អ្នកនាំពាក្យក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ១៩ ដែលនៅសល់ទាំង០២នាក់ នឹងឈានទៅរកការជាសះស្បើយឆាប់ៗនេះ តែប្រឈមនឹងបញ្ហាផ្លូវចិត្តខ្លះៗ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងនារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ដែលនៅសេសសល់ទាំង០២នាក់ នឹងឈានទៅរកការជាសះស្បើយឆាប់ៗនេះ តែប្រឈមនឹងបញ្ហាផ្លូវចិត្តខ្លះៗ នៅក្នុងអំឡុងពេលនេះ។

ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “អ្នកជំងឺដែលនៅសេសសល់ទាំងពីរនាក់នោះ គឺម្នាក់ជាស្ត្រីជនជាតិខ្មែរ ដែលកំពុងសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ដែលពុំមានចេញរោគសញ្ញាណាមួយគួរឱ្យព្រួយបារម្ភនោះទេ ហើយយើងសន្និដ្ឋានថាគាត់នឹងឈានទៅរកការជាសះស្បើយក្នុងពេលឆាប់ៗនេះ ប៉ុន្តែដោយសារតែគាត់នៅបន្តវិជ្ជមាន ធ្វើឱ្យអារម្មណ៍គាត់មិនសប្បាយចិត្ត ហើយអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់គាត់ខ្លះៗ ព្រោះយើងពុំអាចអនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យបានឡើយ ដោយនៅបន្តតាមដានរហូតទាល់តែការធ្វើតេស្តអវិជ្ជមានចំនួន០២ដងសិន ហើយក្នុងកំឡុងពេលនេះ ក្រុមគ្រូពេទ្យរបស់យើង បានបន្តយកចិត្តទុកដាក់ផ្នែកអារម្មណ៍របស់គាត់ផងដែរ ដោយធ្វើការពិគ្រោះយោបល់ និងណែនាំគាត់ជាដើម។ល។ ចំណែក០១ករណីទៀត គឺបុរសជនជាតិខ្មែរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏មានអារម្មណ៍ប្រហាក់ប្រហែលគ្នា ដូចស្ត្រីនៅខេត្តបន្ទាយមានជ័យដែរ ព្រោះថាពួកគាត់បានដឹងថាអ្នកជំងឺផ្សេងទៀត បានជាសះស្បើយ នៅឡើយតែពួកគាត់ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ព្យាបាល ក៏ដូចជាពិគ្រោះផ្នែកសតិអារម្មណ៍ អ្នកជំងឺរូបនេះ បានធូរស្រាលអារម្មណ៍ច្រើន ហើយខ្ញុំជឿជាក់ថា អ្នកជំងឺទាំងពីរនាក់នេះ នឹងឈានទៅរកការជាសះស្បើយមិនខាន ក្នុងពេលដ៏ឆាប់នេះ”។

ដោយឡែកទាក់ទងទៅនឹងប្រជាពលរដ្ឋមួយចំនួន ហាក់ដូចជាព្រួយបារម្ភពីការផាកពិន័យ ទាក់ទងទៅនឹងបទល្មើសចរាចរណ៍ ជាជាងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឯកឧត្តមវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា៖ “បងប្អូនប្រជាពលរដ្ឋយើង ហាក់មានការធ្វេសប្រហែសច្រើន តាមរយៈការសង្កេតឃើញប៉ុន្មានថ្ងៃនេះ នៅកន្លែងឆៀករថយន្ត ឬក៏កន្លែងប្តូរសុពលភាពប័ណ្ណបើកបរ ដោយបងប្អូនខ្លះគាត់ពុំមានពាក់ម៉ាស ពុំរក្សាគម្លាតសុវត្ថិភាព ។ល។ ដែលនេះជាហានិភ័យមួយ នៃការចម្លងមេរោគកូវីដ១៩ពីម្នាក់ទៅម្នាក់ ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមសំណូមពរដល់ក្រសួងស្ថាប័នដែលធ្វើការងារពាក់ព័ន្ធនឹងរឿងនេះ សូមជួយសម្រួលឱ្យមានអាល់កុល ឬជែល សម្រាប់លាងដៃ និងរៀបចំឱ្យមានគម្លាតសម្រាប់ឈរ ឬអង្គុយ នៅពេលដែលបងប្អូនប្រជាពលរដ្ឋយើង រង់ចាំសេវាផ្សេងៗ ហើយចំពោះកន្លែងដែលត្រូវផាកពិន័យនៅតាមដងផ្លូវផ្សេងៗ ក៏សូមរៀបចំឱ្យការឈរតម្រង់ជួរឱ្យបានត្រឹមត្រូវ និងរក្សាគម្លាតយ៉ាងហោចណាស់ ១.៥ម៉ែត្រ សម្រាប់បងប្អូនដែលបានធ្វើខុស ឬល្មើសច្បាប់ចរាចរណ៍ជាដើម។ល។ សម្រាប់ប៉ូលីសចរាចរណ៍ខ្លួនឯង ក៏ត្រូវតែប្រយ័ត្នឱ្យបានខ្លាំងបំផុតដែរ គឺត្រូវពាក់ម៉ាស និងឧស្សាហ៍លាងដៃនឹងអាល់កុល ឬជែល ជាពិសេស បន្ទាប់ពីប៉ះពាល់ឯកសារផ្សេងៗ”។

ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ កុំធ្វេសប្រហែសឱ្យសោះ និងរក្សាអនាម័យជាប់ជានិច្ច ព្រោះថាកម្ពុជាមិនអាចឈ្នះជំងឺកូវីដ១៩ទាំងស្រុងនោះទេ ដរាបណាប្រទេសនៅជិតខាង ឬពិភពលោក ពុំទាន់មានការថមថយករណីឆ្លងជំងឺកូវីដ១៩នេះនៅឡើយ។

គួររម្លឹកផងដែរថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលពុំមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីណាមួយចំនួន២៣ថ្ងៃជាប់គ្នា ខណៈអ្នកកំពុងសម្រាកព្យាបាលនៅសល់តែ០២នាក់ប៉ុណ្ណោះ ដែលនឹងឈានទៅរកការជាសះស្បើយឆាប់ៗនេះផងដែរ។

ដោយ ផែន រតនៈ