ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ នាំយកថវិកាទៅឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ — នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០  ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បាននាំយកថវិកាចំនួន ៥ម៉ឺនដុល្លារអាម៉េរិក  ដែលជាអំណោយឧបត្ថម្ភរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ទៅឧបត្ថម្ភដល់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធាន ដែលបានដឹកនាំក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ នាំយក ថវិកាសប្បុរសធម៌របស់ឯកឧត្តម កែវ រតនៈ មកឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ដែលបានឧបត្ថម ថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ឆ្នាំ២០២០ ខួបលើកទី១៥៧ ដើម្បីបម្រើឱ្យការងារមនុស្ស ធម៌ក្នុង ខេត្តព្រះសីហនុ ដូចជា ការជួយប្រជាពលរដ្ឋរងគ្រោះ ជនចាស់ជរា ស្ត្រីមេម៉ាយ ក្មេងកំព្រា និងឧបទ្ទវហេតុនៃ គ្រោះមហន្តរាយនានា មានដូចជា ខ្យល់កន្រ្តាក់ ខ្យល់ព្យុះ និងទឹកជំនន់ជាដើម គឺធ្វើយ៉ាង ណាយើងជួយពួកគាត់បានទាន់ពេលវេលា៕

ដោយ ងូ សុមុនី