បទយកការណ៍៖ ផ្លែក្រួចថ្លុងកម្ពុជាអាចទាក់ទាញទីផ្សារបរទេសបានចំនួនពីរដែរ 

AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ — ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ដំណាំក្រូចថ្លុងនៅកម្ពុជា ទាក់ទាញបានទីផ្សារចំនួនពីរ នៅក្រៅប្រទេស ។

យោងតាមសេចក្តីរាយការណ៍ជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ទីផ្សារសម្រាប់ដំណាំក្រួចថ្លុង ដែលកម្ពុជាបានធ្វើការនាំចេញនៅពេលនេះ គឺមានប្រទេសមីយ៉ាន់ម៉ា (ភូមា) និងប្រទេសថៃ ។

មិនមានសេចក្តីលំអិតនៃទំហំ និងតម្លៃនៃការនាំចេញ រួមទាំងក្រុមហ៊ុននាំចេញត្រូវបានបង្ហើបនោះទេ ប៉ុន្តែគេដឹងថា បរិមាណនៃការនាំចេញសរុបនៃផលិតផលដំណាំក្រូចថ្លុង នៅខែមុននេះ គឺប្រមាណជាជាង៤ ០០០ តោនផងដែរ ។

តាមតួលេខដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានទទួល គឺបានបង្ហាញថា នៅខែមេសាកន្លងទៅនេះ កម្ពុជាយើងបាននាំចេញផលិតផលដំណាំក្រួចថ្លុងនេះចំនួន៣ ជើង។

ប្រភពដដែលបានបន្តថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ មានការនាំចេញទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចំនួន ៣០០ តោន ហើយនៅថ្ងៃទី២៤ ខែមេសា គឺបាននាំចេញទៅកាន់ប្រទេសថៃចំនួន ៧៥០តោន បន្ទាប់មកនៅថ្ងៃទី២៧ ខែមេសា ក្រូចថ្លុងរហូតដល់ទៅ៣.០០០ តោន ត្រូវបាននាំចេញទៅកាន់ប្រទេសថៃ។

សូមបញ្ជាក់ថា ក្រូចថ្លុងកម្ពុជាក៏ជាទំនិញកសិកម្មដ៏មានសក្តានុពលមួយសម្រាប់ទីផ្សារ។ ដំណាំនេះត្រូវបានគេដឹងថា អាចដាំបាននៅខេត្តជាច្រើននៅទូទាំងប្រទេស ប៉ុន្តែ មានលក្ខណៈពិសេសជាងគេគឺនៅលើកោះទ្រង់ ក្នុងខេត្តក្រចេះ ។

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសថា ដំណាំក្រូចថ្លុង នៅកោះទ្រង់ខេត្តក្រចេះ គឺជាដំណាំសម្គាល់ភូមិសាស្រ្ត ដូចជាស្ករត្នោតកំពង់ស្ពឺ និងម្រេចកំពតផងដែរ ។

សូមបញ្ជាក់ថា នៅលើកោះទ្រង់បច្ចុប្បន្ន មានប្រជាពលរដ្ឋដាំក្រូចថ្លុងសរុបប្រមាណជាជាង ៣០០គ្រួសារ ដោយកំពុងតែទទួលទិន្នផលប្រចាំឆ្នាំយ៉ាងតិច ១០០ផ្លែ ក្នុងមួយដើម ហើយសព្វថ្ងៃនេះគេដឹងថា ក្រូចថ្លុងនៅទីនោះបានដាំលើសពី ១៣.៧៩០ដើម៕

ដោយ ហេង បញ្ញា