ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់៖ អ្នកវិជ្ជមានវីរុសកូវីដ១៩ ដែលនៅសេសសល់ទាំង០៣រូប នឹងឈានទៅរកការជាសះស្បើយ ក្នុងពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ ដែលនៅសេសសល់ទាំង០៣រូប នឹងឈានទៅរកការជាសះស្បើយក្នុងពេលឆាប់ៗនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ “អ្នកជំងឺដែលនៅសល់ទាំង០៣នាក់នោះ ពិតមែនតែការធ្វើតេស្តនៅបន្តវិជ្ជមានជំងឺកូវីដ១៩ នៅឡើយក៏ដោយ ប៉ុន្តែស្ថានភាពសុខភាពរបស់ពួកគាត់ គឺបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយយើងសង្ឃឹមថាពួកគាត់នឹងឈានទៅរកការជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែក្នុងខណៈពេលនេះគឺតម្រូវឱ្យពួកគាត់នៅសម្រាកព្យាបាលជាបន្តទៀតសិន ហើយក្រុមគ្រូពេទ្យរបស់យើងនឹងធ្វើវិភាគសំណាក រហូតទាល់តែអវិជ្ជមានចំនួន០២ដង ទើបអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ។” 

ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋមួយចំនួន ដែលហាក់ដូចជាលែងខ្លាចការឆ្លងជំងឺកូវីដ១៩ ពិតមែនតែព្រះរាជាណាចក្រកម្ពុជា ពុំមានរកឃើញករណីឆ្លងថ្មីណាមួយចំនួន១៩ថ្ងៃជាប់ៗគ្នាមកហើយ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនដែលបានយករថយន្តទៅឆៀក ឬក៏ប្តូរប័ណ្ណបើកបរដែលហួសសុពលភាពជាដើម ហាក់បង្ហាញនូវការធ្វេសប្រហែសច្រើន ដោយខ្លះពុំបានរក្សាគម្លាតសុវត្ថិភាព (ដែលជាទូទៅគឺ១,៥ម៉ែត្រ) ខ្លះពុំពាក់ម៉ាស។ល។ ដែលនេះជាហានិភ័យខ្ពស់ណាស់នៃការឆ្លងវីរុសកូវីដ១៩ ព្រោះនៅទូទាំងពិភពលោក និងប្រទេសនៅក្បែរខាងយើង ពុំទាន់មានសញ្ញាថមថយនៅឡើយទេ ដូច្នេះអាចមាននូវការនាំចូលជំងឺកូវីដ១៩នេះជាយថាហេតុណាមួយ មកប្រទេសយើង ហើយប្រទេសកម្ពុជាយើងក៏អាចនឹងត្រូវរលកវ៉ៃលុកជាលើកទី០២ផងដែរ ព្រោះបើតាមការដកពិសោធន៍នៃប្រវត្តិសាស្ត្រពិភពលោក ករណីរាតត្បាតនៃជំងឺណាមួយ តែងតែមានរលកពី១ ទៅ៣ ខណៈកម្ពុជាយើងទើបបានឆ្លងផុតរលកទី១ប៉ុណ្ណោះ ដោយយើងមានឧទាហរណ៍ប្រទេសសិង្ហបុរីស្រាប់ ដែលបានឆ្លងកាត់រលកទី១ គឺមានសញ្ញាថមថយច្រើន ប៉ុន្តែព្រោះតែការធ្វេសប្រហែស ទើបប្រទេសនេះត្រូវរលកកូវីដ១៩ វ៉ៃលុកជាលើកទី២ ហើយធ្ងន់ធ្ងរជាងមុន។”

ឯកឧត្តមអ្នកនាំពាក្យក៏បានសំណូមពរជាថ្មី គឺសូមប្រជាពលរដ្ឋកម្ពុជាទាំងអស់មេត្តាកុំធ្វេសប្រហែសឱ្យសោះ ដើម្បីការពារខ្លួន ការពារមនុស្សដែលខ្លួនស្រលាញ់ និងប្រទេសជាតិ ហើយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យរបស់ក្រសួងសុខាភិបាល ក៏ដូចជាបទបញ្ជា ឬសេចក្តីណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ។

ដោយ ផែន រតនៈ