អាជ្ញាធរខេត្តកំពង់ឆ្នាំងនៅតែប្រុងប្រយ័ត្នខ្ពស់ អំពី​វិធា​ន​ការក្នុងការបង្ការទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩

AKP កំពង់ឆ្នាំង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ហេង ពិទូប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)ខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក យិន សវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និងសហការី និងមន្រ្តីខេត្ត បានបន្តចុះធ្វើសកម្មភាពផ្សព្វផ្សាយនូវវិធានការការពារជំងឺឆ្លងកូវីត-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបងប្អូនដែលមកពីក្រៅស្រុក កាលពីថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២០ ។

ការបន្តចុះធ្វើសកម្មភាពផ្សព្វផ្សាយនូវអំពីវិ​ធានកា​រ ក្នុ​ង​កា​របង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្វើនៅទីតាំងសាធារណៈ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើ​ម្បី​​ទប់ស្កាត់កា​ររីករាល​ដាល មកលើប្រជាពលរដ្ឋ ក្រុ​មគ្រួសា​រ ​សហគមន៍ និងបងប្អូនវិលត្រឡប់មកពីក្រៅស្រុក ។

ឯកឧត្តម ហេង ពិទូ បានមានប្រសាសន៍ថា ការទប់ស្កាត់និងការបង្ការ ជាលក្ខណៈល្អប្រសើរជាងការផ្ទុះជំងឺជាទ្រង់ទ្រាយធំ។ ដោយ​ត្រូវ​អ​នុ​វ​ត្តន៍វិធាន​ការ​ចាំ​បាច់មួយចំនួន ដូចជា ត្រូវលា​ងដៃ​ឱ្យ​បា​ន​ស្អា​ត​ជា​មួយសាប៊ូ និងទឹក​ស្អាត ​ឬអា​ល់កុ​ល​លា​ងដៃឱ្យបានញឹកញាប់ ត្រូវខ្ទប់មាត់​ និងច្រមុះនៅ​ពេល​ក្អ​ក​ ឬកណ្ដាស់ ដោយប្រើ​កែងដៃ ឬ​ក្រ​ដា​​សអនាម័យ រួចបោះចោលក្នុងធុងសំរាម ហើយគ្របឱ្យជិត ។ ​ប​ន្ទា​ប់​​​មកត្រូ​វលាង​ដៃឱ្យ​បា​ន​ស្អាតជាមួយសាប៊ូ និងទឹកស្អាត ត្រូវនៅឱ្យឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅ ក្អកកណ្ដាស់ ឬផ្ដា​សា​យ​ ត្រូវចៀសវាងការជួបជុំដែលមានមនុស្សចូលរួមច្រើន។

ឯកឧត្តមបានបន្តទៀតថា ចំពោះប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីក្រៅប្រទេសវិញ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ពីក្រុមគ្រួសារ ឬសាច់ញាតិ ក្នុងករណី​មានរោ​គស​ញ្ញា​ណា​មួ​យ ​ឬ​មា​ន​បញ្ហាសុខភាពផ្សេងៗ សូមទំនាក់ទំនងទៅទូរស័ព្ទលេខ ១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោ​កអ្ន​កបំផុត។

ឯកឧត្តមបានឱ្យដឹងទៀតថា អាជ្ញាធរខេត្ត បានចាត់វិធានកាយ៉ាងម៉ឺងមាត់ ដល់កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញ ឱ្យសាមគ្គី សហការ ត្រៀមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងឱ្យអាជ្ញាធរក្រុង ស្រុកត្រូវពិនិ ត្យមើលកម្មករ​ និងប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅស្រុក ត្រូវស្រង់ទិន្នន័យឱ្យច្បាស់លាស់ អប់រំផ្សព្វផ្សាយ ណែនាំឱ្យយល់ពីអនាម័យដែលត្រូវរួមគ្នាការពារ មិនឱ្យរាលដាលឆ្លង ឱ្យពួកគាត់នៅដាច់ដោយឡែក១៤ថ្ងៃសិន តាមដានសុខភាព មានលក្ខណៈមិនស្រួលត្រូវជួបពេទ្យធ្វើតេស្តសុខភាពបន្ទាន់ ។ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបានចាក់សារជាសំឡេងតាមមេក្រូ និងចែកខិតប័ណ្ណ បិទសារអប់រំនៅតាមស្ថាប័ន និងកន្លែងធ្វើដំណើរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋចេះធ្វើអនាម័យ និងដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ថ្មីនេះ៕

ដោយ បៃ ស៊ីថុន