រុស្ស៊ី ក៏ទិញផលិតផល គ្រាប់ស្វាយចន្ទីពីកម្ពុជាដែរ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០–

រុស្ស៊ីត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទអះអាងថា នៅក្នុងបញ្ជីនៃប្រទេសដែលបានទទួលទិញផលិតផលកសិកម្មពីកម្ពុជាមួយចំនួន នៅក្នុងនោះគឺមានគ្រាប់ស្វាយចន្ទីផងដែរ។

យោងទៅតាមរបាយការណ៍លទ្ធផល នៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោកក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០បានឱ្យដឹងថា បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគឺមានចំនួនសរុប ១៨៦.២០៥តោន ។

ប្រភពដដែលបានបន្តថា ផលិតផលជាគ្រាប់ស្វាយចន្ទីដែលកម្ពុជានាំចេញនោះ គឺទៅកាន់គោលដៅចំនួន៥ រួមមាន វៀតណាម ជប៉ុន រុស្ស៊ី ចិន និង ដែនដីកោះហុងកុង ។

ប្រភពដដែលមិនបានបញ្ជាក់ថា តើរុស្ស៊ីបាននាំចូលផលិតផលជាគ្រាប់ស្វាយចន្ទីនៅក្នុងបរិមាណប៉ុន្មាននោះទេ គ្រាន់តែដឹងថា រុស្ស៊ីគឺនៅក្នុងចំណែកនៃការនាំចេញសរុបប្រមាណជា ១៨៦.២០៥តោននេះតែម្តង ។

រហូតមកដល់ពេលនេះ ស្វាយចន្ទីគឺត្រូវបានគេដឹងថា គឺជាដំណាំដែលអាចដាំបានច្រើននៅបណ្តាខេត្តនៅជាប់នឹងដែនដីសណ្តទន្លេមេគង្គ និងតំបន់ដីក្រហម ខណៈដំណាំនេះ នៅខាងខេត្តប៉ែកនិរតីក៏ឃើញកសិករដាំដុះនៅតាមរបងផងដែរ៕ ដោយ៖ ហេង បញ្ញា