បទយកការណ៍៖ កម្ពុជា ក្នុងដំណើរឆ្ពោះទៅរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ — ដើម្បីឈានទៅសម្រេចជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួន ក្នុងការទទួលធ្វើ​ជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ​នេះ តើព្រះរាជាណាចក្រកម្ពុជាបានត្រៀមអ្វីខ្លះ ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការ​កសាង​​សមត្ថភាពអត្តពលិក ថវិកាជាតិ? ហើយតើអ្នកណាខ្លះ ស្ថាប័នណាខ្លះ ដែលជាបង្អែក​ដ៏រឹងមាំ ក្នុងដំណើរបាញ់ឆ្ពោះទៅរៀបចំការប្រកួតកីឡាដ៏ធំប្រចាំតំបន់មួយនេះ?

ការទទួលបានជោគជ័យក្នងការរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍កីឡាថ្នាក់​តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ គឺត្រូវ​មានផែនការមេច្បាស់លាស់ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការ​កសាង​​សមត្ថភាពអត្ត​ពលិក​ និងថវិកាក្នុងការជំរុញដល់ដំណើរការនៃការរៀបចំនេះ។ បើតាមមន្រ្ដីគណៈកម្មាធិ​ការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣បានឱ្យដឹង​ថា ​«ផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា​​អាស៊ី​​អាគ្នេយ៍ SEA Games លើក​ទី៣២ ឆ្នាំ២០២៣» (២០១៦-២០២៣) គឺជាផែនទីបង្ហាញផ្លូវ​ដ៏សំខាន់បំផុត ក្នុងការគូសវាស​តួនាទី ភារកិច្ច ចក្ខុវិស័យ គោលបំណងគ្រប់ទម្រង់ទាំងអស់ ក្នុង​ដំណើរទទួលរៀបចំកីឡា​អាស៊ី​អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រជាលើកដំបូងរបស់​កម្ពុជា ដោយត្រូវបានអនុម័តពីគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញ​អង្គ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ។ ផែនការមេនេះបង្ហាញឱ្យ​ឃើញនូវ​សមាសភាពនៃរចនាសម្ព័ន្ធ​ដ៏ជាក់​លាក់មួយ គឺគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដោយ​ដឹកនាំ​ដោយ សម្តេចពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ហើយ​ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា​អនុប្រធានអចិន្ត្រៃយ៍ CAMSOC ព្រមទាំងឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាច្រើនរូបទៀតទទួល​បន្ទុក​​អនុប្រធាន CAMSOC។ កាលពីថ្មីៗនេះ ឯកឧត្តម លោកជំទាវ ដែលជាអភិបាលរាជធានី-ខេត្តទាំង ២៥ គឺជាអនុ​ប្រធាន​​ដែរ ហើយ CAMSOC មានគណៈកម្មការជំនាញចំនួន១៤។

នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាស និងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ សម្តេចពិជ័យ​សេនា ទៀ បាញ់ CAMSOC តែងតែបានជំរុញលើផែនការនានា ដើម្បីសម្រួចគោលដៅឆ្ពោះ​ទៅស៊ីហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។  ក្នុងនោះមានផែនការសំខាន់ៗ៥ចំណុច មានដូចជា៖ ទី១- ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ ទី២- រៀបចំផ្លាស់ប្ដូរឥរិយាបថប្រជាជនក្នុងមូលដ្ឋានលើភាពស្អាត និងបៃតង និង​កាត់បន្ថយភាពអសកម្មក្នុងសង្គម។ ទី៣-រៀបចំអប់រំប្រជាជនឱ្យស្គាល់តម្លៃនៃកា​រធ្វើ​សកម្ម​ភាពអប់រំ និងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ ទី៤- រៀបចំរូបសំណាក ឬផ្ទាំង​ផ្សព្វផ្សាយរៀបចំព្រឹត្តិការណ៍កីឡាមហាជន កម្មវិធីកីឡា កម្មវិធីសិល្បៈ វប្បធម៌ អំឡុងពេល​ស៊ីហ្គេម ឆ្នាំ២០២៣ និងទី៥-សហការ និងជួយរៀបចំសកម្មភាពរបស់គណៈកម្មាធិការជាតិ SEA Games នៅរាជធានី-ខេត្ត ដែលផែនការនេះត្រូវបានដាក់ចេញ​ សម្រាប់អាជ្ញាធរថ្នាក់ក្រោម​ជាតិមានរាជធានី-ខេត្តទាំងអស់ត្រូវចូលរួមអនុវត្តន៍ ហើយណែនាំឱ្យប្រជាពលរដ្ឋស្គាល់​នូវ​កាតព្វកិច្ចរបស់ខ្លួន ដើម្បីផ្សព្វផ្សាយនៅគ្រប់ទីកន្លែងតាមរាជធានី-ខេត្ត មន្ទីរ ស្រុក ឃុំ និងភូមិ​ជាដើម។

ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃ CAMSOC បានមានប្រសាសន៍ថា «ក្នុង​ដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣» នេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គឺមាន​​កាតព្វ​​កិច្ច​ចូលរួមស៊ីហ្គេមទាំងអស់គ្នា ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ នៅក្រៅស៊ីហ្គេមនេះ​ឡើយ ទោះតិចក្តី ច្រើនក្តី ឬក្នុងកម្រិតណាក្តី ក៏ត្រូវតែចូលរួមដែរ។ ទាក់ទឹងទៅនឹង ការ​ពង្រឹងគុណ​ភាព​របស់​​សហព័ន្ធកីឡាជាតិនានា ត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន លើក​ឡើង​នូវការ​កោត​សរសើរចំពោះសហព័ន្ធកីឡាជាតិនានា ដែលកន្លងមកបានខិតខំយ៉ាងខ្លាំង បើទោះបីជា​មានការលំបាកខ្លះ មានការខ្វះខាតខ្លះ ប៉ុន្តែសហព័ន្ធកីឡាជាតិនៅតែបានខិត​ខំប្រឹងប្រែង​អនុវត្តន៍តាមការតម្រង់ទិសចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា និងCAMSOC ដែលមាន​សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានកំពុងច្បាមយកនូវគោលដៅ​ដ៏ច្បាស់​លាស់​​​ឈាន​ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម។ ពេលវេលា ដែល​នៅសល់ប្រមាណ៣ឆ្នាំប៉ុណ្ណោះ ដែលឯកឧត្តមបណ្ឌិត ថោង ខុន អះអាងថា ការងារ​យើង​នៅច្រើនណាស់ សំខាន់ការងារទាក់ទងនឹងបច្ចេកទេសដែលជាបញ្ហាធំ ទាក់ទងនឹង​ធនធានមនុស្ស ការបណ្តុះបណ្តាល ការគ្រប់គ្រងព្រឹត្តិការណ៍ ពិធីបើក ពីធីបិទ ការហូបចុក ស្នាក់នៅ មិនមែនជាបញ្ហាលំបាកពេកទេ ខណៈភូមិកីឡាកំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ ក្នុងរយៈពេល០៣ឆ្នាំគឺរួចរាល់ហើយ។ ចំពោះបញ្ហាដែលធំជាងគេ សហព័ន្ធកីឡាជាតិគឺ​ជា​ស្នូលមូលដ្ឋាន ក្នុងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីគ្រប់គ្រង​ព្រឹត្តិ​ការណ៍​តាមប្រភេទកីឡាជំនាញនីមួយៗ ដោយសហព័ន្ធជាតិត្រូវពង្រឹងខ្លួន ឈានឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ២០២៣។ “សហព័ន្ធកីឡាជាតិយើងខិតខំណាស់ ប៉ុន្តែបើពិនិត្យលើលទ្ធភាព គឺយើងនៅថ្មី ជាពិសេសគឺសហព័ន្ធច្រើនណាស់ ដែលមិនមានប្រភពធនធានថវិកាខ្លួនឯង ដោយថវិកាមួយភាគធំ គឺបានពីរដ្ឋ ហើយប្រសិនបើសហព័ន្ធ​កីឡាជាតិមានថវិកាដោយ​ខ្លួនឯង គឺមិនសូវខ្វាយខ្វល់ប៉ុន្មានទេ ពីព្រោះសហព័ន្ធអាចគ្រប់គ្រងខ្លួនឯង ម្ចាស់ការខ្លួនឯង រៀបចំផែនការខ្លួនឯង ដោយគ្រាន់តែទទួលគោលនយោបាយពីក្រសួងអប់រំ យុវជន និងកីឡា និងការជួយតម្រង់ទិសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺជាការស្រេច។ ដូច្នេះ​ហើយខ្ញុំស្នើសុំឱ្យរួមគ្នាជួយ ដើម្បីគោលដៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។” នេះជា​ប្រសាសន៍​​បន្ថែមរបស់ឯកឧត្តមបណ្ឌិត ថោង ខុន។

នៅក្នុងគោលដៅដ៏ចម្បងនេះ គេមើលឃើញនូវការកសាងនូវហេដ្ឋារចនាសម្ព័ន្ធបម្រើ​ឱ្យ​ការប្រកួត និងការបណ្តុះបណ្តាលធនធានមនុស្សមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីឈុតធំ និងឈុតថ្នាលយុវជនជាបន្ទាប់ ប៉ុន្តែនៅក្នុងស្ថានភាពរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩បានធ្វើឱ្យដំណើរការមួយចំនួនត្រូវបានពន្យាពេលបណ្តោះអាសន្ន ចាប់តាំងពីខែមីនា ឆ្នាំ២០២០។ ក្នុងនោះការប្រមូលផ្តុំនៃក្រុមជម្រើសជាតិត្រូវបានរំសាយ និងបន្តការហ្វឹកហាត់​នៅតាមផ្ទះរៀងៗខ្លួន ដើម្បីចូលរួមបង្ការការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ ដែល​​កំពុងធ្វើឱ្យពិភពលោក ទ្វីប រួមទាំងតំបន់អាស៊ីអាគ្នេយ៍រងផលប៉ះពាល់ដូចគ្នាផងដែរ។ ចំពោះ​ការប្រកួតនានាត្រូវបានផ្អាកបណ្តោះអាសន្ន ខណៈការប្រកួតកីឡា (National Games) លើក​ទី៣ ឆ្នាំ២០២០ ត្រូវបានពន្យាពេលដែរ ដែលកីឡាជាតិ ត្រូវបានប្រារព្ធធ្វើឡើងរៀង​រាល់២ឆ្នាំ​ម្តង កាលពីលើកទី១ ឆ្នាំ២០១៦ លើកទី២ កាលពីឆ្នាំ២០១៨។ ការប្រកួតកីឡាជាតិមានគោល​ដៅធំមួយ គឺដើម្បីពង្រឹងគុណភាពបច្ចេកទេស រួមទាំងទម្រង់នៃការរៀបចំនានា តម្រង់ទិស​ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ សម្រាប់ដំណើរការសាងសង់កីឡដ្ឋានធំ​នៃ​ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកំពុងដំណើរសាង​សង់​យ៉ាងសកម្មមិនផ្អាកនោះឡើយ ដោយនៅដំណាច់ខែធ្នូ ឆ្នាំ២០២០នេះនឹងសម្រេចរួចរាល់​ជាស្ថាពរ។ សំណង់កីឡដ្ឋានដ្ឋានធំ ស្ថិតនៅក្នុង​ដំណាក់​កាល​ទី​២​ បន្ទាប់​ពី​ដំណាក់​កាល​ទី​១ ​​មានមណ្ឌល​ហែល​ទឹក​ និងកីឡដ្ឋានក្នុងសាល (សង្វៀន​ប្រដាល់ បាល់ទះ បាល់បោះ​ជា​ដើម) ត្រូវ​បាន​កសាង​រួច​រាល់​កាល​ពី​ឆ្នាំ​២០១៧។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបង្ហាញនូវបច្ចុប្បន្នភាព​នៃវឌ្ឍន​ភាពហេដ្ឋរចនាសម្ព័ន្ធ ក៏ដូចជាការប្រមូលផ្តុំក្រុមជម្រើសជាតិ ដែលត្រៀមស៊ីហ្កេម ២០២៣ ក្នុងចន្លោះប្រភេទកីឡាពី៣០ទៅ៣៥ប្រភេទកីឡានេះថា ចំពោះកម្មវិធីហ្វឹកហាត់នៅតាម​ផ្ទះ​របស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ពង្រឹង​ការហ្វឹក​ហាត់ឱ្យបាន៣ម៉ោង ក្នុងមួយថ្ងៃៗ ដើម្បីឆ្ពោះទៅទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រជាលើកដំបូងរបស់​ព្រះរាជា​ណាចក្រកម្ពុជា។ ឯកឧត្ដមបានបន្ដថា ក្រោយពីការប្រកាសរំសាយការប្រមូលផ្តុំហ្វឹកហាត់​​របស់​​ក្រសួងអប់រំ យុវជន និងកីឡា កាលពីខែមីនា ឆ្នាំ២០២០ កីឡាករ កីឡាការិនីជម្រើស​ជាតិកម្ពុជា ដែលកំពុងសម្រាកសកម្មនោះកំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះដោយខ្លួនឯង តាម​កម្មវិធីដែលគ្រូបង្វឹកនៃសហព័ន្ធកីឡាជាតិនានាដាក់ឱ្យ ប៉ុន្តែឯកឧត្តមបានអំពាវនាវឱ្យ​ហ្វឹកហាត់ឲ្យបាន៣ម៉ោង ក្នុងមួយថ្ងៃៗ។ ឯកឧត្តមបានបញ្ជាក់ជូនជាថ្មីទៀតថា នៅក្នុងសកម្ម​ភាព​កីឡា គឺមិនអាចសម្រាកអសកម្មបានទេ ដោយមូលហេតុនៃការសម្រាកអសកម្មធ្វើឱ្យ​ប៉ះពាល់ដល់គុណផលកីឡាប៉ះពាល់ដល់សមត្ថភាពផ្លូវកាយ បច្ចេកទេសរបស់ពួកគាត់ នៅ​ពេលដែលពួកគាត់ចូលមកហ្វឹកហាត់វិញ។ ឯកឧត្តមក៏បានរម្លឹកជាថ្មីឱ្យ​អត្តពលិកជម្រើសជាតិ​ទាំង​អស់ត្រូវតែបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តការហ្វឹកហាត់ដោយខ្លួនឯង​នៅ​តាមផ្ទះ ដោយការសម្រាកនេះទទួលរងផលប៉ះពាល់ច្រើនណាស់ ពោលគឺឡើងទម្ងន់ អាច​នឹង​​មានជំងឺ ដោយសារធ្លាប់ហ្វឹកហាត់ខ្លាំង ហើយនៅពេលទំនេរនេះអាចហូបច្រើនពេក ឬហូបប្រៃពេក ផ្អែមពេក… ដែលអាចធ្វើឲ្យរងផលប៉ះពាល់ ក្នុងការថែរក្សានិរន្តរភាពនៃបន្សាំ​គុណភាពកម្លាំងកាយរបស់ពួកគាត់។ ដូច្នេះហើយឯកឧត្តមសូមណែនាំបន្ថែមឱ្យកីឡាករ កីឡាការិនី ជាពិសេសគឺគ្រូបង្វឹកលើប្រភេទកីឡាទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកម្មវិធី​ហ្វឹកហាត់ឲ្យបានខ្លាំងក្លា ឬយ៉ាងតិចឱ្យបាន៣ម៉ោង ក្នុង១ថ្ងៃៗ។ ឯកឧត្ដមបានបន្ថែមថា “ដោយសារកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដូច្នេះហើយ​យើង​មិនអាចផ្តេកផ្តួល នៅក្នុងស្ថានភាពនេះទេ ដោយពេលនេះគឺយើងត្រូវតែខិតខំប្រែក្លាយ​នៃ​សម្រាកនេះទៅជាជំនឿចិត្តលើខ្លួនឯង ដោយហ្វឹកហាត់ឱ្យអស់ពីសមត្ថភាពនៅ​តាមផ្ទះ​រៀងៗ​ខ្លួន”។

ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅ​កម្ពុជានោះ ត្រូវបានឯកឧត្តម អគ្គលេខាធិការគូសបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តម​បណ្ឌិត​ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានសង្កត់ធ្ងន់លើការរៀបចំហេដ្ឋារច​នា​សម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ត្រៀមស៊ីហ្គេមនោះឱ្យបានចប់សព្វគ្រប់ នៅដំណាច់​ឆ្នាំ២០២០​នេះ។ ចំពោះការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ​មរតក​តេជោកំពុងដំណើរការសាង សង់តាមធម្មតា មិនមានការផ្អាកនោះទេ ដោយមានកម្មករខ្មែរ​២០០នាក់ និងកម្មករចិន២០០នាក់ដែរ ស្ថិតនៅក្នុងការគ្រប់គ្រងយ៉ាងល្អមិនអនុញ្ញាតឱ្យចេញ-ចូលនោះទេ។ ឯកឧត្ដមអគ្គលេខាធិការបានអះអាងថា ពេលនេះ ការសាងសង់កីឡដ្ឋានធំ​សម្រេចបានប្រមាណ៨០ភាគរយ ដែលជាកន្លែងប្រារព្ធពិធីពិធីបើក-បិទនៃស៊ីហ្គេម ២០២៣ ហើយផ្នែកសំណង់រឹងគឺត្រូវបានធ្វើសម្រេចបាន១០០ភាគរយហើយ ដោយនៅសល់តែការ​បំពាក់ដំបូល កៅអី កញ្ចក់…និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលត្រូវបំពាក់​នៅខាងក្រោមអគារនៃកីឡដ្ឋាន ដែលមានផ្សារទំនើប សណ្ឋាគារ សាលហ្វឹកហាត់មួយ​ចំនួនទៀត នៅខាងក្រោមនោះដែរ។ ជាមួយគ្នានេះ ខាងភាគីចិនបានប្តេជ្ញាថា​នឹងសាងសង់ឱ្យ​​រួចរាល់ជាស្ថាពរ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ហើយចាប់ពីឆ្នាំ២០២១តទៅ​យើងនឹង​អាចប្រើប្រាស់នូវពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការហ្វឹកហាត់បន្សាំទៅនឹង​ទីលាន​ទាំងនោះ។

“សម្រាប់ហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ស៊ីហ្គេម យើងមិនព្រួយបារម្ភខ្លាំងទេ ប៉ុន្តែអ្វី​ដែល​ជាក្តីបារម្ភខ្លាំងនោះ គឺការកសាងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា។ ក្រោម​ការចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ឱ្យប្រតិបត្តិករ​កីឡាសម្រួចគោលដៅលើផ្នែកបច្ចេកទេសកីឡារបស់អត្តពលិក ហើយនៅដើមឆ្នាំ២០២០នេះ ប្រសិនបើគ្មានជំងឺកូវីដ-១៩ កម្ពុជាបានបញ្ជូនអត្តពលិក១១០នាក់គ្រប់ប្រភេទ​កីឡាទាំង​អស់​ទៅហ្វឹកហាត់នៅប្រទេសចិនរួចហើយ។ ប៉ុន្តែឥឡូវនេះមានភាពប្រែប្រួលថ្មីៗ ដែលកម្ពុជា​គ្រោង​នឹងត្រូវបញ្ជូនអត្តពលិក១១០នាក់ទៅហ្វឹកហាត់ នៅប្រទេសចិនដដែល នាខែវិច្ឆិកា ឆ្នាំ២០២០ ប្រសិនបើ ២ ឬ៣ខែឆាប់ៗនេះមានលក្ខណៈល្អប្រសើរ ហើយត្រូវតែអនុវត្តន៍វិធាន​ការសុខាភិបាល១៤ថ្ងៃនៅកម្ពុជា និងបន្ត១៤ថ្ងៃនៅចិនទៀត។”នេះជាការលើកឡើងបន្ថែម​របស់ឯកឧត្តម វ៉ាត់ ចំរើន។ ឯកឧត្ដមបានថ្លែងបន្ដថា ប្រសិនបើមិនអាចបញ្ជូនក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ យើងនឹងលើកគម្រោងបញ្ជូននេះទៅធ្វើ នាខែមីនា ឆ្នាំ២០២១ វិញ ដើម្បី​គោលដៅដណ្តើមនូវមេដាយឱ្យបានច្រើននៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេស​វៀត​ណាម ដើម្បីជាសញ្ញាណល្អមួយ ឬជោគជ័យ​មួយ​ជំហានទៀត ក្នុងដំណើរឆ្ពោះទៅស៊ី​ហ្គេម ២០២៣ នៅកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានកត់សម្គាល់ឃើញថា ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅតែមានភាពវិជ្ជមាន ដោយការខិតខំប្រឹងប្រែងនៅតែបន្តជាមួយនឹងគ្រប់បញ្ហាអ្វីៗ​ទាំងអស់​កំពុងដំណើរដោយរលូន បើទោះបីជានៅក្នុងឆ្នាំ២០២០នេះយើងជួបបញ្ហាជំងឺកូវីដ-១៩នេះក្តី ក៏ការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល ខណៈការកសាង​ធនធានមនុស្ស កីឡាករ កីឡាការិនីជម្រើសជាតិបានរងផលប៉ះពាល់ខ្លះៗក្នុងរយៈពេលខ្លី ប៉ុន្តែយើងអាចពង្រឹងសមត្ថភាពនេះចាប់ពីឆ្នាំ២០២១បាន។ ដោយឡែកការងាររដ្ឋបាល ការ​រៀបចំផែនការយុទ្ធសាស្ត្រ ការពង្រឹងរចនាសម្ព័ន្ធ និងកិច្ចការផ្សេងៗនៅតែបន្តធ្វើជាប្រចាំ​ស្របតាមផែនការមេស៊ីហ្គេម ២០២៣។

សូមរម្លឹកថា នៅក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិរបស់​ខ្លួន​ចំនួន ២៧៦នាក់ ហើយបើសរុបទាំងគ្រូបង្វឹក គ្រូជំនួយ និងមន្ត្រីទាំងអស់របស់កម្ពុជា គឺមាន​ចំនួន៤៤៧នាក់ លើ៣១ប្រភេទកីឡា។ ជាលទ្ធផល គឺកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ នៅក្នុងចំណោម១១ប្រទេសនៃតំបន់អាសីអាគ្នេយ៍ ដោយកម្ពុជាឈ្នះបានមេដាយមាស​ចំនួន៤វិញ្ញាសា ដោយគុនល្បុក្កតោលើវិញ្ញាប្រពៃណីហ្វីលីពីន Arnis ដណ្តើមបានដោយ​កីឡាករ យ៉ង់ ម៉េងលី, តេក្វាន់ដូ WT ដោយកីឡាការិនី ស៊ន សៀវម៉ី, ក្រុមប៉េតង់នារី និងកីឡាជឺជីតស៊ូ ដោយកីឡាការិនី ខាន់ ចេសា។ ក្រៅពីនេះមានមេដាយប្រាក់៦ និង​សំរឹទ្ធិចំនួន៣៦ សរុបមេដាយ៤៦វិញ្ញាសា រីឯម្ចាស់ផ្ទះហ្វីលីពីនឈរនៅលេខ១ជាមួយ​នឹង​មេដាយច្រើនលើសលប់សរុប ៣៨៧គ្រឿង, លេខ២ វៀតណាមសរុប ២៨៧គ្រឿង (មេដាយមាស ៩៨គ្រឿង) និងលេខ៣ ប្រទេសថៃ មេដាយសរុប ៣១៨គ្រឿង (មាស ៩២គ្រឿង)៕

ដោយ ហេង ណាលីន និង អ៊ុន រិទ្ធី