គម្រោងមួយមានដំណើរការល្អ ឬមិនល្អ មិនមែនអាស្រ័យលើក្រុមហ៊ុនម៉ៅការ តែប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើម្ចាស់គម្រោង និង​ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស

AKP ភ្នំពេញ ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២០ — ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការនៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងមួយមានដំណើរការល្អ ឬមិនល្អ មិនមែន អាស្រ័យលើក្រុមហ៊ុនម៉ៅការតែប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើម្ចាស់គម្រោង (អង្គភាព គ្រប់គ្រង និងអង្គភាពអនុវត្តន៍គម្រោង) និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដែលជាកត្តាដ៏ សំខាន់ក្នុងការសម្របសម្រួល និងសហការជាមួយក្រុមហ៊ុនម៉ៅការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យ គម្រោងមានដំណើររលូន និងមានគុណភាពខ្ពស់។

ថ្លែង​ក្នុង​ឱកាសបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស សម្រាប់គម្រោងធ្វើឱ្យប្រសើរ ឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដល់មន្ត្រីវិស្វករវ័យក្មេងរបស់ក្រសួង សាធារណការ និង​ដឹកជញ្ជូន ដែលទទួលភារកិច្ចចុះសម្របសម្រួល និងពិនិត្យលក្ខណៈ បច្ចេកទេសលើគម្រោងនេះ នា​ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និ​ងដឹកជញ្ជូន ឯកឧត្ដម រដ្ឋលេខាធិការប្រចាំ បាន​សម្តែង​នូវក្តីសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាល នេះនឹងផ្ដល់ចំណេះដឹងដ៏មានតម្លៃក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីវិស្វករ ដែលជាសសរស្ដម្ភ និងជាទំពាំងស្នងឫស្សីប្រកបដោយសក្ដានុ​ពល​របស់ប្រទេសជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ការពន្យល់ពីអ្នកជំនាញ ព្រមទាំងលើកទឹកចិត្តឱ្យចូលរួមជា មតិយោបល់ សួរដេញដោលឱ្យបានផុលផុស ដើម្បីស្រាយចម្ងល់សំដៅទទួលបាន ចំណេះដឹងជាក់លាក់ ដើម្បីបម្រើនិងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ផងដែរអំពីប្រវត្តិ សង្ខេបរបស់គម្រោងដូចជា នីតិវិធីដេញថ្លៃក្រុមហ៊ុនម៉ៅការ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស និងការដោះស្រាយផលប៉ះពាល់រហូតដល់គម្រោងមួយចាប់ផ្ដើមដំណើរការជាផ្លូវការ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបំពាក់ បំប៉នចំណេះដឹងថ្មីៗបន្ថែមទៀតដល់មន្ត្រីទាំងនោះ តាមរយៈការផ្តល់បទបង្ហាញពីវាគ្មិន អន្តរជាតិ ដែលមានបទពិសោធន៍យូរឆ្នាំ និង​ជាវេទិកាសម្រាប់ការសួរដេញដោលនូវរាល់ ចម្ងល់ទាំងឡាយដែល​ធ្លាប់បានជួបប្រទះ ខណៈពេលអនុវត្តន៍ជាក់ស្ដែងសំដៅធានាបាន ទំនុកចិត្តខ្ពស់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ៕

ដោយ ទេស ច័ន្ទសុធារី