អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ ត្រូវពង្រឹងការអនុវត្តច្បាប់​ចរា​ចរ​ណ៍ផ្លូវគោក ប្រកបដោយភាពម៉ឺងម៉ាត់ និងមានសីលធម៌ វិជ្ជាជីវៈ

AKP កំពង់ឆ្នាំង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានជំរុញឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលជាអ្នកអនុវត្តន៍ច្បាប់ ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយភាព​ប្រាកដប្រជា ម៉ឺងម៉ាត់ និងមានសីលធម៌ វិជ្ជាជីវៈជាមន្រ្តីនគរបាលជាតិ។ ទន្ទឹមនេះ មន្រ្តីនគរ​បាល​ក៏​មិនត្រូវយកវិធានការនៃការអនុវត្តច្បាប់នេះធ្វើឱ្យហួសព្រំដែនច្បាប់ដើម្បីកេង​ចំណេញ​ ​ផលប្រយោជន៍បុគ្គលនោះទេ ដែលបង្កឱ្យប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋ។ ចំពោះវិធាន​ការនេះមិនមែន ជាការដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេគឺដើម្បីសេចក្ដីសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតែប៉ុណ្ណោះ។ ការលើកឡើងរបស់ឯកឧត្ដម​អភិបាលខេត្ដនេះ ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុ ក្រឹត្យ​លេខ៣៩ថ្មី នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអង្គារ ១៤កើត ខែពិសាខ  ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានគូសបញ្ជាក់ថា ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មី កម្លាំង​មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង បានចុះតាមគោលដៅនានាក្នុងក្រុង ស្រុក ដើម្បីជំរុញ​ឱ្យបង​ប្អូនប្រជាពលរដ្ឋមានការភ្ញាក់រលឹក ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនានាក្នុងខេត្ត ក៏ដូចជានៅក្នុងព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។  ឯកឧត្តមអភិបាលខេត្ដបានលើកឡើងថា “យើង​សង្កេតឃើញមានបទល្មើស​ចរាចរណ៍ផ្លូវគោក នៅក្នុងខេត្តកំពង់ឆ្នាំង ភាគច្រើន គឺជាអ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព គ្មាន​ស្លាកលេខ និងកញ្ចក់មើលក្រោយ ដែលត្រូវធ្វើការផាកពិន័យ តាមមាត្រាច្បាប់ និងតាមបទល្មើសនីមួយៗ”។

ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមន្ត្រីនគរបាលទាំងអស់ ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ ចូលរួមសហការ និងអនុវត្តន៍ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិខ្លួនឯងផ្ទាល់ និងអ្នកដទៃ ដោយស្មារតី​ទទួលខុសត្រូវខ្ពស់។ ចំពោះអ្នកបើកបរម៉ូតូ ឬរថយន្តគ្រប់ប្រភេទត្រូវមានភ្ជាប់​មកជាមួយ​នូវប័ណ្ណបើកបរ លិខិតធ្វើអាជីវកម្មពាក់ព័ន្ធនានា។ ឯកឧត្ដមក៏បានអំពាវនាវឱ្យគ្រប់មូលដ្ឋាន​ទាំងអស់ត្រូវចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្តទៀត ដើម្បីធ្វើយ៉ាង​ណាឱ្យភូមិ ឃុំ សង្កាត់ ធានាបាននូវសន្តិសុខ សុវត្ថិភាពល្អ គ្មានចោរកម្ម និងគ្រោះ​ថ្នាក់​ចរាចរណ៍ នៅក្នុងភូមិ ឃុំរបស់ខ្លួន៕ដោយ៖ បៃ ស៊ីថុន