អ្នកជំនាញការស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវចិន ចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងចំនួន៤ ក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ទទួលស្វាគមន៍ក្រុមអ្នក ជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ( Blue Sky Rescue Organization-BSR) ចុះបាញ់ថ្នាំសម្លាប់ មេរោគ Covid-១៩ នៅខេត្តសីហនុ។

លោក សែជូ សិទ្ធជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយមន្ត្រីសាខាភិបាលខេត្តព្រះសីហនុ ចុះបាញ់ថ្នាំនៅក្រុងព្រះសីហនុចំនួន ៤ទីតាំង ក្នុងនោះមាន មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, សាលាខេត្ត ព្រះសីហនុ, សណ្ឋាគារមួយកន្លែងដែលជាទីតាំងព្យាបាលអ្នកជំងឺCovid-១៩, និងក្នុងបរិវេណ ផ្សារលើក្រុងព្រះសីហនុ ដែលមានអ្នកចូលរួមដូចជា ក្រុមអ្នកជំនាញស្ម័គ្រចិត្តចិន១៧នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ៣០នាក់ និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ២៥នាក់ ព្រមទាំងរៀបចំបើកវគ្គបណ្តុះ បណ្តាលផ្សព្វផ្សាយ ស្តីពីការបង្ការ និងទប់ស្កាត់ការីករាលដាល នៃជំងឺ Covid-១៩ នៅតាមសហគមន៍គោលដៅផងដែរ។

តាមការណែនាំរបស់ក្រុមស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវចិន បានឱ្យដឹងថា ការចុះចាញ់ថ្នាំនាពេលនេះ នៅតាមទីតាំងមួយចំនួន យើងត្រូវប្រើប្រាស់ថ្នាំដូចជា ក្នុងទឹក ១៦លីត្រ ត្រូវប្រើប្រាស់ថ្នាំ ៨គ្រាប់ សម្រាប់បាញ់កន្លែងដែលមានជំងឺ Covid-១៩ ដោយ ឡែកនៅតាមទីសាធារណៈ ឬកន្លែងធ្វើការ គឺក្នុងទឹក១៦លីត្រ ត្រូវដាក់ថ្នាំ ៤គ្រាប់។ ក្នុងការ បាញ់នៅតាមបន្ទប់ធ្វើការនីមួយៗ ត្រូវឱ្យបុគ្គលិកចាកចេញជាមុនសិន ក្រោយបាញ់រួច ទុករយៈពេលពី ២០ទៅ ៣០នាទី ទើបអាចចូលបម្រើការងារវិញ។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវចិន ដែលបានមកជួយបាញ់ថ្នាំ ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺ Covid-១៩ នៅខេត្តព្រះសីហនុ ក៏ដូចជា នៅតាមបណ្តារាជធានី ខេត្តផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទៅតាមលក្ខណៈ បច្ចេកទេសវេជ្ជសាស្ត្រ។

តាមកម្មវិធីក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវចិន មានគម្រោង បាញថ្នាំបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-១៩ នៅតាមរាជធានី ខេត្តមួយ ចំនួនមានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ ព្រះសីហនុ កំពង់ឆ្នាំង សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ៕ ដោយ ងូ សុមុនី