គម្រោងកំណាត់ផ្លូវជាតិលេខ ៥ភាគខាងជើង សម្រេចបានជាង ៨០ភាគរយហើយ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — វឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែង៨៤,៧៤គីឡូម៉ែត្រ មកដល់ពេលនេះសម្រេចបាន ៨០,០២ភាគរយហើយ។

យោងតាមប្រភពបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៣ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវ៉េលេខ១) មានប្រវែងសរុប៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងខេត្តបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា។

ប្រភពដដែលបានបន្ដថា ការងារស្ថាបនាត្រូ វបានបែងចែកជា ៣ផ្នែកធំៗ រួមមាន ៖ ទី១-ផ្នែកខាងជើង ,ទី២-ផ្នែកកណ្តាល និងទី៣-ផ្នែកខាងត្បូង ដោយមានការពង្រីកកំណាត់ផ្លូវជាតិ មានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួរច្បារចំកណ្តាល។ បច្ចុប្បន្នការអនុវត្តការងារស្ថាបនា បាននិងកំពុងធ្វើការក្រាលកៅស៊ូជាន់ទី២ នៅលើទីតាំងមួយចំនួន និងទីតាំងមួយចំនួនទៀតបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរ ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ចរាចរណ៍ឆ្លងកាត់។ ថ្នាក់ដឹកនៅតាមមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់យល់ឃើញថា ផ្លូវដែលទើបសាងសង់រួចនេះ មានសភាពល្អ ងាយស្រួលបើកបរ ចំណេញពេលវេលា និងពិសេសផ្តល់ភាពងាយស្រួលក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ ការដឹកជញ្ជូនទំនិញ និងផលិតផលកសិកម្ម ដូចជា ស្រូវ អង្ករ បន្លែ និងផ្លែឈើ។

សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល ចាប់ពីធ្លាម្អម ដល់បាត់ដំបង មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ ទទឹងប្រវែង២៣ម៉ែត្រ ពី២គន្លង ទៅ៤គន្លង ក្រាលកៅស៊ូ AC កម្រាស់១៥សង់ទីម៉ែត្រ សម្រេចបាន ១៤,៥០ភាគរយហើយ។

ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងចាប់ពីព្រែកក្តាមខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៣ រួមមាន ៖ ខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ, ខេត្តកំពង់ឆ្នាំងប្រវែង៩៣,៥៤គីឡូម៉ែត្រ, និងខេត្តពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូAC ចែកជា២គន្លងទៅ ២គន្លងមក គ្រោងរយៈពេលសាងសង់ចំនួន ៤៨ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសាឆ្នាំ២០២០ សម្រេចបាន ២៣,៩០ភាគរយហើយ ៕

ដោយប៉ាល់ សុង