ប្រជាពលរដ្ឋនៅខេត្តសៀមរាប​សម្រុក​យក​រថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ខណៈការអនុវត្តច្បាប់ចរាចរណ៍ ដែលមានការផាកពិន័យខ្ពស់ជាងមុនទ្វេដង 

AKP សៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០១ ខែឧសភាស្អែកនេះ  ជាមួយនឹងការផាកពិន័យខ្ពស់ជាង មុន ពោលកម្រិតពិន័យបានកើនឡើងទ្វេដង បើធៀបនឹងការពិន័យចាស់។ ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកនេះ  និងប្រព្រឹត្តិទៅប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់។

លោក ខៀវ ប្រសើរ អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តសៀមរាប​ បាន​ឱ្យ​ដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះថា ប្រជាពលរដ្ឋនៅខេត្ត​សៀមរាប​ដែលមាន​រថយន្តហួសសុពលភាព នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេស បានចាប់ផ្តើមសម្រុកមក បន្តសុពលភាពយ៉ាងច្រើន នៅទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ស្ថិតនៅឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប​ ដែលកាលពីថ្ងៃទី២៩ ខែមេសា មាន​រថយន្តជាង២០០គ្រឿងបានមកបន្តសុពលភាព ហើយនៅថ្ងៃទី៣០ ខែមេសានេះ ក៏មាន​រថយន្តជាច្រើនទៀត បានកំពុងតែសម្រុកមកធ្វើ។ ប៉ុន្តែសម្រាប់​អ្នកមានប័ណ្ណបើកបរហួស សុពលភាពមកប្តូរយកប័ណ្ណថ្មីគឺមិនសូវមាន​នោះទេ។

សូមបញ្ជាក់ថា ក្នុងអនុក្រឹត្យថ្មីស្តីពីការផាកពិន័យក្នុងអំពើល្មើសនឹងច្បាប់ចរាចរណ៍ ផ្លូវគោកបានកំណត់ថា សម្រាប់អ្នកបើកបរដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានឬប្រើវិញ្ញាបនបត្រហួសសុពលភាព សម្រាប់រថយន្តធុនស្រាលត្រូវផាកពិន័យ ១៨ម៉ឺនរៀល និងសម្រាប់រថយន្តធុនធ្ងន់ ត្រូវផាកពិន័យ ៣៧៥០០០រៀល៕

ដោយ ឃុត សៅ