រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖ បើពលរដ្ឋមិនអនុវត្តតាមវិធានការដែលដាក់​ចេញកន្លងមកនោះទេ កម្ពុជានឹងជួបហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ជាថ្មី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ — ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ប្រសិនប្រជាពលរដ្ឋ​មិនបានអនុវត្តតាមវិធានការដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង សុខាភិបាលដាក់ចេញ​នោះទេ ​កម្ពុជានឹងជួបហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ជាថ្មី។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បានថ្លែងថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩កើន​ឡើងដល់១២០នាក់ ក្នុងចំណោមអ្នកឆ្លងទាំងអស់សរុប១២២នាក់  ក្នុងនោះស្រី មាន៣៧ នាក់  និងបុរស៨៣នាក់ ហើយនៅសល់០២នាក់កំពុងព្យាបាល”។ ឯកឧត្ដមបានបញ្ជាក់ថា ចំនួនវត្ថុសំណាកដែលយកមកធ្វើការវិភាគមានចំនួន១២,៣៧៣សំណាកនៅទូទាំងប្រទេស គិតចាប់ពីខែមករា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដែលក្នុងចំណោមប្រជាជន១លាននាក់ កម្ពុជាបានធ្វើសំណាកបាន៧៦១សំណាក ហើយចំនួននេះបង្ហាញថាកម្ពុជាបានអនុវត្ត​ការធ្វើតេស្តកូវីដ-១៩បានច្រើនជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

ជាមួយគ្នានេះ ទោះបីជាបង្ហាញលទ្ធផលល្អយ៉ាងណាក្តី ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើប្រជា​ពលរដ្ឋទាំងអស់ត្រូវអនុវត្តវិធានការបន្តទៀត ព្រោះថាស្ថានភាពនៅលើសកលលោក មិន​ទាន់មានការធូរស្រាលនៅឡើយ ដោយប្រទេសមួយចំនួនទាំងនៅទ្វីបអឺរ៉ុប  អាហ្រ្វិក និង​អាស៊ីក្តី មកដល់ពេលនេះនៅតែរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីបន្ថែមទៀត​ដែលធ្វើឱ្យ​ មានអ្នកផ្ទុកវីរុសកូវីដ-១៩ ​កើនឡើងដល់៣,២៦៧,១៨៤នាក់ និងស្លាប់២២៩,៩៧១នាក់។​ទន្ទឹមនេះ ក្នុងរយៈពេល២៤ម៉ោង មានអ្នកឆ្លង៩១,៦៧៧នាក់​ និងស្លាប់៥,៧៩៩នាក់ ​(របាយ​ការណ៍​អង្កការសុខភាពពិភពលោក)។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ថ្វីត្បិតតែរយៈ​ពេល៣​សប្តាហ៍កន្លងមកនេះ មិនមានរកឃើញអ្នកឆ្លងកូវីដ-១៩ អ្នកជាសះស្បើយ១២០នាក់ នៅសល់​០២នាក់ គ្មានអ្នកស្លាប់ ក៏ពិតមែន ប៉ុន្តែស្ថានភាពកូវីដ-១៩ ស្ថិតក្នុងការប្រុងប្រយ័ត្ន​នៅ​ឡើយ ហើយសូមបងប្អូនអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិ​បាល។

ឯកឧត្ដម ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា “បញ្ហាដែលនាំមកនូវមហន្តរាយមានគ្រប់ពេលវេលា បើយើងជួបជុំគ្នាច្រើន មិនគោរពបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំ​របស់ក្រសួងសុខាភិបាលទេ យើងនឹងជួបការឆ្លងជំងឺកូវីដ-១៩នេះ​ជា​ថ្មី។ ដូច្នេះសេចក្តីសោកសៅ សេចក្តីវេទនា និងអាយុជីវិតផង បើបងប្អូនមិនធ្វើតាមការ​ណែនាំរបស់ក្រសួង និងរាជរដ្ឋាភិបាល ហើយយើងមិនចង់ឃើញដូចប្រទេសគេថាដាក់​ក្តារមឈូស ទើបខ្លាចនោះទេ”។

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក បានលើកឡើងថា បច្ចុប្បន្ននេះ​ជំងឺ​កូវីដ-១៩ មិនទាន់ចប់នៅឡើយនោះទេនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ ដែលជំងឺនេះនៅតែជាបញ្ហានៃគ្រោះអាសន្នជាសាធារណៈនៃប្រទេសជាតិទាំងមូល។ លោក​ស្រីបានបន្ដថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងសកលលោកដែល​កើត​​ជំងឺកូវីដ-១៩ ហើយនៅប្រទេសមួយចំនួនមានករណីឆ្លងជំងឺនេះ នៅនឹង ​ហើយក៏មាន​ប្រទេសមួយចំនួនទៀតមានការធ្លាក់ចុះផងដែរ  ដែលជាដំណឹងល្អ ប៉ុន្តែនៅប្រទេសមួយ​ចំនួន​ទៀតនៅតែផ្ទុះកើតឡើងដដែល។ លោកស្រីបានបន្ថែមថា “ស្ថានភាពបច្ចុប្បន្នសម្រាប់ជំងឺ​កូវីដ-១៩ នៅក្នុងពិភពលោកគឺនៅមានរយៈពេលឆ្ងាយក្នុងការបញ្ចប់ ហើយដរាបណា​ប្រទេស​​ផ្សេងៗនៅលើសកលលោកផ្ទុះជំងឺនេះ កម្ពុជានៅតែប្រឈមមុខដដែល”។

លោកស្រីបានកត់សម្គាល់ឃើញថា ស្ថានភាពកម្ពុជាមិនអាចដូចដើមនោះទេ ប៉ុន្តែ​យើងមានភាពធម្មតាថ្មីមួយដែលជាទម្លាប់ថ្មីមួយហើយមានស្តង់ដារ។ ក្នុងករណីបុគ្គលម្នាក់ៗ​មិនធ្វើការអនាម័យ និងការទទួលខុសត្រូវរៀងៗខ្លួននោះទេ គឺអាចនឹងមានការបាត់បង់ ឬគ្រោះថ្នាក់ដល់អាយុជីវិត៕

ដោយ  ប៊ុនរិទ្ធ