អភិបាលស្រុកពញាឮ ដឹកនាំមន្ត្រីរាជការ យុវជនស.ស.យ.ក.ស្រុក និងប្រជាពលរដ្ឋ ប្រមូលសំរាម នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ

AKP កណ្ដាល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ — ក្នុងឱកាសដឹកនាំដឹកនាំមន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)ស្រុក និងប្រជាពលរដ្ឋ ប្រមូលសំរាម នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ថ្ងៃកាលពីថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យវេចខ្ចប់សំរាមដាក់តាមមុខផ្ទះឱ្យយបានត្រឹមត្រូវ ចៀសវាងបោះសំរាមនៅតាមទីសាធារណៈ ផ្លូវជាតិ តំបន់ទេសចរណ៍ និង ប្រមូលសំរាមនៅតាមភូមិ យកមកដាក់នៅមុខផ្ទះដើម្បីឱ្យក្រុមហ៊ុនធ្វើការប្រមូលសំរាមយកមកដុតកម្ទេចចោល។ លោកអភិបាលស្រុក ថន សុវណ្ណា បានមានប្រសាសន៍បន្តទៀតថា នៅស្រុកពញាឮ គឺមានក្រុមហ៊ុនមួយធ្វើការប្រមូលសំរាមតាមបណ្ដារឃុំ ក្នុងស្រុក ជាពិសេសឃុំដែលនៅជាប់ផ្លូវជាតិ ឃុំមួយចំនួនដែលមានទីប្រជុំជន និងតំបន់ទេសចរណ៍នានា ដើម្បីយកមកធ្វើការដុតកម្ទេចចោលនៅឡដុតសំរាម ។ ស្រុកពញាឮមានឡដុតសំរាមចំនួន ៣កន្លែង ដែលឡដុតសំរាមធំៗមានចំនួន២ ដែលឧបត្ថម្ភដោយក្រសួងបរិស្ថាន មាននៅភ្នំប្រសិទ្ធ និង នៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ដែលឡនីមួយៗអាចដុតសំរាមបាន ៤តោនក្នុងមួយថ្ងៃ និងឡមួយទៀតមានទីតាំងនៅជិតភ្នំព្រះរាជទ្រព្យ ដែលឧបត្ថម្ភដោយរដ្ឋបាលខេត្តកណ្ដាល។

លោកអភិបាលស្រុក មានប្រសាសន៍ទៀតថា ការរើសសំរាមនេះ គឺជាការបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមសម្អាតអនាម័យនៅជុំវិញផ្ទះ និងសហគមន៍ផងដែរ។ ជាមួយគ្នានេះដែរអ្នកចូលរួមទាំងអស់ មានការរីករាយក្នុងការចូលរួមរើសសំរាមនៅបរិវេណភ្នំព្រះរាជទ្រព្យ និង បានសំណូមពរដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមបោះចោលសំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យរមណីយដ្ឋានយើងស្អាត ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើនផងដែរ ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)