អភិបាលខេត្តកែប៖ បញ្ហាធនធានមនុស្ស និងការទទួលខុសត្រូវលើការងាររបស់មន្រ្តីគឺជារឿងសំខាន់ក្នុងការជំរុញប្រសិទ្ធភាពការងាររបស់ខេត្ត

AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានលើកឡើងថា បញ្ហាធនធានមនុស្ស និងការទទួលខុសត្រូវលើការងាររបស់មន្រ្តី គឺជារឿងសំខាន់ក្នុងការជំរុញប្រសិទ្ធភាពការងាររបស់ខេត្ត ហើយដែលការងារនេះគឺខេត្តកំពុងដោះស្រាយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកែប» នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម កែន សត្ថា បានគូសបញ្ជាក់ថា “យើងត្រូវហ៊ានទទួលស្គាល់នូវអ្វីដែលជាចំណុចខ្វះខាតរបស់យើង ហើយដែលទាមទារឱ្យមានការដោះស្រាយដើម្បីប្រសិទ្ធភាពការងាររបស់ខេត្ត”។ ឯកឧត្ដមបានបន្ដថា ទាក់ទងនឹងបញ្ហាធនធានមនុស្សនេះ គឺខេត្តមានការបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យម សម្រាប់ពង្រឹងសមត្ថភាពមន្រ្តីរបស់យើង ដើម្បីអាចទទួលភារកិច្ចសំខាន់ៗដែលថ្នាក់ដឹកនាំប្រគល់ឱ្យធ្វើ។

ឯកឧត្តមអភិបាលខេត្ដបានបន្ថែមថា ចំពោះការទទួលខុសត្រូវក្នុងមុខងារភារកិច្ចរបស់មន្រ្តីក៏នៅមានចំណុចខ្វះខាតនៅឡើយដែលទាមទារឱ្យមានការកែតម្រូវផងដែរ ហើយបញ្ហានេះរដ្ឋបាលខេត្តក៏បាននិងកំពុងដោះស្រាយ៕ ដោយ ចាន់ សុធីវង្ស