កម្ពុជានាំម្រេចចេញបានជាង ២.០០០តោន ក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ — មានសេចក្តីរាយការណ៍ថា ផលិតផលម្រេចកម្ពុជា ជាពិសេសគឺម្រេចកំពត កំពុងតែជួបប្រទះបញ្ហាទីផ្សារនាំចេញ នៅក្នុងអំឡុងពេលដែលមេរោគកូវីដ១៩ កំពុងរាតត្បាតពាសពេញពិភពលោក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាអាចនាំចេញម្រេចបាន២.២៥២តោនដែរ នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០នេះ ។

យោងតាមលទ្ធផលនៃការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោកក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ ដែលបានកត់ត្រាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលិតផលម្រេចកម្ពុជាបាននាំចេញទៅកាន់ទីផ្សារ១៣ ប្រទេស ។ប្រភពដដែលបានឱ្យដឹងថា ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលម្រេចចំនួន ២.២៥២ តោន ទៅកាន់ទីផ្សារនៅប្រទេសជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វីស វៀតណាម អាមេរិក រុស៊្សី អង់គ្លេស ឥណ្ឌា បេឡារុស និងកូរ៉េ។
កាលពីពេលថ្មីៗនេះ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានប្រាប់កាសែតក្នុងស្រុកមួយថា ចាប់តាំងពីមេរោគកូវីដ១៩ រាតត្បាតមក ទីផ្សារម្រេចកំពតដែលជាទំនិញសម្គាល់ ភូមិសាស្រ្តមួយរបស់កម្ពុជា បាន និងកំពុងតែជួបបញ្ហា។

លោកបានអះអាងថា តាំងពីមានផ្ទុះជំងឺកូវីដ១៩មក ម្រេចកំពតនៅមិនទាន់បានលក់ចេញនៅឡើយទេ ដូច្នេះកសិករស្តុកទុក ដោយសង្ឃឹមថា ទីផ្សារអឺរ៉ុប និងអាមេរិក ដែលជាទីផ្សារធំសម្រាប់ម្រេចកំពត នឹងវិលត្រឡប់មកដូចដើមវិញ ។
បច្ចុប្បន្ននេះ ម្រេចកំពតត្រូវបានគេទទួលស្គាល់ទាំងតម្លៃ និងគុណភាព ប៉ុន្តែក្រៅពីកំពតក៏មានតំបន់ជាច្រើនទៀតកំពុងដាំម្រេច ហើយក៏មានជនជាតិជប៉ុនមកវិនិយោគដាំម្រេចនៅខេត្តកោះកុង ដើម្បីនាំចេញទៅកាន់ទីផ្សារជប៉ុនផងដែរ ៕

ដោយ ហេង បញ្ញា