អ្នកនាំពាក្យក្រសួងយុត្ដិធម៌លើកឡើងថា មន្ត្រីនគរបាលដែលធ្វើខុស​នឹងទទួលខុសត្រូវ​ចំពោះ​មុខច្បាប់នូវសកម្មភាពបំពានច្បាប់ ក្នុងពេលបំពេញមុខងាររបស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

ឯកឧត្ដម គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានលើក​ឡើង​ថា មន្ត្រីអនុវត្តន៍ច្បាប់នឹងទទួលខុសត្រូវចំពោះមុខច្បាប់នូវសកម្មភាពបំពានច្បាប់ក្នុង​ពេល ​បំពេញមុខងាររបស់ខ្លួន។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នេះ ធ្វើឡើង​បន្ទាប់ពីមហាជនមួយចំនួនបានរិះគន់មន្ដ្រីនគរបាលចរាចរណ៍ នៅពេលអនុវត្តន៍ច្បាប់ តែង​តែបំពានសិទ្ធិប្រជាពលរដ្ឋ ហើយពេលខ្លះក៏ ធ្វើលើសពីអ្វីដែលច្បាប់អនុញ្ញាត​ផងដែរ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម គឹម សន្ដិភាព បានសរសេរថា “មន្ត្រីអនុវត្តន៍​ច្បាប់នឹងទទួល​ខុសត្រូវ​ចំពោះមុខច្បាប់ផងដែរនូវសកម្មភាពបំពានច្បាប់ក្នុងពេលបំពេញមុខងាររបស់ខ្លួន យោង តាមមាត្រា៧៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក”។ ឯកឧត្ដមបានបញ្ជាក់ថា យោងតាម​មាត្រា៧៤ បានលើកឡើងថា មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្រប ខ័ណ្ឌ​មុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកប័ណ្ណបើកបរ ផ្លាកលេខ ប័ណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ ត្រូវផ្ដន្ទាទោស​ដាក់ពន្ធនាគារពី០៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី១០០,០០០រៀល ទៅ៨០០,០០០​រៀល។ ក្នុងករណីដែលមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឱ្យមានការខូចខាត ឬបាត់​បង់ផ្នែកណាមួយនៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុង ការសង​ការខូចខាត ឬបាត់បង់នោះ។

គួររម្លឹកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាម​អនុ​ក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្តន៍ ចាប់ពីថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ ២០២០នេះតទៅ ក្នុងគោលបំណងកាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ។

ជាមួយគ្នានេះ កាលពីពេល​កន្លង​មក​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា “សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកប ដោយការ​គោរព​ច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរ បាន​ដោយ​រលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជា មិនពាក់​មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ជាដើម ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់​ផ្ដើមសួរនាំរកឯកសារ”។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា វិធានការរឹត​បន្តឹងច្បាប់​ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតប នឹងភាពអាសន្ន នៃគ្រោះ​ថ្នាក់ចរាចរណ៍​ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមាន អ្នកស្លាប់ របួស ពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំង​នៅ​ក្នុងស្ថាន​ភាព​ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម ហើយមានសន្តិភាព និង​ការអភិវឌ្ឍទៅ​ហើយនោះ៕ ដោយ៖ប៊ុនរិទ្ធ