រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យ ឯកជន ដើម្បីពិនិត្យ និងពិភាក្សា​លើស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និងវិធានការ​ចាំបាច់​នានា

AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ — ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន​គណៈ​កម្មា​​ធិការ​គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោ​បល់​ជា​មួ​យវិស័យ ឯកជន ដើម្បីពិនិត្យ និងពិភាក្សា​លើ “ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និងវិ​ធាន​ការ​ចាំបាច់​នានា”កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០នាទីស្ដីការក្រសួងសេដ្ឋកិច្ច និង ​ហិរញ្ញវត្ថុ នៅក្នុងបរិបទដែលជំងឺកូវីដ-១៩ ដែលបាននិងកំពុងបន្តរី​ករា​ល​ដា​ល​ក្នុ​ង​តំ​ប​ន់​​និងសកល ។

កិច្ចប្រជុំនេះមាន​ការអញ្ជើញ​​ចូលរួម​ពីធុរជនកម្ពុជា និងបរទេស​សំខាន់ៗ មកពីវិស័​យ​ធនាគារ ឧស្សាហកម្ម ទេសចរណ៍ សំណង់ ឡូជីស្ទីក សហគ្រាសធុនតូច និង មធ្យម វិស័យ​ស្រូវអង្ករ។ល។

ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន​​និងកំពុងគំរាមកំហែងកាន់​តែខ្លាំងឡើងមក​លើ​ដំ​​ណើ​រការ​អាជីវកម្ម​​ក្នុង​វិស័យសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា​ ដោយសារកំណើន​សេដ្ឋកិ​ច្ច​តំ​​បន់ និងសកល មានការថមថយ ជាពិសេស ​​ការធ្លាក់ចុះនៃតម្រូវការក្នុងទីផ្សារខាងក្រៅ កា​រ​បិទការធ្វើដំណើររបស់ប្រទេសក្នុងតំបន់ និង​សាកល​លោក និង ប្រសិ​ទ្ធិភា​ព​នៅ​មា​ន​ក​ម្រិ​តនៃការអនុវត្តនូវវិធានការបង្ការ និង​ទប់ស្កាត់​ការឆ្លងនៃជំងឺកូវីដ-១៩។

ទោះ​បីជា​ស្ថា​ន​ភា​ព​​នៃជំងឺកូវីដនេះមានភាពប្រសើរឡើងវិញជាលំដាប់ រាជរដ្ឋា​ភិបា​ល​​កម្ពុជា បន្តយកចិត្តទុកដាក់ ខ្ពស់ និងគិតគូរប្រកបដោយភាពបុរេសកម្ម​ក្នុង​ការគ្រ​ប់​គ្រ​ងជំ​ងឺ​រាតត្បាតនេះ ព្រមទាំងការកាត់បន្ថយផលប៉ះពាល់ អវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ច ។

ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា រាជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​តែងតែចាត់ទុក វិស័យឯកជនជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង​បង្កើ​តការងារជូនប្រជាពលរដ្ឋកម្ពុជា។

ក្នុងបរិការណ៍ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ រាជរដ្ឋាភិបាល និងវិស័យ​ឯក​ជ​ន​​​​​កំពុងតែប្រឈមនឹងបញ្ហារួម ក្នុងការបន្តលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេ​ដ្ឋកិ​ច្ច​ក​ម្ពុ​ជា​ប្រ​ក​ប​ដោយ​ចីរភាព ឬអាចនិយាយបានថា រាជរដ្ឋាភិបាល និងវិស័យ​ឯក​ជ​ន​កំ​ពុ​ង​ធ្វើ​ដំ​ណើ​រ​ក្នុ​ង​ “ទូកតែមួយ រួមសុខរួមទុក្ខ​ជាមួយគ្នា”។

