ប្រទេសម៉ាឡេស៊ី ជាទីផ្សារសណ្តែកដីរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០ — ប្រទេសម៉ាឡេស៊ី ដែលគេដឹងថា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន បានទទួលទិញផលិត ផលសណ្តែកដីពីកម្ពុជា ។

យោងទៅតាមសេចក្តីរាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ ពោលគឺពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ប្រទេសម៉ាឡេស៊ីបានទទួលទិញសណ្តែកដីពីកម្ពុជានៅក្នុងបរិមាណប្រមាណជា ៣២,៦៤ តោន ។
ប្រភពដដែលនេះមិនបានលម្អិតអំពីតម្លៃ នៃការនាំចេញនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដំណាំសណ្តែកដី ត្រូវបានកត់ត្រានៅក្នុងបញ្ជីនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ។

កន្លងមកសណ្តែកដី គឺជាដំណាំដែលកសិករកម្ពុជាដាំសម្រាប់តែការផ្គត់ផ្គងនៅក្នុងស្រុក និង ការដោះដូរក្រៅប្រព័ន្ធជាមួយនឹងប្រទេសជិតខាងតែប៉ុណ្ណោះ ។ ការដោះដូរផលិតផលសណ្តែកដី គឺកន្លងមក បានប្រពឹត្តទៅតាមរយៈឈ្មួញកណ្តាល ហើយនាំចេញទៅវៀតណាម ទៅថៃ ជាដើម។

ដំណាំសណ្តែកដី ត្រូវបានគេដឹងថា គឺជាដំណាំដែលកសិករកម្ពុជាតែងតែដាំ សឹងតែគ្រប់ តំបន់នៅទូទាំងប្រទេស ។ ដីដែលអាចដាំដុះដំណាំសណ្តែកដីនេះបាន គឺជាប្រភេទល្បាយខ្សាច់ពោលគឺជាដីមានសភាពធូរ។ ជាទូទៅដំណាំប្រភេទនេះ កសិករកម្ពុជាតែងតែដាំមុនចូលឆ្នាំខ្មែរ និងមានរយៈពេលដាំប្រមាណ៤ទៅ៥ខែ។ វាគឺជាប្រភេទរុក្ខជាតិដែលមិនត្រូវការដីមានជាតិសំណើមខ្លាំងពេក ។ សណ្តែកដីអាចធន់ទ្រាំនឹងកម្តៅបានមិនលើសពី៣៨អង្សាសេ។

សណ្តែកដី គឺជាប្រភេទដំណាំមើមម្យ៉ាង ដែលពលរដ្ឋកម្ពុជានិយមយកវាមកធ្វើជាអាហារ ជាបង្អែម ជារបស់ដែលទទួលទានលេងកំដរមាត់ ដោយស្ងោរ លីង និងការកែច្នៃផ្សេងៗទៀត ។ សណ្តែកដី ក៏ជាគ្រឿងផ្សំសម្រាប់មុខម្ហូបបែបប្រពៃណីជាច្រើនដែរ ។

ដោយ ហេង បញ្ញា