ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរខេត្ដបន្ទាយមានជ័យបើកសិក្ខាសាលាផ្សព្វផ្សាយ និងផ្គត់ផ្គង់​គ្រាប់​ពូជបន្លែ​ដោយ​ឥតគិត​ថ្លៃដល់កសិករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ​

AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរខេត្ដបន្ទាយមានជ័យបានបើកសិក្ខាសាលាស្តីពី ការ​ផ្សព្វផ្សាយ និងផ្គត់ផ្គង់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករដែលរងផល​ប៉ះ​ពាល់ពីជំងឺកូវីដ-១៩​ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព។​ សិក្ខាសាលានេះ​បានរៀបចំធ្វើ​ឡើង​ដោយប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក) នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃអង្គារ ១៤កើត​ខែពិសាខ​ឆ្នាំជូត ទោស័កព.ស២៥៦៣ ​ត្រូវនឹងថ្ងៃទី០៥ ខែ​ឧសភា ឆ្នាំ​២០២០។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា គោលការណ៍ក្នុង​ការបែងចែកគ្រាប់ពូជបន្លែគឺដើម្បីផ្តល់គ្រាប់ពូជបន្លែដល់គ្រួសារកសិករដោយឥតគិតថ្លៃដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារឱ្យបានច្រើន ជាពិសេសផ្តល់​អាទិភាពដល់​គ្រួសារកសិករក្រីក្រ និងងាយរងគ្រោះ និងគ្រួសារកម្មករ និយោជិតក្នុងវិស័យកាត់ដេរ និង​វាយនភណ្ឌ វិស័យទេសចរណ៍ និងវិស័យផ្សេងៗ ដែលត្រូវបានផ្អាក ឬព្យួរការងារដោយ​សារ​ផលប៉ះពាល់ជំងឺកូវីដ-១៩។

ឯកឧត្តម​ វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមាន​ប្រសាសន៍​ថា​ តាមរយៈរាជរដ្ឋាភិបាល ប្រព័ន្ធស្បៀងបម្រុង​កម្ពុជារបស់ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុសហការជាមួយស្ថានីយពិសោធន៍ពូជបន្លែក្បាលកោះ នៃអគ្គនាយកដ្ឋានកសិកម្ម បានផលិតគ្រាប់ពូជបន្លែសុទ្ធល្អចំនួន២៥តោនជារៀងរាល់ឆ្នាំ​ដើម្បីទុកយកទៅចែក ជូនដល់ ប្រជាពលរដ្ឋដោយឥតគិតថ្លៃយកទៅដាំដុះសម្រាប់ជួយលើក​កម្ពស់ដល់ជីវភាពរស់នៅ កាន់ តែប្រសើរឡើង។

ឯកឧត្តមបានបន្ដថា គ្រាប់ពូជបន្លែដែលរួមមានពោតដំណើប​ល្ពៅ ស្ពៃ​ចង្កឹះ ស្ពៃខៀវ​ត្រកួន សណ្តែកគួរ ត្រប់វែង ត្រប់ក្រាំងរមាស និងប៉េងប៉ោះ​​សម្រាប់យក​ទៅចែក​ជូន​បងប្អូនប្រជាកសិករយើងនៅតាម​បណ្តាស្រុក ឃុំ ដើម្បីយកទៅធ្វើការដាំដុះក្នុង​ការចិញ្ចឹម​ជីវ​ភាពគ្រួសារ​របស់ពួកគាត់ ក្នុងរយៈពេលការបង្ការនិងទប់ស្កាត់នៃការរីករាលដាល​ជំងឺកូវីដ-១៩​នេះដោយក្នុងមួយគ្រួសារៗ​ទទួលបាន៤មុខដំណាំស្មើនឹង៦កញ្ចប់​៕ ដោយ៖ ឈុន សារ៉ាត