ក្រុមហ៊ុន China Good Cars Holding បង្ហាញគម្រោងវិនិយោគសាងសង់ស្ថានីយ​ចំណតយាន​យន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ក្នុងទឹកប្រាក់១៦០លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

ក្រុមហ៊ុន China Good Cars Holding Ltd បានបង្ហាញគម្រោងវិនិយោគសាងសង់​ស្ថានីយ​ចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ក្នុងទឹកប្រាក់វិនិយោគប្រមាណ​១៦០លានដុល្លារអាម៉េរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជ​ធានីភ្នំពេញ។ នេះបើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន China Good Cars Holding Ltd;. ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាលើគម្រោងស្នើសុំវិនិយោគលើវិស័យដឹក​ជញ្ជូនសាធារណៈ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ១៦០លានដុល្លារអាម៉េរិក នាថ្ងៃអង្គារ ទី១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

តំណាងក្រុមហ៊ុន China Good Cars Holding Ltd បានបញ្ជាក់ឱ្យដឹងថា ក្នុង​ជំហាន​ដំបូង ក្រុមហ៊ុនស្នើសុំវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ ទំនើប នៅជាយ​រាជ​ធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដ៏មមាញឹកពីចំណុចកណ្តាលរាជធានី ព្រម​ទាំងវិនិ​យោគ​លើគម្រោងដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បី​តភ្ជាប់​ទៅ​តំបន់​ក្រៅ​ក្រុងនិងទៅបណ្តាខេត្តនានានៅជិតៗរាជធានីភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្វាគមន៍ និងគាំទ្រគម្រោងនេះ ដោយ​ផ្តល់​អនុសាសន៍ឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកដើម្បី​សិក្សា​ ​លើលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ និងសុំឱ្យក្រុមហ៊ុនដាក់ពាក្យស្នើ​សុំវិនិ​យោគ ទៅ​ច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចទទួលបាន ភាពអនុគ្រោះ​នានា ស្របទៅតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ រិទ្ធី