ក្រសួងទេសចរណ៍បង្ហាញការជឿជាក់ថា  ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប នឹងជំរុញឱ្យខេត្តនេះក្លាយជាគោលដៅទេសចរណ៍មានភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក

AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ — ខណៈដែលការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប បាន និងកំពុង ដំណើរការជាបណ្ដើរៗហើយនោះ ក្រសួងទេសចរណ៍បានបង្ហាញការជឿជាក់ថា ផែន ការមេនេះនឹងជួយឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីត កម្រិតខ្ពស់ ប្រកប ដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។ 

នេះជាការលើកឡើងរបស់ឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួង ទេសចរណ៍ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប  កាលពីព្រឹកថ្ងៃចន្ទ ១៣កើត​ ខែពិសាខ​ ឆ្នាំជូត ទោស័ក ព.ស ២៤៦៣​ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកែប។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ជា បូរ៉ា រដ្ឋលេខា ធិការក្រសួងទេសចរណ៍ និងឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប  និង មានការចូលរួមពីថ្នាក់ដឹកនាំ​តាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត​ អភិបាល​ក្រុង​-ស្រុក​ និង តំណាងវិស័យឯកជនជាច្រើននាក់ទៀត។

ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប បានលើកឡើងថា ដើម្បីគាំទ្រដល់ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តកែបនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មការ អន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តកែប និងខេត្តមណ្ឌលគិរី។ ឯកឧត្ដមបន្តថា ដំណើរការនៃការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តកែបនេះ ត្រូវបានចាប់អនុវត្តន៍តាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ហើយចាប់ ពីពេលនេះតទៅមុខ នឹងមានការចូលរួមផ្ដល់ធាតុចូល និងផ្ដល់ការគាំទ្រពីសំណាក់រដ្ឋបាល ខេត្ត មន្ទីរ អង្គភាពជំនាញនៅថ្នាក់ខេត្ត ដើម្បីឱ្យការរៀបចំផែនការមេនេះមានភាពគ្រប់ជ្រុង ជ្រោយ និងការទទួលខុសត្រូវរួម។

ឯកឧត្តមបន្តទៀតថា ដោយសារវិស័យទេសចរណ៍ពាក់ព័ន្ធនឹងអន្តរវិស័យ ដូច្នេះការ រៀបចំផែនការមេនេះត្រូវគិតគូរជាអន្តរវិស័យ ដូចជាវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលចាំបាច់ត្រូវអនុលោមតាមសក្ដានុពល និងធន ធានដែលមានជាក់ស្ដែង ដូចជា ធនធានធម្មជាតិ ផ្នែកសាសនា វប្បធម៌ កសិកម្ម និង វិស័យជាច្រើនទៀតដែលមិនទាន់បានកែច្នៃ ធ្វើយ៉ាងណាឱ្យស្របតាមឯកសារបទដ្ឋានគតិ យុត្ត និងឯកសារគាំទ្រដទៃទៀត។ ជាមួយគ្នានោះ ការរៀបចំផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តកែបនេះ ត្រូវមានគោល បំណងគឺ៖ ១.អភិវឌ្ឍន៍ខេត្តកែបឱ្យក្លាយជា គោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីត កម្រិតខ្ពស់ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។ ២.បង្កើនគុណភាពផលិតផលទេស ចរណ៍ដែលមានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ ថ្មីៗថែមទៀត ដើម្បីពន្យារការស្នាក់ នៅរបស់ភ្ញៀវទេសចរ នៅគ្រប់រដូវកាលឱ្យបានកាន់ តែយូរ។ ៣. ធ្វើពិពិធកម្មទីផ្សារ ទេសចរណ៍ ដោយផ្តោតលើផលិតផលទេសចរណ៍តាមគោល ដៅ  និង៤. ធានាដល់ចីរភាព នៃការអភិវឌ្ឍ និងធនធានធម្មជាតិ និងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសធានាដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។

ឯកឧត្តម នី ផល្លី បានបញ្ជាក់ថា មកដល់ពេលនេះ ក្រុមការងារបានបញ្ចប់នូវប្លង់ គោលគំនិត (Concept note) នៃការសិក្សាមួយរួចហើយ និងកំពុងបន្តប្រមូល និងវិភាគ ទិន្នន័យ ដើម្បីឈានដល់ការសរសេរសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។

ឯកឧត្ដម នី ផល្លី បញ្ជាក់ទៀតថា សេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តកែប នេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២០ ហើយអាចនឹងដាក់ ឆ្លងកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួង នាខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ បន្ទាប់ពីមានការកែសម្រួល ឬមានការសម្រេចឯកភាពពីប្រមុខរាជរដ្ឋាភិបាល ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តកែបនេះ នឹងត្រូវយកមកអនុវត្តន៍ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ និងអាចមានការពិនិត្យ កែសម្រួលសម្រាប់ការអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ទិត ចន្ថា ក៏បានណែនាំដល់ក្រុមការងារដែល ចូលរួមសិក្សារៀបចំផែនការមេនេះ ត្រូវរួមគ្នាគិតគូរទាំងភាពវិជ្ជមាន អវិជ្ជមាន និងការគ្រប់ គ្រងហានិភ័យទៅលើផ្នែកបរិស្ថាន ប្រព័ន្ធទឹកស្អាត សំណង់ សូរិយោដី សាធារណការ និងផ្នែកពាក់ព័ន្ធដទៃទៀត សំដៅធ្វើឱ្យភ្ញៀវទេសចរដិតជាប់ការចងចាំចំណុចពិសេសៗ ក្រោយបានមកទស្សនាខេត្តនេះ។ ឯកឧត្តមបន្តថា ក្រសួងទេសចរណ៍ក៏បានស្នើឱ្យរដ្ឋបាល ខេត្តកែបបង្កើតក្រុមការងារ ជំនាញមួយ ដើម្បីគាំទ្រ និងចូលរួមក្នុងការសិក្សាស្រាវជ្រាវជា មួយក្រុមការងារថ្នាក់ជាតិ ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ សម្រេចបានប្រកបដោយភាពត្រឹមត្រូវ សមភាព តម្លាភាព និងធានាបាននិរន្តរភាព។

ឯកឧត្ដម កែន សត្ថា  អភិបាល នៃគណៈអភិបាលខេត្តកែប បានបង្ហាញការគាំទ្រ ចំពោះសំណើរបស់ក្រសួងទេសចរណ៍ និងបានលើកសំណើគម្រោងផែនការមួយចំនួន ដាក់បញ្ចូលទៅក្នុងផែនការមេខាងលើ ដូចជាការអភិវឌ្ឍឆ្នេរខ្សាច់ទេសចរណ៍ថ្មី (ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់រហូត ដល់ព្រៃ កោងកាង) និងឆ្នេរខ្សាច់អង្កោល ស្ថិតក្នុង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ក៏ដូចជាការបង្កើត កំពង់ផែទេសចរណ៍ ខ្នាតតូចនៅ កោះទន្សាយ ការរៀបចំឱ្យមានកន្ត្រកខ្សែរ៉ក សម្រាប់ឱ្យអ្នកទេសចរជិះលេងកម្សាន្តពីគោល ដៅទេសចរណ៍មួយទៅគោលដៅមួយទៀតជាដើម៕

ដោយ សាយ សុន (រូបថត៖ ក្រសួងទេសចរណ៍)