រដ្ឋមន្រ្ដីក្រសួងអប់រំ៖ ការចាក់ផ្សាយកម្មវិធីបង្រៀនពីថ្នាក់ទី១ ដល់ទី១២ តាមប៉ុស្តិ៍ទូរទស្សន៍ ទទក ២ បង្កើនអត្រាសិស្សរៀនច្រើន និងផ្តល់ឱកាសដល់សិស្សក្រីក្រ នៅតាមជនបទ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជូន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងអប់រំ និងក្រសួងព័ត៌មាន ការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិក E-Learning» តាមទូរទស្សន៍ជាតិកម្ពុជា ទទក ២ និង App ក្រសួងព័ត៌មាន ដែលនាំមកនូវលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ ការចាក់ផ្សាយកម្មវិធីបង្រៀនពីថ្នាក់ទី១ ដល់ទី១២ តាមប៉ុស្តិ៍ទូរទស្សន៍ ទទក ២ ឬ TVK2 បានបង្កើនអត្រាសិស្សរៀនច្រើន និងផ្តល់ឱកាសដល់សិស្សក្រីក្រ នៅតាមជនបទ ឱ្យទទួលបានការអប់រំ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡានេះ ក្នុងពិធីប្រគល់បរិក្ខារប្រព័ន្ធផ្កាយរណបតេជោ DTV ចំនួន៥០ ឈុតជូនដល់គ្រឹះស្ថាន បណ្ដុះបណ្ដាលគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ដ រាជធានី ក្នុងការតាមដានកម្មវិធីផ្សាយ ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជូន ណារ៉ុន បានគូសបញ្ជាក់ថា ការថតកម្មវិធីបង្រៀនពីថ្នាក់ទី១ ដល់ទី១២ និងបានចាក់ផ្សាយតាមទូរទស្សន៍ទទក ២ ឬ TVK2 នេះ បានបង្កើនអត្រាសិស្សរៀនច្រើន ដោយសារកន្លងមក សិស្សរៀនតាមការផ្សាយក្នុងប្រព័ន្ធ Facebook, YouTube និងតាមប្រពន្ធ័ E-Learning របស់ក្រសួង អប់រំ យុវជន និងកីឡា។ ប៉ុន្តែសិស្សនៅតាមទីជនបទ មិនបានទទួលការបង្រៀននេះ បានគ្រប់គ្រាន់នោះទេ។ ឯកឧត្ដមបានចាត់ទុក ប៉ុស្តិ៍ ទទក ២ នេះ គឺបានផ្តល់ឱកាសដល់សិស្សក្រីក្រ នៅតាមជនបទ ទទួលបានការអប់រំ តាមរយៈការផ្សព្វផ្សាយនៅគ្រប់ទីកន្លែង។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា សម្រាប់ការបង្រៀនតាមទូរទស្សន៍នេះដែរ ក៏ជាឱកាសមួយសម្រាប់គ្រូ នៅតាមជនបទ បើកមើលពីការបង្រៀនរបស់គ្រូល្អៗ និងមានទេពកោសល្យ ហើយធ្វើការកែលម្អពីវិធីសាស្ត្របង្រៀនដោយខ្លួនឯង បានដោយមិនចាំបាច់អញ្ជើញគាត់មកចូលរួមសិក្ខាសាលានៅភ្នំពេញ ហើយមិនបាច់ចំណាយថវិកានោះទេ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ជំងឺកូវីដ-១៩ បង្កើតជាបញ្ហា ប៉ុន្តែក្រសួងអប់រំ និងក្រសួងព័ត៌មាន បានសហការគ្នាប្រែក្លាយវិបត្តិនេះ ឱ្យក្លាយជាកាលានុវត្តភាព ឬជាឱកាសដ៏ល្អ ដើម្បីធ្វើការកែលម្អនូវកិច្ចការងារបង្រៀន ដោយផ្ទាល់ មករៀនតាមទូរទស្សន៍ និងទូរស័ព្ទដៃវិញ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា តាមរយៈកម្មវិធីនេះ ក្រសួងអប់រំ នឹងបន្តធ្វើការកែលម្អការបង្រៀនពីចម្ងាយនេះបានកាន់តែល្អបន្ថែមទៀត ដើម្បីឱ្យសិស្សទទួលបានផលល្អ ជាពិសេសសិស្សក្រីក្រ ព្រោះពីមុនអត់មានលុយ មិនអាចទៅរៀនគួរបាននោះទេ។ ប៉ុន្តែឥឡូវមិនបាច់ទៅរៀនគួរ និងកាត់បន្ថយការចំណាយរបស់សិស្សថែមទៀតផង តាមរយៈការរៀនពីចម្ងាយដោយមើលទូរទស្សន៍ និងទូរស័ព្ទដៃតែម្តង។ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានអរគុណ ចំពោះ តេជោ DTV ដែលបានផ្តល់នូវសម្ភារ បរិក្ខារទាំងអស់នេះ ដល់ក្រសួងអប់រំ ដើម្បីជូនទៅតាមបណ្តាមន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ ខេត្ត រាជធានី និងតាមគ្រឹះដ្ឋានបណ្តុះបណ្តាលគ្រូ ។
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានមានប្រសាសន៍ថា បន្ទាប់ពីមានកិច្ចសហការគ្នា រវាងក្រសួង ព័ត៌មាន និង ក្រសួងអប់រំ កម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning» ត្រូវបានចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ថ្មី ទទក ២ ឬ TVK2 ផ្សាយតាមប្រព័ន្ធផ្កាយរណបតេជោ DTV តាមរយៈ App ក្រសួងព័ត៌មាន និងតាមបណ្តាខ្សែកាបរាជធានី ខេត្តជាច្រើន រហូតមកដល់ពេលនេះ មានរយៈពេលជិត ២០ ថ្ងៃហើយ។ ឯកឧត្ដមបានបន្ដថា ប៉ុស្តិ៍ទូរទស្សន៍ ទទក ២ នេះបានបង្កើតឡើងដោយមិនបានចំណាយថវិការដ្ឋនោះទេ ហើយក៏មិនមានការជ្រើសរើសមន្រ្តីថ្មី មកធ្វើការដែរ ដោយក្នុងនោះ ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបែងចែកធ្វើការងារពីរពេល។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដទៀតថា តាមរយៈកិច្ចការងារនេះដែរ ទូរទស្សន៍ជាតិកម្ពុជា ក៏បានគ្រោងរៀបចំបង្កើតជាស្ទូតយោថ្មីបន្ថែមទៀត ដូច្នេះបើខាងក្រសួង អប់រំ យុវជន និងកីឡា ចង់ថតពីការបង្រៀនឱ្យបានកាន់តែល្អ និងមានគុណភាពខ្ពស់ជាងនេះ គឺក្រសួងព័ត៌មាន និងធ្វើកិច្ចសហការក្នុងការថត ចាក់ផ្សាយ។ ឯកឧត្ដមរដ្ឋមន្រ្តីបានកោតសរសើរ ចំពោះទេពកោសល្យ ដ៏ពូកែរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀងដោយគ្មានសិស្ស ថតផ្សាយតាមទូរទស្សន៍ ហើយទទួលការគាំទ្រពីសិស្សានុសិស្សយ៉ាងច្រើនថែមទៀតផង។
ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បានជម្រាបជូនដែរថា នៅពេលសាលារៀន បើកឱ្យសិស្សចូលរៀនវិញក៏ដោយ តែប៉ុស្តិ៍ ទទក ២ នេះ នៅតែចាក់ផ្សាយកម្មវិធីអប់រំផ្សេងៗបន្ថែមទៀត ហើយក៏នៅធ្វើកិច្ចសហការជាមួយ ក្រសួង អប់រំ យុវជននិងកីឡា ដដែល។

