សត្វទោចមកុដនិងសត្វភេដែលបានដោះលែងនៅព្រៃឧទ្យានអង្គរកើតបានកូន៣

AKP សៀមរាប ថ្ងៃទី​​​0២ ខែ​ឧសភា ឆ្នាំ២០២០ — យោងតាមការឱ្យដឹងពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា សត្វទោចមកុដនិងសត្វភេ ដែលបានដោះលែងនៅព្រៃឧទ្យានអង្គរ កន្លងមកនោះ រហូតមកទល់ពេលនេះពួកវាបង្កើ​តបានបានកូន៣ហើយ ដែលក្នុងនោះទោចមកុដកើតបានកូនមួយ ដែលមានអាយុប្រហែល៤សប្តាហ៍ហើយ និងសត្វភេខ្លួនរលោង កើតបានកូនចំនួន២ ដែលកូនភេទាំង២នោះមានអាយុប្រហែល៣ខែហើយ។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្ស​រា​បានឱ្យដឹងនៅថ្ងៃ១១កើតខែពិសាខឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ខែឧសភាឆ្នាំ២០២០នេះថា ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការដោះលែងសត្វចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរបានជាច្រើនប្រភេទដូចជា សត្វទោចមកុដចំនួន១០ក្បាល សត្វឈ្លូសចំនួន៤ក្បាល សត្វស្វាព្រាមចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល សត្វភេខ្លួនរលោងចំនួន៥ក្បាល ដែលមកដល់ពេលនេះសត្វទាំងអស់នោះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

លោក ឡុង កុសល បានឱ្យដឹងទៀតថា ដោយឡែកសត្វទោចមកុដចំនួន៣គ្រួសារ ដែលក្នុងនោះនៅក្បែរប្រាសាទតានៃមានចំនួន៥ក្បាល ទើបតែកើតបានកូនមួយបន្ថែម ដែលមានអាយុប្រហែល៤សប្តាហ៍ហើយ។ ក្រៅពីនោះសត្វទោចមកុដផ្សេងទៀតដែលបានដោះលែងនា​ពេលកន្លងមក គឺនៅខ្លោងទ្វារខ្មោចមានចំនួន៤ក្បាល និងនៅខ្លោងទ្វារតាកែវមានចំនួន២ក្បាល កំពុងផ្សាំក្នុងទ្រុង ហើយគ្រោងនឹងដោះលែងនៅរដូវវស្សាខាងមុខនេះ។ សរុបនៅឧទ្យា​ន​អង្គរ សត្វទោចមកុដទាំងអស់មានចំនួន១១ក្បាល។ ហើយក្នុងពេលឆាប់ៗខាងមុខនេះក្រុមការងារគ្រោងនឹងយក២ក្បាលបន្ថែមទៀតដាក់នៅក្បែរបឹងសន្ធមារ(ខាងជើងឈៀងខាងលិចក្នុងបរិវេណតំបន់អង្គរធំ) ក្រោយពីសង់ទ្រុងដែកសម្រាប់ផ្សាំរួចរាល់។

លោក ឡុង កុសល បានឱ្យដឹងទៀតថា ចំពោះសត្វភេខ្លួនរលោងដែលគម្រោងបានដោះលែងចំនួន៥ក្បាលកន្លងមក ពេលនេះក៏កើតបានកូនចំនួន២ផងដែរ ដែលកូនភេទាំង២នោះមានអាយុប្រហែល៣ខែហើយ។ ហើយដើម្បីឱ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់អង្គរ ត្រូវចូលរួមថែរក្សាសត្វទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឱ្យសត្វទាំងនោះ៕

ដោយ ហង្ស សៀក