ប្រជាពលរដ្ឋចំនួនក្រីក្រ ១២៥គ្រួសារ រស់នៅតាមបណ្តោយផ្លូវរថភ្លើងទទួលបានឥណទានឥតការប្រាក់ ពីសមាគមនិស្សិតម៉ូស្លីមកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

ឯកឧត្ដម សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតម៉ូស្លីមកម្ពុជា បានផ្តល់ប្រាក់កម្ចីឥណទានឥតការប្រាក់ ជូនដល់ ប្រជាពលរដ្ឋទីទាល់ក្រចំនួន១២៥គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង និងតំបន់ជុំវិញក្នុងសហគមន៍អ្នកក្រីក្រ នៃខណ្ឌដូនពេញ។

​ពិធីផ្តល់ប្រាក់កម្ចីនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្ដម សុះ មុះសិន សមាជិក រដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតម៉ូស្លីម កម្ពុជា និងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានសមាគមនិស្សិតម៉ូស្លីមកម្ពុជា និងឯកឧត្ដម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាអនុ ប្រធានសមាគមនិស្សិតម៉ូស្លីមកម្ពុជា ព្រមទាំងអស់លោក លោកស្រីជាមន្រ្តីរាជការរបស់ សាលាខណ្ឌជាច្រើនរូបទៀត។

​ឯកឧត្តម សុះ មុះសិន បានលើកឡើង​កាលពីពេលថ្មីៗកន្លងទៅនេះថា នេះជាលើក ទី៩ហើយ ដែលសមាគមនិស្សិតម៉ូស្លីមកម្ពុជាបានផ្តល់ប្រាក់កម្ចីឥណ ទានមុខរបរខ្នាតតូច រយៈពេល០១ឆ្នាំ ជូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ រថភ្លើង និងតំបន់ជុំវិញ ក្នុងសហគមន៍អ្នកក្រីក្រ ខណ្ឌដូនពេញ ដែលប្រាក់កម្ចីនេះទទួលបានពីអង្គការ muslimehelfen នៃប្រទេសអាល្លឺម៉ង់ ចំនួន១២៥គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន ប្រាក់កម្ចីចំនួន ២លានរៀល សរុបជាទឹកប្រាក់ចំនួន២៥០លានរៀល។

ដោយឡែក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០កន្លងទៅ សមាគមក៏បានផ្ដល់ ប្រាក់កម្ចី ជូនប្រជាពលរដ្ឋក្រីក្រស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារចំនួន១៣៦គ្រួសារ ដោយក្នុង មួយគ្រួសារទទួលបានកម្ចីចំនួន ២លានរៀល សរុបជាទឹកប្រាក់ ២៧២លានរៀល។

​ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលប្រាក់កម្ចីឥណទានឥតការប្រាក់នៅទីនេះ ត្រូវខិតខំប្រឹងប្រែងប្រកបមុខ របររាងៗខ្លូន ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃឱ្យបានល្អប្រសើជាងមុន និងត្រូវយកប្រាក់ទាំង នេះទៅប្រកបមុខរបរសុចរិត ដោយមើលឃើញថា បងប្អូនប្រជាពលរដ្ឋបានបង្វែ ប្រាក់កម្ចីបានល្អ និងទាន់ពេលវេលាទើបអង្គការ muslime helfen នៃប្រទេសអាល្លឺម៉ង់ បានផ្ដល់ប្រាក់កម្ចីជាលើកទី៩ នៅឆ្នាំនេះ។

​ឯកឧត្តមក៏បានបន្តទៀតថា ពេលនេះជំងឺ Covid-19 កំពុងរាតត្បាតពេញពិភពលោក គប្បីយើងត្រូវចូលរួមទប់ស្កាត់ជាមួយប្រមុខរាជរដ្ឋាភិបាល ត្រូវស្ដាប់ការណែនាំរបស់ក្រសួង សុខាភិបាលមិនត្រូវមើលស្រាលជំងឺនោះឡើយ ត្រូវចូលរួមធ្វើអនាម័យខ្លួនប្រាណចៀស វាងការជួបជុំមនុស្សច្រើន ត្រូវឧស្សាហ៍លាង ដៃនិងទឹកអាកុល ឬសាប៊ូ ត្រូវពាក់ម៉ាស់ និង ហូបចំណីអាហារដែលចម្អិនឆ្អិនល្អ និងចូលរួមការពារប្រយុទ្ធប្រឆាំងជំងឺ Covid-19 តាមការ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

​លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាម ប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញទាំងមូល បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិត មុស្លិមកម្ពុជា ម្ចាស់ជំនួយ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ដែលបានយកចិត្តទុក ដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋក្នុង ខណ្ឌដូនពេញតាំងពីដើមរហូតមកដល់បច្ចុប្បន្ន។
លោកសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និងទូទាំងសកលលោក សូមចៀសផុតពីជំងឺទាំងឡាយ ជាពិសេសជំងឺ Covid-19 និងទទួលបាននូវសុខភាពល្អ ប្រកបរបរបានជោគជ័យគ្រប់ភារកិច្ច។

​សូមបញ្ជាក់ថា គម្រោងនេះត្រូវបានបង្កើតចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ ក្រោមការ ឧបត្ថម្ភរបស់អង្គការ muslime helfen នៃប្រទេសអាល្លឺមង់។ ក្រៅពីផ្តល់ប្រាក់កម្ចី ឥណទាន នេះ CAMSA ក៏បានសហការជាមួយ អង្គការ muslimehelfen បានផ្តល់នូវគម្រោងមនុស្សធម៌ ជាច្រើនទៀតដល់ ព្រះរាជាណាចក្រកម្ពុជាដូចជា សាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់ និស្សិតនារីម៉ូស្លីម ចំនួន២កន្លែង បើកវគ្គ បណ្តុះបណ្តាលភាសាអង់គ្លេស កុំព្យូទ័រ និងវិជ្ជាជីវៈ កាត់ដេរដោយឥតគិតថ្លៃ ផ្តល់អំណោយសង្គ្រោះបន្ទាន់ ផ្តល់ថវិកាសម្រាប់ សាសនិកឥស្លាម ធ្វើពិធីស្រាយបួសក្នុងខែរ៉ាម៉ាឌន ធ្វើគូរបាន និងមានគម្រោងជាច្រើនទៀត ដើម្បីរួមចំណែក កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ សួស សំរិត