បើតាមការបញ្ជាក់របស់ឯកឧត្ដម បាន ភុត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុម ហ៊ុន Cambodia DTV Network Limited ប្រចាំកម្ពុជា បានធ្វើបទបង្ហាញទាក់ទងប្រព័ន្ធផ្កាយ រណប តេជោ DTV នៅកម្ពុជា ដោយផ្សាយនៅប៉ុស្តិ៍ ២២ និងប៉ុស្តិ៍ ៣២ កម្មវិធីបង្រៀនពីចម្ងាយ ដែលអាចឱ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ប្រព័ន្ធនេះ បើកមើលបាននៅទូទាំងប្រទេស ដោយឥតគិតថ្លៃ។ ឯកឧត្ដមបានបន្ដថា ការផ្ដល់ប្រព័ន្ធផ្កាយរណបតេជោ DTV ចំនួន៥០ ឈុត សម្រាប់បើកទស្សនាប៉ុស្តិ៍ ទូរទស្សន៍ ទទក២ ឬ TVK2 ដែលចាក់ផ្សាយកម្មវិធីបង្រៀនពីចម្ងាយ និងសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិកនេះ គឺជាអំណោយរបស់ ក្រុមហ៊ុន Cambodia DTV Network Limited ដែលផ្តល់ជូនដល់ គ្រឹះស្ថាន បណ្តុះបណ្តាល គ្រូ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រាជធានី។

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងទាំងពីរ ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយ កម្មវិធី «ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិក E-Learning» លើប្រព័ន្ធទូរទស្សន៍ជាតិកម្ពុជា និង App ក្រសួងព័ត៌មាន ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សទទួលបានការសិក្សា និងបង្រៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ខណៈពេលដែលសិស្សមិនបានទៅរៀននៅសាសារៀនដោយសារតែវិបត្ដិជំងឺកូវីដ-១៩៕

ដោយ អ៊ុន រិទ្ធី
រូបថត៖ ខឹម សុវណ្ណារ៉ា