ក្រសួងបរិស្ថានបន្តអនុវត្តន៍វិធានការច្បាប់ប្រឆាំងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ ក្នុងតំបន់ដែនជម្រកសត្វព្រៃទាំង ៤ របស់ខេត្តមណ្ឌលគិរី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០–មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងថា សមត្ថកិច្ចក្រសួង សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងបន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនល្មើសដែលបានរុករានទន្ទ្រានកាន់កាប់ដីព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃទាំង ៤ រួមមាន៖ ដែនជម្រកសត្វព្រៃកែវសីមា, ដែនជម្រកសត្វព្រៃស្រែពក, ដែនជម្រកសត្វព្រៃភ្នំព្រេច, និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែង នៃការទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ថា ក្នុងខែមេសាកន្លងទៅនេះ មេខ្លោង និងជនល្មើសចំនួន ១៣នាក់ដែលជាប់ពាក់ព័ន្ធនឹងការរុករានទន្ទ្រាន កាន់កាប់ដីព្រៃជាច្រើនហិកតា នៅក្នុងរបៀងអភិរក្សជីវៈចម្រុះ ស្ថិតក្នុងស្រុកកោះញែក ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច, ក្នុងដែនជម្រកសត្វព្រៃស្រែពក, និងដែនជម្រកសត្វព្រកែវសីមា, ត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរីសម្រេចចោទប្រកាន់ និងឃុំខ្លួនពាក់ព័ន្ធករណីកាប់គាស់ រុករាន ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវបានការពារដោយច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញ ឬលក់ដូរដីធ្លី នៅក្នុងតំបន់ការពារធម្មជាតិបានឡើយ។ ក្រសួងបរិស្ថានស្នើសុំបងប្អូនប្រជាពលរដ្ឋដែលមិនបានយល់ដឹងច្បាស់ពីច្បាប់ សូមឈប់ចាញ់បោកជនខិលខូចបន្តទៀត និងសូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុសច្បាប់ ជាអាទិ៍ ការឈូសឆាយ កាប់ឆ្ការ ដុត​​ រុករាន ទន្ទ្រានដីព្រៃ ការសាងសង់ខ្ទមឬរោង ការដាំដុះដំណាំ និងការអាស្រ័យលើដីរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ។ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការទិញ​ លក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ទីតាំងដីទាំងនោះដោយឥតលក្ខខណ្ឌមកជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់»។

ក្រសួងប​រិស្ថានសូមបដិសេធ នូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីដោយខុសច្បាប់គ្រប់ប្រភេទ ដូចជា ​ការទន្ទ្រានកាន់កាប់ ការផ្ទេរ ការទិញ លក់ដីដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។​

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងចំណោមជនល្មើសទាំង១៣ នាក់ដែលត្រូវបានងនុវត្តន៍វិធានការច្បាប់ នៅក្នុងខេត្តមណ្ឌលគិរីក្នុងអំឡុងខែមេសាកន្លងទៅនេះ រួមមាន៖ បុរស ៣នាក់ ត្រូវបានសាលាដំបូងសម្រេចដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់គាស់ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងទំហំជាង ៣៤ហិកតា តាមបញ្ញត្តិ មាត្រា៦២ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ជនសង្ស័យ​ ២នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីកាប់គាស់ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅត្រង់ចំណុចត្រពាំងទឹកល្អក់ស្ថិតក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ មន្រ្តីជំនាញបរិស្ថានបានត្រួតពិនិត្យកន្លែងកើតហេតុឃើញថា មានការកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ហើយបានវាស់វែងជាក់ស្ដែងលើផ្ទៃដីមានទំហំជិត ៧៨ហិកតា។ មនុស្ស ៣នាក់ផ្សេងទៀត ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគីរីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៃដែនជម្រកសត្វព្រៃភ្នំព្រេច តាមបញ្ញត្តិ មាត្រា៦០ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ កាលពីថ្ងៃទី២៥ ខែមេសា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី ក៏បានសម្រេចឃុំខ្លួនបុរស ៣នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់គាស់ និងរុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិ មាត្រា៦២ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ជនត្រូវចោទទាំង ៣នាក់ ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី តាមដាន និងស្រាវជ្រាវសកម្មភាពកាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅចំណុចអូរជីមីស ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក ហើយឈានដល់ការចាប់ឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នលើជនត្រូវចោទ ២នាក់ ពីបទកាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិ មាត្រា៦២ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ មនុស្សទាំង ២នាក់នេះ ជាមុខសញ្ញាមេខ្លោងដ៏សកម្មក្នុងការគូសវាសចែកដីរដ្ឋដោយខុសច្បាប់ នៅត្រង់ចំណុចអូរយីងខាងជើង ស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។

​ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅរៀងរាល់ថ្ងៃ មន្ត្រីក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្សទាំង ១.២៦០នាក់ ដែលមានតួនាទីជាមន្ត្រីនគរ

បាលយុត្តិធម៌ និងជាឆ្មាំការពារធម្មជាតិ នៅលើផ្ទៃដីអភិរក្សសរុបប្រមាណជាង ៧,២លានហិកតា នឹងបង្កើនសកម្មភាពចុះល្បាតរបស់ខ្លួន ដើម្បីទប់ស្កាត់ការរុនរាន ទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ ក៏ដូចជាបទល្មើសព្រៃឈើ ការបរបាញ់សត្វខុសច្បាប់ និងជាពិសេសទប់ស្កាត់ការកាប់ឆ្ការ និងរុករានដីព្រៃខុសច្បាប់ និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗ ដើម្បីទន្ទ្រានកាប់កាប់ដី ៕

ដោយ ពេជ្រ ណារិទ្ធ