រដ្ឋបាលខេត្តព្រះសីហនុ ទទួលទឹកថ្នាំសម្លាប់មេរោគ ម៉ាស៊ីនបាញ់ថ្នាំ និងម៉ាស់ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-១៩

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ — នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះ សីហនុ អញ្ជើញទទួលទឹកថ្នាំសម្លាប់មេរោគ០១តោន និងម៉ាស៊ីនបាញ់ថ្នាំមួយគ្រឿងជា អំណោយឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងក្រុមហ៊ុន សា ត្រេនស្ព័ត អិចប្រេស ឧបត្ថម្ភម៉ាស់ ចំនួន២០,០០០ ដើម្បីបម្រើការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-១៩។

លោកប្រធានក្រុមហ៊ុនបានឱ្យដឹងថា តបតាមការអំពាវនាវរបស់រដ្ឋបាលខេត្តព្រះ សីហនុ តាមរយ:លិខិតលេខ ០៧៩/២០ សជណ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ គណៈ កម្មាធិការប្រជាជនខេត្តជីលីន បានឧបត្ថម្ភម៉ាស់ ២០,០០០ ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនិងជំងឺ Covid-១៩ នៅខេត្តព្រះសីហនុ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ សូមថ្លែងអំណរគុណ និងអគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈដល់រដ្ឋ បាលខេត្តព្រះសីហនុ និងក្រុមហ៊ុន សា ត្រេនស្ព័ត អិចប្រេស។ មានទឹកថ្នាំសម្លាប់មេរោគ ម៉ាស៊ីនបាញ់ថ្នាំ និងម៉ាស់ចំនួន ២០,០០០ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកប្រើ ប្រាស់ក្នុងវិធានការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺ Covid-១៩ នៅខេត្តព្រះសីហនុ។ កន្លងមកក៏មានសប្បុរសជន និងពាណិជ្ជករនៅខេត្តព្រះសីហនុ បានចូលរួមឧបត្ថម្ភជាសម្ភារ: ថវិកា ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-១៩ នៅខេត្តព្រះ សីហនុជាបន្តបន្ទាប់។ ទឹកចិត្ត ដ៏ល្អប្រពៃនេះ ជាការចូលរួមចំណែកយ៉ាងសកម្ម ខណៈពេល ដែលខេត្តព្រះសីហនុ មានអ្នកជំងឺ Covid-១៩ ដែលនាំចូលមកពីប្រទេសក្រៅ ហើយរដ្ឋបាល ខេត្តមានវិធានការគ្រប់គ្រងទប់ស្កាត់បានទាន់ពេលវលា  មិនឱ្យជំងឺនេះរីករាលដាល ដល់សហគមន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ដោយ ងូ សុមុនី