សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់នៅស្រុកវ៉ារិន

AKP សៀមរាប ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២០ — នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក្ត ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង-ទៀ សីហា អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចុះចែកអំណោយដល់គ្រួសាររងគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ស្លាប់ចំនួន ១៦គ្រួសារ នៅក្នុងឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ដែលពិធីចែកអំណោយនោះបានប្រព្រឹត្តទៅនៅបរិវេណសាលាឃុំវ៉ារិន។

អំណោយដែលគេបានចែកជូននៅពេលនោះក្នុងមួយគ្រួសារៗទទួលបាន ឃីត១កញ្ចប់ ដែលក្នុងនោះមានកន្ទេល១ អាវយឺត២ មី១កេស ត្រីខកំប៉ុង១យួរ អង្ករ៣០គីឡូក្រាម។ សម្រាប់គ្រួសាររលំផ្ទះ ទទួលបានបន្ថែមនូវស័ង្កសី ១៦សន្លឹក និងថវិកា២០ម៉ឺនរៀល គ្រួសាររបើកដំបូលផ្ទះទទួលបានស័ង្កសី១០សន្លឹក និងគ្រួសាររន្ទះបាញ់ស្លាប់ បន្ថែមថវិកា ១លានរៀល។

មានមតិសំណេះសំណាលជាមួយបងប្អូនគ្រួសាររងគ្រោះនាឱកាសនោះ លោកជំទាវ ទាង អេង-ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុក ដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកជំទាវក៏បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ រហូតដល់មានការបាត់បង់អាយុជីវិតសមាជិកគ្រួសារទៀត ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។ លោកជំទាវបញ្ជាក់ថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា”។

ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវ ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩ ដោយមេត្តាកុំឱ្យមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ។ ជាមួយគ្នានេះក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “ របៀបលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ-១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩” ផងដែរ។

នៅថ្ងៃដដែលនោះដែរ លោកជំទាវ ទាង អេង -ទៀ សីហា រួមទាំងគណៈប្រតិភូគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ ចាស់ព្រឹទ្ធាចារ្យ ទួន ទេស អតីតមន្ត្រីសាខាកាក បាទក្រហមកម្ពុជាខេត្តសៀមរាប ដែលមានព្រះជន្ម ៩៤ឆ្នាំ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។ ព្រមទាំងបានធ្វើការសំណេះសំណាល និងបានទទួលនូវដំបូន្មានល្អៗមួយចំនួនពីលោកព្រឹទ្ធាចារ្យ ព្រមទាំងពីជីវប្រវត្តិនៃឥស្សរជន ក្នុងការដឹកនាំខេត្តសៀមរាបទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយ ផ្តល់ជូនដល់លោកចាស់ព្រឹទ្ធា ចារ្យ នូវឃីត១កញ្ចប់ និងថវិកា ២លានរៀល ដើមី្បជួយក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់លោកព្រឹទ្ធាចារ្យ ផងដែរ៕

ដោយហង្ស សៀក