សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួប២១ឆ្នាំនៃការចូលជាសមាជិកអាស៊ាន របស់កម្ពុជា (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០)

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការ​អបអរសាទរខួប២១ឆ្នាំនៃការចូលជាសមាជិកអាស៊ាន របស់ព្រះរាជាណាចក្រកម្ពុជា (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០)។

នៅលើផេកផ្លូវការនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា អបអរសាទរ ខួប២១ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។ ថ្ងៃនេះគឺជាខួប២១ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។ សម្ដេចតេជោបាន​បញ្ជាក់ថា ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩មក កម្ពុជា​បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួល​ខុស​ត្រូវរួម។ សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា  ជាការពិត អាស៊ានបានក្លាយជា​ស្នូល​មួយ​នៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់​ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និង​កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេច​នូវចក្ខុ​វិស័យក្នុងការក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា​ប្រទេស​អភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិ​សុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ៕

ដោយ ជឹម ណារី