អភិបាលខេត្តក្រចេះ ព្រមានចាត់វិធានការដល់អាជ្ញាធរក្រុង ស្រុកណា ដែលមិនធ្វើការបង្រ្កាបបទល្មើសព្រៃឈើ និងអ្នកសារព័ត៌មានអនាធិបតេយ្យ

AKP  ក្រចេះ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯក ភាពខេត្តក្រចេះ បានធ្វើការព្រមាន និងចាត់វិធានការចំពោះអាជ្ញាធរក្រុង ស្រុកណា ដែលមិន ធ្វើការបង្រ្កាបបទល្មើសព្រៃឈើ និងក្រុមអ្នកសារព័ត៌មានអនាធិបតេយ្យក្នុងដែនសមត្ថកិច្ច របស់ខ្លួន។  

ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើគ្រប់វិស័យប្រចាំខែ មេសា  កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តម វ៉ា ថន បញ្ជាក់ថា តាមអនុសាសន៍របស់ថ្នាក់ដឹកនាំគឺការចុះបង្រ្កាប បទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាព គឺត្រូវពិនិត្យមើលអ្នកដែលនៅកៀកជិតខ្លួនយើង ព្រោះអាចមានអ្នករាយការណ៍ឱ្យក្រុមបទល្មើសក៏ថាបានដឹងជាមុន ហើយបើយើងមិន អាចបង្រ្កាបក្រុមបទ ល្មើសព្រៃឈើនោះបានទេ យើងក៏មិនអាចបង្រ្កាបក្រុមអ្នកសារព័ត៌អនា ធិបតេយ្យនោះបានដែរ។

នៅក្នុងកិច្ចប្រជុំនោះឯកឧត្តមអភិបាលខេត្តក្រចេះ បានព្រមានចាត់វិធានការដល់ អាជ្ញាធរក្រង ស្រុកណា ដែលមិនចេញធ្វើសកម្ម ភាពបង្រ្កាបបទល្មើសព្រៃឈើ និងបានជំរុញឱ្យអាជ្ញាធរក្រុង ស្រុក ត្រូវសហការជាមួយសមត្ថកិច្ច រដ្ឋបាលព្រៃឈើ ធ្វើ ការបោសសម្អាតក្រុមឈ្មួញដឹកជញ្ជូនឈើ និងអនុផលព្រៃឈើ និងបានបញ្ជាដល់គណៈ បញ្ជារការឯកភាពក្រុង ស្រុក ត្រូវបន្តពង្រឹងការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលជាដើម ហេតុបង្កចលាចលក្នុងមូលដ្ឋាន ភូមិ ឃុំ បន្តរឹតបន្តឹង និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយកំណើននៃការស្លាប់ និងភាពអនាធិបតេយ្យនៃការធ្វើចរាចរនៅលើដងផ្លូវ៕

ដោយ ជួន សុជាតិ