំងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន១៦៨ នៅទូទាំងប្រទេស​គ្របដណ្តប់លើ​ផ្ទៃដីព្រៃសរុបចំនួន ២៨៥ ,​៦០៩ ហិកតា៕ ដោយ៖ រិទ្ធី