ក្នុងន័យនេះ ការចូលរួម​ចំណែក​ក្នុង​កា​រ​រំ​លែ​ក​ទុ​ក្ខលំបាក និងដោះ​ស្រាយ​ប​ញ្ហា​ប្រ​ឈមរួ​មចំពោះមុខ និងក្នុងការជួយស្ដារការអភិវឌ្ឍប្រទេស កម្ពុជា ក្នុងអំឡុងពេ​លលំ​បា​ក​នេះ​គឺជា“កត្តាចាំបាច់មិនអាចខ្វះបាន”។

ជាក់ស្ដែង, រាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការអន្តរាគមន៍ចំនួន ០៣ ជុំ រួច​ម​ក​ហើ​យ ដើម្បីគ្រប់គ្រងផលប៉ះពាល់​​នៅ​ក្នុងវិស័យសំខាន់ ៗ ដោយគិតគូរ លើ​គ្រ​ប់​ទិ​ដ្ឋ​ភា​ព​ក្នុ​ង​កា​រ៖ទី ១. ជួយដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអាជីវកម្មដែ​លទ​ទួលរ​ងផ​ល​ប៉ះ​ពា​ល់​ដើម្បី ឱ្យក្រុម ហ៊ុនទាំងនោះអាច​បន្ត​អាជីវកម្មបាន។ ទី ២. ជួយដល់កម្មករ-និយោ​ជិ​ត​ដែ​ល​បាត់បង់ ឬត្រូវព្យួរការងារឱ្យមានលំនឹងជីវភាព, និងទី ៣. ទ្រទ្រង់កំណើន​ ជាពិសេស​ ជួយដល់សហគ្រាសធុនតូចនិងមធ្យមដែល​ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ។

ជារួម,វិស័យឯកជនបានវាយតម្ថៃខ្ពស់ចំពោះវិធានការអន្តរាគមន៍ ដែលរាជរ​ដ្ឋា​ភិ​បា​​ល​កម្ពុជាបានដាក់ចេញកន្លងមក។ ទន្ទឹមនឹងនេះ តំណាងពីធុរជនសំខាន់ៗ ក៏បាន​លើ​ក​ឡើ​ង​អំពីការវាយតម្លៃ​ស្ថានភាព​ធុរកិច្ចបច្ចុប្បន្ននៅកម្ពុជា និងលើកឡើងអំពី​បញ្ហា​ប្រឈម​​ដែ​ល​កំពុងបន្ត​ជួប​ប្រទះក្នុងវិស័យនីមួយៗបន្ថែមទៀត និងបានស្នើជាវិធានការ​ជូន​រាជ​រ​ដ្ឋា​ភិ​បា​ល​ពិចារណាផងដែរ សំដៅចូលរួមចំណែកស្តារ និងជំរុញកំណើន​សេដ្ឋកិច្ចឡើងវិញ ​។ ជាមួយគ្នានេះ វិស័យឯកជនក៏បានសម្ដែងពីឆន្ទៈយ៉ាងមុះមុត និងការអត់ធ្មត់របស់ខ្លួន ក្នុង ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនានា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងពិចារណាលើធាតុចូលទាំងនេះ ដើម្បីរៀ​បចំ​ជា​ក​ញ្ច​ប់​​វិធានការ​អន្តរាគមន៍បន្តបន្ទាប់ទៀត ដើម្បីស្តារ និងជំរុញ​សេដ្ឋកិច្ចកម្ពុជា ។ វិស័​យ​ឯ​ក​ជ​ន​ និ​ង​រាជរដ្ឋាភិបាល ត្រូវបន្តសហការយ៉ាងជិតស្និតក្នុងការត្រៀម កម្លាំងរួចជាស្រេច ក្នុង​កា​រ​ចា​​ប់យកកាលានុវត្តភាព​ថ្មីនានាដែលអាចកើតមានឡើងក្នុងអំឡុងពេល និងក្រោយ វិប​ត្តិ​ជំ​ងឺ​កូ​វីដ-១៩៕

ដោយ គង់ សិរីរ័ត្ន